នៅក្នុងផ្ទះ ១ខ្នង មានពែងតែដ៏ល្អប្រណីត និងមានតម្លៃបំផុតមួយ ជាពែងបុរាណ ដែលផលិតឡើងពីដីឥដ្ឋ ប្រភេទពិសេសបំផុត ហើយត្រូវបានម្ចាស់វាទុកដាក់រក្សា នៅលើក្បាលគ្រែ យ៉ាងប្រុងប្រយ័ត្ន និងថ្នាក់ថ្នមបំផុត។
លុះមកដល់រាត្រីមួយ ដោយក្ដីធ្វេសប្រហែស និងមិនបានប្រុងប្រយ័ត្ន ដៃរបស់កំលោះម្ចាស់ផ្ទះ ក៏គ្រវាសទៅប៉ះនឹងគម្របពែងតែ ដ៏មានតម្លៃនោះ ជ្រុះទៅលើកម្រាលឥដ្ឋ…គេទាំងខឹង ទាំងមួម៉ៅ និងសោកស្ដាយ។ នៅពេលគិតថា គម្របពែងតែដ៏ល្អប្រណីតនោះ បានបែកខ្ទេចអស់ទៅហើយ ដូច្នេះមិនដឹងជា ខំរក្សាទុកពែងតែនោះទុកមើល នាំតែឈឺចិត្តធ្វើអីទៀតទេ!!
គិតឃើញដូច្នោះហើយ ក៏ចាប់ពែងតែប្រណីតនោះ គប់ចេញទៅក្រៅបង្អួច…
…តែនៅពេលព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក ក្រោកចេញពីគ្រែ បែរជាប្រទះឃើញគម្របពែងតែ ដែលជ្រុះកាលពីយប់មិញ ទើរនៅលើស្បែកជើងក្រណាត់ ១គូនៅក្បែរគ្រែ គ្មានបែកបាក់ ឬប្រះខូចអ្វីទាំងអស់…
…តែ ពែងតែ គេបានគប់វាចោលបាត់ទៅហើយ…នឹកឃើញហើយ រឹតតែឈឺចិត្ត ក៏ជាន់កម្ទេចគម្របពែងតែនោះ រហូតបែកខ្ទេចខ្ទីអស់ទៅ។
លុះថ្ងៃបន្តិច ពេលគេដើរចេញពីផ្ទះ ក៏ស្រាប់តែប្រទះឃើញពែងតែ ដែលគេគប់ចោល កាលពីយប់មិញនោះ នៅទើរលើដើមផ្កា ១គុម្ព និងគ្មានខូចខាត ឬបាក់បែកអ្វីឡើយ សូម្បីតែបន្តិច!
និទានរឿងនេះ ប្រាប់ឱ្យយើងដឹងថា រឿងខ្លះ បើសិនជាយើងចេះអត់ធ្មត់តែបន្តិច រង់ចាំមើលតែបន្តិច គិតត្រិះរិះតែមួយភ្លែត ពិចារណាដោយហេតុផលតែបន្តិច ឬសង្កេតមើលឱ្យបានល្អិតល្អន់ជាមុនសិន វាអាចនឹងមិនបានក្លាយទៅជាអ្វី ដូចដែលយើងគិត ក៏អាចថាបានដែរ…
ការធ្វើអ្វីដោយមិនបានគិតមុខគិតក្រោយ ឬចិត្តក្ដៅជ្រុលហួសហេតុពេក វាប្រៀបដូចជាបិសាចកំណាចដូច្នោះដែរ ដូច្នេះ ចូររៀនហ្វឹកហាត់ ធ្វើចិត្តឱ្យត្រជាក់ឡើងបន្តិច ព្រោះវាជាវិធីប្រតិបត្តិរបស់មនុស្សឆ្លាត…៕