Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ មូលហេតុ ៥យ៉ាង របស់ការលែងលះ

បើសេចក្តីស្នេហារបស់អ្នក ចាប់ផ្តើមឡើងយ៉ាងស្រស់ស្អាត រៀបការនឹងគ្នា និងរស់នៅជាមួយគ្នាយ៉ាងរីករាយល្អូកល្អឹន តែបច្ចុប្បន្ន បែរជាកំពុងជិតបញ្ចប់ទៅវិញដោយការលែងលះនោះ ខាងក្រោមនេះ គឺជាមូលហេតុសំខាន់ៗ ដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបរាជ័យ…

១-ការផឹតក្បត់

រឿងដំបូងគេ ប្រហែលជាគេចមិនផុតពីការផឹតក្បត់នេះទេ។ ការដែលមនុស្សម្នាក់ ចែកបេះដូងទៅឱ្យមនុស្សម្នាក់ទៀត នៅពេលវាទៅជាដូច្នោះ ប្រាកដណាស់ថា សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ បានថយចុះហើយ ឬសឹងតែគ្មាននៅសល់តែម្តង ក៏អាចថាបានដែរ។ វាធ្វើឱ្យសេចក្តីស្នេហា ដែលតឱ្យអ្នកខំនាំគ្នាកសាងមកយូរយារប៉ុនណាក៏ដោយ ក៏ត្រូវតែដួលរលំខ្ទេចខ្ទីអស់ដែរ ទោះជាមានហេតុផល និងភាពចាំបាច់ណាមួយ ចំពោះការផឹតក្បត់នេះ ឬអត់ក៏ដោយ។

២-ភាពខុសគ្នាខាងចរិត និងចិត្តគំនិត

ចាប់ផ្តើមស្នេហាដំបូង អ្នកអាចនឹងខំតាំងចិត្តកែសម្រួលខ្លួន កែសម្រួលស្ថានភាពរបស់ខ្លួន កែសម្រួលទស្សនគតិឱ្យដូចគ្នា ឱ្យចូលគ្នា ដើម្បីឱ្យជីវិតគូរបស់អ្នក អាចចូលគ្នាបាន និងទៅមុខជាមួយគ្នា ឱ្យបានល្អ តែបើសិនជាការកែសម្រួលខ្លួនទាំងនោះ ធ្វើឡើងដោយការបង្ខំចិត្តខ្លួនឯងវិញនោះ ថ្ងៃណាមួយចរិតពិត ឬចិត្តគំនិតដែលជារបស់អ្នកពិតប្រាកដនោះ វានឹងត្រឡប់មកវិញ ហើយនៅពេលនោះឯង ទោះជាអ្នកទាំង២ កំពុងគិតពីរឿងអ្វីមួយ ទោះតូច ឬធំក៏ដោយ ក៏វានឹងក្លាយជារឿង ដែលអ្នកទាំង២ យល់ខុសពីគ្នាយ៉ាងស្រឡះតែម្តង។

៣-រឿងលុយកាក់

ព្រោះតែលុយកាក់ វាមានន័យពីការដែលត្រូវចាយវាយ លើការរស់នៅប្រចាំថ្ងៃ ដូច្នេះ បើលុយកាក់ក្លាយជាបញ្ហារបស់គូស្នេហ៍របស់អ្នកនៅពេលណាមួយនោះ ប្រហែលមិនមែនជារឿងពិបាកឡើយ ដែលវានឹងធ្វើឱ្យអ្នកទាំង២ មិនត្រូវចិត្តគ្នា។ អាចដោយសារតែរឿង ដែលខាងណាម្នាក់ មិនខំរកប្រាក់ដើម្បីចំណាយចាយវាយ ធ្វើឱ្យអ្នកម្ខាងទៀត ត្រូវពិបាកខំប្រឹងប្រែងប្រវេប្រវា រកលុយតែម្នាក់ឯង ឬខាងណាម្នាក់ ធ្លាប់ជាអ្នកមានបានពីមុន តែដល់ថ្ងៃដែលប្រាក់ចាប់ផ្តើមស្រកចុះជាបណ្តើរៗនោះ វាប្រៀបដូចជាក្តីស្នេហា ក៏ស្រកអស់ទៅតាមនោះអ៊ីចឹងដែរ។

៤-ខ្វះការទំនាក់ទំនង ពិភាក្សាគ្នា

ការទំនាក់ទំនង ឆ្លើយឆ្លង និងពិភាក្សាគ្នា គឺជាកូនសោសំខាន់សម្រាប់សម្ព័ន្ធភាពរបស់គូស្នេហ៍។ ការខ្វះការទំនាក់ទំនង ឆ្លើយឆ្លង និងខ្វះការពិភាក្សាដ៏ស័ក្តិសមត្រឹមត្រូវ អាចនាំទៅរកការចុះខ្សោយនៃសម្ព័ន្ធភាពស្នេហ៍រវាងអ្នកទាំង២ និងជាមូលហេតុមួយ ដែលធ្វើឱ្យកើតមានការយល់ច្រឡំបាន។ បើសិនជាគូស្នេហ៍ណា គ្មាន ឬខ្វះការទំនាក់ទំនងឆ្លើយឆ្លង និងពិភាក្សាគ្នា យ៉ាងមានប្រសិទ្ធភាពនោះ ពួកគេអាចនឹងចាប់ផ្តើមបែរខ្នង ដើរចេញពីគ្នា និងអាចមានការគិតដល់រឿងការលែងលះគ្នាទៀតផង។

៥-គោលដៅក្នុងជីវិតមិនដូចគ្នា

គោលដៅក្នុងជីវិតរបស់គូស្វាមីភរិយាដែលមិនដូចគ្នា អាចនឹងនាំមកនូវភាពទាស់ទែងបានយ៉ាងងាយ។ ភរិយាចង់ឱ្យស្វាមី ជួយការងារផ្ទះ និងជួយមើលថែទាំចិញ្ចឹមកូន តែស្វាមីបែរជាមើលឃើញថា រឿងនោះជាតួនាទីរបស់ភរិយា។ នៅពេលម្នាក់ៗនឹកសង្ឃឹម ឱ្យតែគេកែសម្រួលខ្លួន ហើយបើនៅទីបំផុត គ្មាននរណាម្នាក់សុខចិត្តលះបង់ ឬគិតតែពីសម្លឹងមើលថា អ្នកម្ខាងទៀតអត្មានិយមនោះ នឹងធ្វើឱ្យកើតការឈ្លោះទាស់ទែងគ្នាបានយ៉ាងងាយ។ សម្ព័ន្ធភាពស្វាមី-ភរិយា អាចនឹងរង្គោះរង្គើបាន។

ដូច្នេះ គូស្នេហ៍ណា ដែលនៅចង់ឱ្យសេចក្តីស្នេហាស្រស់ស្អាត ដូចដែលធ្លាប់ស្រមៃទុកតាំងពីដំបូងនោះ ក៏សុំឱ្យប្រើសតិបញ្ញាស្មារតី ប្រើប្រាស់សេចក្តីស្នេហា ឱ្យដូចកាលពីពេលជួបគ្នាដំបូង ឱ្យដូចថ្ងៃដែលធ្លាប់បានសន្យានឹងគ្នា ដើម្បីឱ្យសេចក្តីស្នេហារបស់អ្នក គង់វង្សស្ថិតស្ថេរបានយូរអង្វែង មិនកើតការលែងលះ ជាចំណុចបញ្ចប់របស់អ្នកទាំង២៕

×