Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ មាន​១០​ជំពូក ចែកចេញ​ជា​៣៨​មាត្រា ជា​ការរៀបចំ​ជា​ថ្មី យកទៅ​អនុវត្ត​ជំនួស​ច្បាប់​ស្តីពី​សញ្ជាតិ​ចាស់​

​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ បាន​បើក​កិច្ចប្រជុំ ផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ មាន​១០​ជំពូក ចែកចេញ​ជា​៣៨​មាត្រា ជា​ការរៀបចំ​ជា​ថ្មី​ដែល​នឹង​ត្រូវ​យកទៅ​អនុវត្ត​ជំនួស​ច្បាប់​ស្តីពី​សញ្ជាតិ​(​ចាស់​) ត្រូវបាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ សម្រេច​ប្រគល់​ឱ្យ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ ។​

​លោក ហ៊ុន ណេង បាន​មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់​ថ្មី​នេះ ត្រូវបាន​តាក់តែងឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​បី​៖ ទីមួយ រក្សាទុក​នូវ​បទ​ប្បញ្ញត្តិ ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ដែល​មាន​លក្ខណៈ​សមស្រប​ក្នុង​ការអនុវត្ត ទី​ពីរ កែសម្រួល​ឬ​លុបចោល​នូវ​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល លែង​មាន​លក្ខណៈ​សមស្រប​ក្នុង​ការអនុវត្ត និង​ទី​បី បន្ថែម​បទ​ប្បញ្ញត្តិ​ថ្មី​ឱ្យ​ស្រប​តាម​ការវិវត្ត​ផែ្ន​ក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ពង្រឹង​ការ គ្រប់គ្រង​កិច្ចការ​សញ្ជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សំដៅ​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ការពារ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ​។​

​លោក ហ៊ុន ណេង បាន​មានប្រសាសន៍​បន្ត​ថា កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ទី​៤​នាពេលនេះ គឺជា​កិច្ចប្រជុំ​ផ្ទៃក្នុង ដោយ​គ្រាន់តែ​ធ្វើការ​កែសម្រួល ខ្លឹមសារ និង​ពាក្យពេចន៍​ខ្លះ ហើយ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ រួមជាមួយ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា នឹង​អញ្ជើញ​តំណាង​រាជរដ្ឋាភិបាល​មក​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លម្អិត​បន្ថែមទៀត មុននឹង​បញ្ជូន​សេចក្តីព្រាង ច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×