Cierny Balog ជាទីក្រុងតូចមួយរបស់ស្លូវ៉ាគី ដែលមានប្រជាជនប្រហែល ៥,១០០ នាក់ បានក្លាយទៅជាកន្លែងទេសចរណ៍មួយ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះកីឡដ្ឋានបាល់ទាត់របស់ខ្លួន ដែលពោរពេញទៅដោយឆ្លងភ្លើងឆ្លងកាត់ទៅមក។
ក្នុងឆ្នាំ២០១៥ វីដេអូនៃរថភ្លើងចំហាយទឹកឆ្លងកាត់ពហុកីឡដ្ឋាន នៅលើផ្លូវដែកដែលដាក់នៅចន្លោះទីលាន និងកន្លែងអង្គុយទស្សនាតែមួយគត់ បានរីករាលដាលនៅលើអ៊ីនធឺណិត ធ្វើឱ្យមនុស្សជាច្រើនឃើញហើយគ្រវីក្បាល។
កីឡដ្ឋាន Cierny Balog ត្រូវបានសាងសង់ឡើងក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលផ្លូវរថភ្លើងចាស់មិនប្រើប្រាស់ទៀតទេ។ គេក៏មិនច្បាស់ទេថា ហេតុអ្វីបានជាសាលាក្រុងជ្រើសរើសទីតាំងនេះ ដើម្បីសាងសង់កីឡដ្ឋានបាល់ទាត់ ប៉ុន្តែអស់រយៈពេលមួយទសវត្សរ៍ពេញ ផ្លូវរថភ្លើងឆ្លងកាត់វា គឺគ្រាន់តែជាផ្នែកនៃការតុបតែងប៉ុណ្ណោះ។ តែទោះជាយ៉ាងណា អ្វីៗបានផ្លាស់ប្តូរនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលក្រុមអ្នកចូលចិត្តស្លូវ៉ាគី ចាប់ផ្តើមជួសជុលផ្លូវរថភ្លើង។ នៅឆ្នាំ១៩៩២ វាត្រូវបានបើកឡើងវិញជាផ្លូវការជាផ្លូវរថភ្លើងបេតិកភណ្ឌសម្រាប់អ្នកទេសចរ។
ក្នុងរដូវក្តៅ អ្នកទេសចរចង់គយគន់សម្រស់ភ្នំ Lower Tatras ពីលើរថភ្លើង ដែលអាចទិញសំបុត្រសម្រាប់រថភ្លើងប្រើម៉ាស៊ីនចំហាយទឹកដែលរត់លើខ្សែប្រវែង ១៧ គីឡូម៉ែត្រ រវាង Chvatimech និង Vydrovo ។ ការឆ្លងកាត់ពហុកីឡដ្ឋាន Cierny Balog គឺជាចំណុចលេចធ្លោមួយនៃការធ្វើដំណើរ។
ការឃើញរថភ្លើងចំហុយរំកិលចូលក្នុងទីលានកីឡាដ្ឋានក្នុងពេលប្រកួតបាល់ទាត់គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ក្រុមអ្នកលេងបានព្យាយាមព្រងើយកន្តើយនឹងរថភ្លើង និងសញ្ញាផ្លុំកញ្ចែដ៏មានអានុភាពរបស់វា ខណៈពេលដែលអ្នកទស្សនាខ្លះគ្រវីដៃទៅកាន់រថភ្លើង រីឯខណៈដែលអ្នកផ្សេងទៀតព្យាយាមរក្សាការផ្តោតអារម្មណ៍លើការប្រកួត។
ទន្ទឹមនឹងនេះផងដែរ ក្លឹបកីឡាបាល់ទាត់ស្ម័គ្រចិត្តស្លូវ៉ាគី TJ Tatran Cierny Balog ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានកីឡដ្ឋានដ៏ប្លែកបំផុតមួយក្នុងពិភពលោក មានផ្លូវរថភ្លើងម៉ាស៊ីនចំហាយទឹក រត់កាត់ទូទាំងរដូវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





