មានទៀន ៤ដើម កំពុងតែជិតរលត់…
បរិយាកាសនៅក្នុងបន្ទប់ ស្ងាត់ជ្រងំ រហូតបានឮសំឡេងទៀនទាំង ៤ដើម ជជែកគ្នា…
ទៀនទី១ ពោលឡើងថា «ពិភពលោកយើង គិតតែពីប្រយុទ្ធតតាំងគ្នា ដណ្ដើមយកឈ្នះ យកចាញ់គ្នា មនុស្សគិតតែពីបៀតបៀនគ្នា គ្មានអ្នកណា គិតមកកាពារខ្ញុំសោះ…ក្នុងឋានៈខ្ញុំ ជាទៀននៃសន្តិភាព ខ្ញុំប្រហែលជាត្រូវឃ្លាតចាកចេញទៅហើយ» រួចហើយ ទៀនដើមទី១នេះ ក៏រលត់ភ្លឹបទៅ។
ទៀនដើមទី២ និយាយឡើងថា «ចំណែកខ្ញុំ គឺទៀននៃភាពជឿទុកចិត្ត ខ្ញុំប្រហែលជាលែងមានប្រយោជន៍តទៅទៀតហើយ ព្រោះសព្វថ្ងៃនេះ មនុស្សលែងមានភាពជឿទុកចិត្តលើគ្នាអស់ហើយ» បន្ទាប់ពីនោះ ខ្សែវាយោដ៏ស្រាលៗ ក៏បក់ផាត់ភ្លើងទៀនទី២ រលត់ទៅ។
ទៀនទី៣ រៀបរាប់ថា «ចំណែកខ្ញុំ គឺ ទៀននៃសេចក្ដីស្រឡាញ់ តែសព្វថ្ងៃនេះ មនុស្សម្នាទាំងឡាយ បែរជានាំគ្នាដកសេចក្ដីស្រឡាញ់ចេញពីក្នុងចិត្ត លែងមានសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ប្រគល់ឱ្យគ្នាអស់ហើយ មានតែភាពអាត្មានិយម និងគ្មានអ្នកណាយល់ពីភាពសំខាន់របស់ខ្ញុំទៀតទេ…ខ្ញុំលែងមានកម្លាំងគ្រប់គ្រាន់ ក្នុងការបំភ្លឺផ្លូវតទៅទៀតហើយ លាសិនហើយ…» រួចហើយ ទៀនទី៣ ក៏រលត់ទៅ។
តែ មិនទាន់ទៀនទី៤ បានហាមាត់ពោលឡើងផង ក៏មានក្មេងស្រីម្នាក់ បើកទ្វារបន្ទប់ ចូលមក…ពេលឃើញទៀន ៣ដើម រលត់អស់ ក្មេងស្រីម្នាក់នោះ ក៏ស្រែកទ្រហោយំឡើង…ទៀនទី៤ ក៏ពោលឡើងថា៖
«កុំសោកស្ដាយធ្វើអ្វី ខ្ញុំគឺជាទៀននៃសេចក្ដីសង្ឃឹម ហើយខ្ញុំកំពុងនៅបញ្ចេញពន្លឺនៅឡើយ ដូច្នេះ ចូរយកខ្ញុំ ទៅអុចទៀនទាំង ៣ដើមនោះឡើងវិញទៅ…»
នៅពេលក្មេងស្រី យកទៀននៃក្ដីសង្ឃឹម ទៅអុចទៀនទាំង ៣ដើមនោះហើយ ទៀននៃសន្តិភាព ទៀននៃភាពជឿទុកចិត្ត និងទៀននៃសេចក្ដីស្រឡាញ់ ក៏មានពន្លឺឡើងវិញ…
…ព្រោះសេចក្ដីសង្ឃឹម ធ្វើឱ្យជីវិតនៅតែមានន័យ…ព្រោះសេចក្ដីសង្ឃឹមធ្វើឱ្យអ្នកជំងឺ អ្នកពិការ នៅតែខំប្រឹងតស៊ូ ដើម្បីមានជីវិតរស់នៅបន្តទៀត…ព្រោះសេចក្ដីសង្ឃឹម ធ្វើឱ្យមនុស្សដែលកំពុងប្រឈមនឹងព្យុះនៃបញ្ហា មានកម្លាំងចិត្ត ងើបឈរឡើងយ៉ាងរឹងមាំបាន…។
ដូច្នេះ នៅពេលណាក៏ដោយ ដែលមាននរណាម្នាក់ មករៀបរាប់ប្រាប់ពីសេចក្ដីសង្ឃឹមរបស់គេ ឱ្យយើងស្ដាប់ សូមឱ្យដឹងចុះថា ទាំងអស់នោះ អាចនឹងប្រៀបដូចជាទៀន ១ដើមចុងក្រោយ និងអាចជាសេចក្ដីសង្ឃឹម ដ៏មានតម្លៃបំផុតរបស់គេ ហើយតួនាទីរបស់យើងគឺ មិនថាយើងអាចជួយបាន ឬជួយមិនបានក៏ដោយ តែ ចូរកុំពន្លត់សេចក្ដីសង្ឃឹម ឬក្ដីសុបិនរបស់អ្នកណាម្នាក់ឱ្យសោះ។ សូមមេត្តាជួយគ្នា ថែរក្សាសេចក្ដីសង្ឃឹមរបស់មនុស្សទាំងអស់ ដែលអ្នកស្គាល់ ព្រោះទាំងអស់នោះ វាអាចជាសេចក្ដីសង្ឃឹមចុងក្រោយរបស់មនុស្សម្នាក់ និងមនុស្សជាច្រើនទៀតដែលនៅជុំវិញរូបគេ…«ចូរធ្វើជាសេចក្ដីសង្ឃឹម និងកម្លាំងចិត្តចំពោះមនុស្សដែលយើងស្រឡាញ់ និងមនុស្សជុំវិញខ្លួនយើងជាប់ជានិច្ច»៕