Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុង​ការស្នើ​សុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ​

ភ្នំពេញ​៖ ​ជាមួយ​នឹង​កំណើន​លូតលាស់​ដ៏​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច​កម្ពុជា យើង​សង្កេតឃើញថា វិស័យ​ធនាគារ​ក៏​មាន​ភាព​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ ក្នុងនោះដែរ ឥណទាន​គេហដ្ឋាន គឺ​ជា​ផលិតផល​ធនាគារ​ដ៏​លេចធ្លោរ និង​ជោគជ័យ​មួយ សម្រាប់​ធនាគារ​ជាច្រើន ដោយសារ​តម្រូវការ​ទីផ្សារ​កើនឡើង​ឥតឈប់ឈរ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវការ​គេហដ្ឋាន​ផ្ទាល់ខ្លួន​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ CIMB ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​។

យ៉ាងណាមិញ មាន​ពលរដ្ឋ​មួយចំនួន​នៅ​មាន​ចម្ងល់​ខ្លះៗ ពី​ឥណទាន​គេហដ្ឋាន ដូចជា​ដំណើរ​ការស្នើសុំ​ឥណទាន អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​តម្រូវ​ជាដើម​។ ដើម្បី​យល់ដឹង​កាន់តែច្បាស់ យើង​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​អ្នករាយការណ៍​៖ សូម​ជម្រាប​សួរ​លោក​ស្រី ហេង ធីតា ដែល​បាន​ផ្តល់​កិត្តិយស សម្រាប់​ការ​ផ្តល់​បទសម្ភាសន៍​នាពេលនេះ​! ជាបឋម សូម​លោក​ស្រី​ជួយ​ពន្យល់ និង​រៀបរាប់​ដោយ​សង្ខេប អំពី​ឥណទាន​គេហដ្ឋាន​!

លោកស្រី ធីតា​៖ ចាស៎​! បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ឥណទាន​គេហដ្ឋាន គឺ​ជា​ផលិតផល​ធនាគារ​មួយ​ប្រភេទ ដែល​ជួយ​ឲ្យ​អតិថិជន ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ជា​មុន សម្រាប់​យក​ទៅ​ទិញ​លំនៅស្ថាន​ណាមួយ ដោយ​មិន​ចាំបាច់​រង់ចាំ​ការ​សន្សំ​រាប់​ឆ្នាំ​នោះ​ឡើយ​។ ឧទាហរណ៍​ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​ចង់​បាន​ផ្ទះ​សមរម្យ​មួយ សម្រាប់​កសាង​អនាគត​គ្រួសារ ប៉ុន្តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ផ្ទះ​នោះ​ភ្លាមៗ ដូច្នេះ​ឥណទាន​គេហដ្ឋាន គឺជា​ដំណោះស្រាយ​ហិរញ្ញ​វត្ថុ​ដ៏​វ័យឆ្លាត​មួយ នៅក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេ នា​ដំណាក់កាល​នេះ​។ ក្រៅពីនេះ ឥណទាន​គេហដ្ឋាន​ក៏​ផ្តល់​ឲ្យ​អតិថិជន ដើម្បី​ទិញ​ផ្ទះ​បន្ត​ពី​គេ សម្រាប់​ការវិនិយោគ​ផងដែរ​។​

​អ្នករាយការណ៍​៖ តើ​ធនាគារ CIMB មាន​ចំណុច​អ្វី​ពិសេស ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈាន​មុខ​គេ​មួយ ក្នុង​ការ​ផ្តល់​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន​?

លោកស្រី ធីតា​៖ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​មាន​វត្តមាន​នៅ​ជុំវិញ​តំបន់​អាស៊ាន ធនាគារ CIMB បាន​នាំ​យក​បទពិសោធន៍​ជោគជ័យ ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល ជាមួយនឹង​ផលិតផល​ឥណទាន ដែល​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មកកាន់​ប្រទេស​កម្ពុជា​។ យើង​ដឹង​ច្បាស់​ថា អតិថិជន​ជា​រឿយៗ​បារម្ភ​ពី​កម្ចី​រយៈពេល​យូរ ហើយ​វា​អាច​ចោទ​ជា​បញ្ហា ទៅ​ដល់​គ្រួសារ​របស់​ពួកគេ បើសិនជា​មាន​រឿង​អ្វី​កើតឡើង ចំពោះ​ពួកគេ ដែល​ជា​បង្គោលគ្រួសារ​។ ដូច្នេះហើយ ក្នុង​ឆ្នាំ​២០១៧ ធនាគារ CIMB បាន​ក្លាយ​ជា​ធនាគារ​ដំបូង​គេ​តែមួយគត់ ដែល​បាន​បង្កើត​នូវ​ឥណទាន​គេហដ្ឋាន​មួយ​ប្រភេទ ភ្ជាប់​មក​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដោយ​ឥតគិតថ្លៃ រហូតដល់ ៥​ម៉ឺន​ដុល្លារ ដើម្បី​ការពារ​អនាគត​គ្រួសារ​ជាទី​ស្រឡាញ់រ​បស់​អតិថិជន​។ មិនតែប៉ុណ្ណោះ HomePro របស់​ធនាគារ CIMB មាន​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ត្រឹមតែ ៧,៩៩​ភាគរយ ក្នុង​មួយ​ឆ្នាំ ទំហំ​ឥណទាន​រហូតដល់​៨០​ភាគរយ នៃ​តម្លៃ​គេហដ្ឋាន និង​រយៈពេល​ឥណទាន​រហូតដល់ ២០​ឆ្នាំ​ទៀត​ផង​។​

​អ្នករាយការណ៍​៖ តើ​ចំនួន​ប្រាក់ខែ​ប៉ុន្មាន​ទើប​សមរម្យ សម្រាប់​ស្នើសុំ​ឥណទាន​គេហដ្ឋាន​?

លោកស្រី ធីតា​៖ តាមពិតទៅ ពុំ​មាន​ការកំណត់​ជាក់លាក់ សម្រាប់​ប្រាក់ចំណូល ឬ​ប្រាក់​ខែ​របស់​អ្នកស្នើសុំ​ឥណទាន​នោះទេ​។ ធនាគារ CIMB សូម​ណែនាំ​ឲ្យ​អតិថិជន​ស្នើសុំ​ឥណទាន ក្នុង​ទំហំ​សមស្រប​មួយ ផ្អែក​លើ​ប្រាក់​ចំណូល​ជាក់ស្តែង​របស់​ពួកគេ​។ ឧទាហរណ៍​៖ បើ​អតិថិជន​ត្រូវ​មាន​ប្រាក់​ចំណូល ឬ​ប្រាក់ខែ ប្រហែល ៧​រយ​ដុល្លារ នោះ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​គេហដ្ឋាន រហូតដល់​៤​ម៉ឺន​ដុល្លារ ដែល​អាស្រ័យ​តាម​ការវាយតម្លៃ និង​រយៈពេល​នៃ​ឥណទាន​នោះ​។ ហើយ​បើ​ពួក​គេ​ចង់​បាន​ទំហំ​ឥណទាន​ច្រើនជាង​នេះ ពួកគេ​អាច​រួម​ចំណូល​គ្នា​ជាមួយ​ដៃគូ និង​សមាជិក​គ្រួសារ​បាន​។ ធនាគារ CIMB តែងតែ​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សមរម្យ​ណាមួយ ស្របតាម​តម្រូវការ​របស់​អតិថិជន​ជា​និច្ច​។​

​អ្នករាយការណ៍​៖ តើ​អតិថិជន​គួរ​យល់​ដឹង​លើ​ចំណុច​អ្វី​ខ្លះ មុន​នឹង​សម្រេច​ចិត្ត​ស្នើសុំ​ឥណទាន​?
​លោកស្រី ធីតា​៖ មុន​នឹង​សម្រេច​ចិត្ត​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ពី​ធនាគារ អតិថិជន​គួរ​ដឹង​ច្បាស់ និង​សិក្សា​លម្អិត អំពី​បន្ទុក និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រោយពេល​ទទួលយក​ឥណទាន​រយៈពេល​យូរ​នោះ​។ ជាមួយគ្នានេះ ពួកគេ​ត្រូវ​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និង​ទៀងទាត់ ព្រោះ​ពួកគេ​ត្រូវ​សង​ត្រឡប់​ប្រចាំខែ ទៅ​ធនាគារ​វិញ ក្នុង​រយៈ​១០ ទៅ​២០​ឆ្នាំ​។ ហើយ​អតិថិជន​ក៏​គួរ​ពិចារណា​ឲ្យបាន​ច្បាស់លាស់ អំពី​ទីតាំង​នៃ​គេហដ្ឋាន ដែល​ពួក​គេ​ចង់​ស្នើសុំ​ឥណទាន​ដើម្បី​ទិញ​នោះ​។ បើ​អតិថិជន​ជ្រើសរើស​ផ្ទះ​ត្រឹមត្រូវ ដែល​មាន​ទីតាំង​ល្អ នោះ​ពួកគេ​នឹង​ទទួលបាន​ផលចំណេញ នាពេល​អនាគត​ផង​ដែរ​។ យ៉ាងណាមិញ អតិថិជន​មិនគួរ​ពាក់ព័ន្ធ​នឹង​ការរកស៊ី​លើ​អចលនទ្រព្យ ដែល​គិតថា​ចំណេញ​មួយ​ឆា​វៗ​ឡើយ ព្រោះ​វា​អាច​មាន​ហានិភ័យ​ខ្ពស់ ដល់​ពួកគេ​។​

​អ្នករាយការណ៍​៖ តើ​អតិថិជន​ត្រូវ​រៀបចំ​នូវ​ឯកសារ​តម្រូវ​អ្វីខ្លះ សម្រាប់​ការស្នើសុំ​ឥណទាន​?
​លោកស្រី ធីតា​៖ ដើម្បី​ស្នើសុំ​ឥណទាន​គេហដ្ឋាន ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​ផ្តល់​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច កិច្ចព្រមព្រៀង​ស្តីពី​ការលក់ និង​ទិញ​អចលនទ្រព្យ​នោះ ព្រមទាំង​លិខិត​បញ្ជាក់​ពី​ចំណូល រួមមាន​លិខិត​បញ្ជាក់​ពី​ការងារ បង្កាន់ដៃ​ប្រាក់ខែ របាយការណ៍​ធនាគារ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជាដើម​។ ដើម្បី​អាចឲ្យ​ធនាគារ​ដំណើរការ​ពាក្យស្នើសុំឥ​ណ​ទាន​គេហដ្ឋាន​ឆាប់រហ័ស យើង​លើក​ទឹកចិត្ត​ឲ្យ​អតិថិជន រៀបចំ​ឯកសារ​តម្រូវ​ទាំងអស់នោះ ទុកជាមុន​។​

​អ្នករាយការណ៍​៖ មុន​នឹង​សម្រេច​អនុម័ត​ឥណទាន ទៅ​ឲ្យ​អតិថិជន តើ​ធនាគារ​សិក្សា​លើ​កត្តា​សំខាន់ៗ​អ្វីខ្លះ​?
​លោកស្រី ធីតា​៖ ជាគោលការណ៍ ធនាគារ​នឹងសិក្សា​លើ​ចំណុច​ចម្បងៗ រួមមាន​៖
​ទី​១ គឺ​ធនាគារ​នឹងសិក្សា ដោយ​វាយតម្លៃ​លើ​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន ទៅតាម​ទំហំ​ឥណទាន ដែល​ពួកគេ​ស្នើ​សុំ​នោះ ដើម្បី​ធានា​ថា ចំណូល​របស់​ពួកគេ​មាន​និរន្ត​ភាព ដែល​អាច​ទូទាត់​នឹង​ការសង​ឥណទាន​ប្រចាំខែ​បាន​។ ឧទាហរណ៍ បើ​អតិថិជន​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ ៤០០​ដុល្លារ​ក្នុង​មួយខែ នោះ​គាត់​ត្រូវ​មាន​ចំណូល ឬ​ប្រាក់ខែ​យ៉ាងតិច ៨០០​ដុល្លារ​ក្នុង​មួយខែ​។​

​ទី​២ គឺ​ធនាគារ​ត្រូវ​ពិចារណា​លើ​គោលបំណង​នៃ​សំណើ​ឥណទាន​គេហដ្ឋាន​នោះ​។ គោលបំណង​ឥណទាន​គេហដ្ឋាន ដែល​អតិថិជន​អាច​ស្នើសុំ​បាន គឺ​រួម​មាន​ការទិញ​គេហដ្ឋាន​ដែល​សង់​រួច​ស្រាប់ ទិញ​ដី​សម្រាប់​សាងសង់​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ទិញ​ខុន​ដូ​ជា​ដើម​។​

​ទី​៣ គឺ​ធនាគារ​នឹង​វាយតម្លៃ​លើ​ទ្រព្យ​ធានា​របស់​អតិថិជន​។ ជាទូទៅ ប្លង់រឹង​នៃ​ផ្ទះ​ដែល​ស្នើសុំ​ឥណទាន​ទិញ​នោះ នឹង​ក្លាយជា​ទ្រព្យ​ធានា​។ ប៉ុន្តែ​បើ​អតិថិជន​ស្នើសុំ​ឥណទាន ហើយ​ទិញ​ផ្ទះ​ណា​ដែល​មាន​ប្លង់​ទន់ នោះ​ពួកគេ​ត្រូវមាន​ប្លង់រឹង​ផ្ទះ​ណា​ផ្សេង​មក​ដាក់​ជំនួស​បាន​។ យ៉ាងណាមិញ បើ​អតិថិជន​ស្នើសុំ​ឥណទាន​ពី​បុរី​ដៃគូ​របស់​ធនាគារ CIMB ដូចជា​បុរី​ប៉េង ហួត និង​បុរី​ជីប ម៉ុង នោះ​ធនាគារ​អាច​ទទួលយក​ប្លង់​ទន់​សិន​បាន​។​

​អ្នករាយការណ៍​៖ សូម​អរគុណ​ដល់​ការបកស្រាយ​យ៉ាង​លម្អិត​របស់​លោកស្រី​! ជា​ចុងក្រោយ តើ​លោកស្រី​មាន​ជា​មតិយោបល់ ឬ​មតិ​ផ្តាំផ្ញើ​អ្វីខ្លះ ដល់​សាធារណជន អំពី​ឥណទាន​គេហដ្ឋាន​?
​លោកស្រី ធីតា​៖ ចាស៎ សូម​អរគុណ​សម្រាប់​បទសម្ភាសន៍​នាពេលនេះ​! ជា​ការពិត​ណាស់ ការទិញ​ផ្ទះ​គឺជា​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញ​វត្ថុ​ដ៏​ធំធេង​មួយ នៅក្នុង​ជីវិត​របស់​យើង​។ ដូច្នេះ​យើង​ត្រូវ​គិតគូ​ឲ្យបាន​ច្បាស់លាស់ ទៅ​លើ​ទីតាំង តម្លៃ លក្ខណៈសម្បត្តិ និង​ផលចំណេញ​នាពេល​អនាគត​ជាដើម មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ណាមួយ​។ ហើយ​ឥណទាន​គេហដ្ឋាន គឺជា​ជំនួយ​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​បង្គ្រប់​ប្រាក់​ទិញ​ផ្ទះ ដែល​យើង​ស្រឡាញ់​បាន​ឆាប់រហ័ស ជា​ជាង​ចំណាយ​ពេល​យូរ​ឆ្នាំ ដើម្បី​សន្សំ​ប្រាក់​គ្រប់​ទិញ​ផ្ទះ​នោះ​។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ធនាគារ​ដៃគូ​ដ៏​គួរឲ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ហិរញ្ញ​វត្ថុ​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជា​ទីស្រឡាញ់​។ ជាមួយគ្នានេះ ធនាគារ CIMB មានក្តី​សោមនស្ស​រីករាយ ក្នុង​ការផ្តល់​នូវ​ការប្រឹក្សា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​មួយ សម្រាប់​លោក​អ្នក​។​

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​ធានា​រ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​វត្តមាន​នៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅ​ពី​តំបន់​អាស៊ាន ស៊ី​អាយ​អិម​ប៊ី គ្រុប ក៏​មាន​វត្តមាន​នៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ីអាយ​អិម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥​ភាគរយ នៅក្នុង​ធនាគារ ស៊ី​អាយ​អិម​ប៊ី នៀហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង ៩៣,៧​ភាគរយ នៅ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូលបត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិម​ប៊ី គ្រុប​
​មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×