ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញពីសិទ្ធិ និង បម្រាមសម្រាប់ប្រព័ន្ធផ្សាយព័ត៌មាន ដើម្បីលើសកម្ពស់ថែមទៀតនូវប្រសិទ្ធភាព នៃការផ្សព្វផ្សាយ អំពីការបោះឆ្នោតប្រកកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងតម្លាភាពក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ខណៈគ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន២៨៤នាក់ មកពីអង្គភាពសារព័ត៌មានចំនួន៣៥។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្រមសីលធម៌នេះ បានកំណត់អំពីសិទ្ធិ និងបម្រាមរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានដកស្រង់ ពីបទបញ្ជា និងនីតិវិធិ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦និងច្បាប់បោះឆ្នោត។ គ.ជ.ប ប្រកាសថា អ្នកយកព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់ នៅគ.ជ.ប ។ អ្នកសារព័ត៌មាន ជាតិនិងអន្តរជាតិ ដែលមានបំណងថតយករូបភាពក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ត្រូវជម្រាបជូនដំណឹងប្រធាន ក.ច.ប ឬគ.ក/គ.ក.រ នោះជាមុន។ សម្រាប់បម្រាមត្រូវហាមឃាត់ផ្សព្វផ្សាយព័ត៌មាន ដែលត្រូវចាត់ទុកជាការរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈ អ្នកសារព័ត៌មាន គឺការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការផ្សាយព័ត៌មានដោយសំអាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់ ការប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារ ដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ ឬអាចឲ្យមានអំពើហិង្សា។ ការបោះពុម្ភផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ការបញ្ចេញ បញ្ចូលនូវទស្សនៈផ្ទាល់ខ្លួន ឬក៏បុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍ ការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ការផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ការធ្វើសម្ភាសន៍នៅក្នុងការិយាល័យចុះឈ្មោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៨ គ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន២៨៤នាក់ មកពីអង្គភាពសារព័ត៌មានចំនួន៣៥ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ៕ ដោយ៖បញ្ញាស័ក្តិ