ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលជាសមាគមតំណាងឲ្យ ឧស្សាហកម្មកាត់ដេរ ក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ប្រកាសដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធថាមពលព្រះអាទិត្យ PV នៅលើដំបូលអគារការិយាល័យរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហានមួយក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្មក្នុងស្រុកត្រូវធ្វើឡើង ដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែង ក្នុងវិស័យប្រកួតប្រជែង។
លោក ខេន លូ បានថ្លែងឲ្យដឹងថា “ចីរភាពកំពុងក្លាយទៅជាការរំពឹងទុកសំខាន់មួយ ពីតួអង្គក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់សកល ដើម្បីជ្រើសរើសដៃគូ ហើយថាមពល កកើតឡើងវិញ ជាផ្នែកសំខាន់។ ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហានមួយ ក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្ម ក្នុងស្រុករបស់យើង ត្រូវធ្វើឡើងដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែងនៅក្នុងវិស័យប្រកួតប្រជែង”។
លោកបានបន្ដទៀតថា ចក្ខុវិស័យ និងការផ្ដោតរបស់សមាគម គឺជាការលើកម្ពស់បរិយាកាសអាជីវកម្ម ដែលអំណោយផល សម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ។ ជាមួយគំនិតផ្ដួចផ្ដើម ប្រើប្រាស់ថាមពលព្រះអាទិត្យ សមាគមនឹងបង្ហាញអំពីការអនុវត្ត ការផលិតសម្លៀកបំពាក់ ប្រកបដោយចីរភាព។
កម្ពុជា ស្ថិតនៅក្នុងទីតាំង អំណោយផល ដែលទទួលបានពន្លឺព្រះអាទិត្យ ស្ទើរ៦ម៉ោងក្នុងមួយថ្ងៃ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ បានចេញផ្សាយ នូវក្របខ័ណ្ឌថ្មីមួយ ឲ្យក្រុមហ៊ុន ប្រើប្រាស់ថាមពលព្រះអាទិត្យ PV សម្រាប់ការប្រើប្រាស់ដោយខ្លួនឯង។ ថាមពលព្រះអាទិត្យគឺជាទម្រង់មួយ ក្នុងចំណោមទម្រង ថាមពលកកើតឡើងវិញ ដែលមានលក្ខណៈបត់បែង និងទាក់ទាញបំផុត ដែលអាចប្រើប្រាស់ដោយឧស្សាហកម្មកាត់ដេរ។ ផ្ទាំងថាមពលព្រះអាទិត្យចំនួន១២៤ ដែលនឹងដំឡើងនៅលើដំបូលអគារសមាគម ត្រូវបានរំពឹងថា នឹងកាត់បន្ថយការសាយភាយ កាបូនជាង៧៥តោន ជារៀងរាល់ឆ្នាំ៕ ដោយ៖បញ្ញាស័ក្តិ