មិនថាហេតុការណ៍ដែលធ្វើឱ្យរូបអ្នក និងគេ(ឬនាង) ត្រូវដើរបែរខ្នងដាក់គ្នានោះ ធ្ងន់ធ្ងរប៉ុនណាក៏ដោយ តែបើសិនជាមានពាក្យ “សុំទោស” បន្លឺចេញមកពីមាត់របស់អ្នកដែលដឹងខ្លួនថាខុសវិញនោះ សម្ព័ន្ធភាពដែលមើលទៅ ហាក់ដូចជាបម្រុងនឹងដាច់ភឹងទៅហើយនោះ អាចនឹងងាកមកផ្គុំគ្នាជាថ្មីឡើងវិញម្តងទៀតបាន។ ព្រោះថា ពាក្យ “សុំទោស” ប្រៀបដូចជាអាគមគាថា ចងភ្ជាប់ ភ្ជិតស្នាមប្រេះបែករបស់គូស្នេហ៍គ្រប់រូបដូច្នោះដែរ។ ចូរសាកល្បងយកពាក្យណែនាំខាងក្រោមនេះ ទៅប្រើសាក-លមើល ដើម្បីក្រែងលោពេលទាស់ចិត្តគ្នាលើកក្រោយ អ្នកអាចនឹងហ៊ានសម្រេចចិត្ត ធ្វើជាអ្នកចូលទៅសុំទោសបាន ដោយមិនទើសទាល់។
១-រំឭកហេតុការណ៍ឡើងវិញ ក្នុងខណៈពេលដែលអ្នកមានអារម្មណ៍ត្រជាក់ឡើងវិញហើយ បូកជាមួយសេចក្តីស្រឡាញ់ ដែលអ្នកនៅមានចំពោះរូបគេ(ឬនាង)ផងនោះ នឹងធ្វើឱ្យអ្នកមើលឃើញហេតុការណ៍ពេលឈ្លោះទាស់ទែងគ្នានោះយ៉ាងយុត្តិធម៌ និងកាន់តែច្បាស់ឡើង និងមានអារម្មណ៍ស្ម័គ្រចិត្តក្នុងការពោលពាក្យ “សុំទោស”។
២-បើអ្នកមានអារម្មណ៍ថា ញាប់ញ័រ ឬភ័យ អ្នកអាចហាត់និយាយជាមុនសិនក៏បាន ដោយនិយាយឱ្យបានតាមចំណុចដែលបានកត់ត្រាទុក វានឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។
៣-ការទទួលស្គាល់កំហុសដែលត្រូវចំចំណុច ក្រៅពីជួយផ្គុំភ្ជិតស្នាមប្រេះឆាបានឆាប់ហើយ វាថែមទាំងជាការបង្ហាញនូវភាពប្រកាន់ខ្ជាប់លើគំនិតដែលត្រឹមត្រូវរបស់អ្នកទៀតផង។
៤-កុំគិតនិយាយដោះសាកែខ្លួនឱ្យសោះ ព្រោះបើអ្នកដោះសាកែខ្លួន ឬអាងនេះអាងនោះ អ្នកមិនចាំបាច់ទៅសុំទោសគេ(ឬនាង)ទេ ព្រោះវានឹងធ្វើឱ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ ឥតប្រយោជន៍។
៥-ខណៈពេលដែលគេ(ឬនាង)និយាយ អ្នកគួរនៅស្ងៀម និងស្តាប់យ៉ាងតាំងចិត្ត និងនឹកគិតទៅតាមអ្វីដែលគេ(ឬនាង)និយាយ វានឹងធ្វើឱ្យអ្នក
យល់ពីអារម្មណ៍របស់គេ(ឬនាង) និងអាចកែសម្រួលភាពយល់ដឹងអំពីគ្នាបានកាន់តែងាយឡើងទៀតផង។
៦-ទោះជាគេ(ឬនាង)ជះមកលើអ្នកខ្លាំងៗយ៉ាងណា ឬមានប្រតិកម្មមិនពេញចិត្តរូបអ្នកយ៉ាងណាក៏ដោយ ក៏អ្នកចាំបាច់ត្រូវតែទទួលយក និងនៅស្ងៀម ឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបាន ព្រោះការនៅស្ងៀមរបស់អ្នក នឹងជួយឱ្យអារម្មណ៍របស់គេ(ឬនាង)ស្ងប់ទៅវិញបាន រហូតដល់អ្នកអាចចាប់ផ្តើមមានឱកាសក្នុងការនិយាយនូវអ្វីដែលអ្នកបានត្រៀមមក ទៅវិញបានផង។
៧-សាកល្បងសួរគេទៅមើល៍ថា តើមានវិធីណាខ្លះដែលអ្នកល្មមអាចធ្វើបាន ដើម្បីជាការសងទៅគេ(ឬនាង)វិញបានតាម
ដែលអ្នកអាចធ្វើទៅបាន ដើម្បីជាការផ្សារភ្ជិតស្នាមប្រេះឆា និងធ្វើឱ្យសម្ព័ន្ធភាពរវាងរូបអ្នក និងគេ(ឬនាង) វិលត្រឡប់មកដូចពីដើមវិញ។
…និងរឿងសំខាន់បំផុតនោះគឺ កុំធ្វើខុសក្នុងរឿងដដែលៗ ព្រោះគ្មាននរណាគេអភ័យទោសឱ្យអ្នកក្នុងរឿងដដែលៗបានគ្រប់តែពេលនោះទេ ព្រោះថា ការធ្វើខុសក្នុងរឿងដដែលៗ មិនអាចនិយាយបានថាជាកំហុសឆ្គងនោះទេ តែជារឿងដែលអ្នកមានចេតនាចង់ធ្វើតែម្តង ព្រោះទាំងដឹងច្បាស់ហើយថា វាមិនត្រឹមត្រូវ។ បើវាដូច្នោះមែន ធានាថា “ពាក្យសុំទោស” មិនអាចជួយអ្វីអ្នកបានឡើយ និងច្បាស់ជាបានបែកបាក់គ្នានៅថ្ងៃណាមួយមិនខាន៕