ខេត្តមណ្ឌលគិរី៖ មន្ត្រីជំនាញជាច្រើនស្ថាប័នរួមមានមន្ត្រីជំនាញមកពីក្រសួងបរិស្ថាន- ក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី បានចូលរួមជាមួយផងបានបន្តចុះស្រាវជ្រាវ ដើម្បីរុករកសាធាតុគីមីពុល នៅជុំវិញទីតាំងនានាក្នុងក្រុមហ៊ុន រ៉ុង ឆេង ដែលអ្នកវិនិយោគជាជនជាតិចិន និងនៅក្នុងសហគមន៍រ៉ែមាសចុងផ្លាស់ មានទីតាំងនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សកម្មភាពចុះស្រាវជ្រាវនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែឧសភា និងបន្តដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ដោយក្រុមអន្តរក្រសួង បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយបែងចែកជា ៣ក្រុម ដើម្បីចុះទៅស្រាវជ្រាវនៅគោលដៅចំនួន ៣ទីតាំងផ្សេងៗគ្នា។ ក្នុងនោះទីតាំងទី១ នៅក្នុងទីតាំងក្រុមហ៊ុនរ៉ុង ឆេង ទីតាំងទី២ នៅចំណុចអូរក្លរ និងទីតាំងទី៣ នៅចំណុចអូរទេរ។
ទាក់ទិនបញ្ហានេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផ្តល់សម្ភាសន៍ដល់ក្រុមអ្នកកាសែតថា ការចុះស្រាវជ្រាវ របស់មន្ត្រីជំនាញខាងលើ នៅមិនទាន់មានលទ្ធផលទេ ព្រោះត្រូវរង់ចាំស្តាប់លទ្ធផល ពីក្រុមអន្តរក្រសួងទើបអាចយកជាផ្លូវការបាន។
យ៉ាងនេះក្តី តាមសេចក្តីរាយការណ៍បឋម របស់មន្ត្រីជំនាញស្នើមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្ត្រីជំនាញបានរកឃើញទីតាំងមួយកន្លែងជាប់ក្រុមហ៊ុនរ៉ុងឆេង មន្ត្រីជំនាញបានរកឃើញអាចម៍ដីរ៉ែមាសរាប់សិបតោន និងអាងស្តុករ៉ែ ប្រឡាយបង្ហូរកាកសំណល់ ចូលអូរធម្មជាតិ និងធុងសារធាតុគីមីជាច្រើន ដែលលាក់ទុកក្នុងបន្ទប់ចាក់សោរ។ ក្នុងនោះក៏រកឃើញមានម៉ាស៊ីនសម្រាប់ បម្រើដល់សកម្មភាពចម្រាញ់រ៉ែមាស ត្រូវបានក្រុមជនទុច្ចរឹត ដោះចេញយកទៅផ្លុងចោលឆ្ងាយពីកញ្ច្រែង និងជើងម៉ាស៊ីនថែមទៀតផង។
ប្រភពដដែល ក៏បានឲ្យដឹងថា ក្នុងយុទ្ធនាការនោះក្រោយប្រទះឃើញវត្ថុតាង នៃល្មើសជាច្រើនក្នុងទីតាំងក្រុមហ៊ុនរ៉ុងឆេង មន្ត្រីជាន់ខ្ពស់ នៃក្រសួងរ៉ែ និងថាមពល បានអះអាងភ្លាមៗថា វាជាអំពើខុសច្បាប់ ដែលទីតាំងខាងលើ គឺជាអ្នកបង្ហូរសារធាតុគីមីពុល ចូលទឹកអូរធម្មជាតិ ត្រូវតែរឹបអូស និងបិទការធ្វើអាជីវកម្ម របស់ក្រុមហ៊ុនភ្លាមៗ។
បន្ថែមលើនេះ មន្ត្រីជំនាញ ក៏បានបន្តរកឃើញវត្ថុតាងជាច្រើនទៀត នៅតាមបណ្តោយមាត់អូរ ហើយកំពុងស្ថិតក្នុងការហាមឃាត់ មិនឲ្យធ្វើអាជីវកម្មជាបន្តទៀតនោះទេ។ ព្រោះធាតុផ្សំ ដែលត្រូវយកទៅផ្សំ ជាមួយសាធាតុស្យានីតនោះ ក៏ត្រូវរកឃើញច្រើនក្នុងទីតាំងក្រុមហ៊ុនរ៉ុងឆេង។
ទាក់ទិនបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម និងប្រជាសហគមន៍រស់នៅខេត្តមណ្ឌលគិរី បង្ហាញការព្រួយបារម្ភ ពីភាពមិនប្រក្រតី នៃការគ្រប់គ្រងធនធានរ៉ែ របស់អាជ្ញាធរ ស្របពេលដែលឈ្មួញជនជាតិចិន ដែលមានអាជ្ញាប័ណ្ណក្នុងដំណាក់ការស្រាវជ្រាវ ក៏ប៉ុន្តែបែរជាអាចបើកធ្វើអាជីវកម្មរុករករ៉ែមាស និងរ៉ែត្បូងយ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យមានការសង្ស័យថា ការពុលទឹកស្លាប់មនុស្សកាលពីពេលថ្មីៗនេះ បណ្ដាលមកពីការធ្វេសប្រហែស របស់មន្ត្រីស្ថាប័នជំនាញ ទាក់ទងក្រុមហ៊ុនរុករករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវក្រសួងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែការសង្ស័យនេះ ត្រូវបានរដ្ឋមន្ត្រីចំនួន ៣ក្រសួងប្រកាសច្រានចោល ដោយអះអាងថា ការពុលមនុស្សស្លាប់នៅខេត្តក្រចេះ គឺដោយសារតែការពុលស្រាស ផលិតក្នុងមូលដ្ឋាននោះតែប៉ុណ្ណោះ។
បញ្ហានេះដែរ ប្រជាសហគមន៍រស់នៅតំបន់អាជីវកម្មរ៉ែមាស នៃឃុំចុងផ្លាស់ ស្រុកកែវសីមា បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែឧសភាថា ពួកគេប្រទះឃើញក្រុមហ៊ុនចិន បានជីកអណ្ដូងរ៉ែច្រើនទីតាំងក្នុងតំបន់ចុងផ្លាស់ ក្នុងទម្រង់ធ្វើអាជីវកម្មរុករករ៉ែមាស ពុំមែនជាការសិក្សាស្រាវជ្រាវនោះទេ។ លើសពីនេះ ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង បានជីកខួងរុករករ៉ែមាសច្រើនរណ្ដៅ មានជម្រៅលើសពី ៥០ម៉ែត្រ និងមានតំបន់ខ្លះ លើសពី ១រយម៉ែត្រ។ ប្រជាពលរដ្ឋអះអាងថា រណ្ដៅខ្លះក្រុមហ៊ុនចិន បានប្រើរំសេវផ្ទុះថ្ម បង្ករំខានដល់អ្នកភូមិរស់នៅតំបន់នោះថែមទៀតផង។
ប្រភពពីប្រជាពលរដ្ឋសហគមន៍ឃុំចុងផ្លាស់ បានឲ្យដឹងទៀតថា ទីតាំងដែលក្រុមហ៊ុនចិនប្រើម៉ាស៊ីនខួងយករ៉ែ ភាគច្រើនឋិតនៅតំបន់អូរ ព្រោះប្រភពរ៉ែមាស គឺឋិតនៅជាប់ទឹកអូរធម្មជាតិ។ ទឹកអូរទាំងនោះរួមមាន អូរក្លរ អូរចុង អូររកា អូរក្តាយ អូររហៅ និង អូរក្ទង់។ ពួកគាត់បញ្ជាក់ថា តំបន់ទឹកអូរទាំងនោះមានបណ្ដាញជាប់ព្រែកទេរ ហូរចុះឆ្ពោះទៅទន្លេមេគង្គ ដោយឆ្លងកាត់ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីជំនាញដែលស្នើមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ចំពោះលទ្ធផលផ្លូវការ នៃលទ្ធផលចុះស្រាវជ្រាវរកសារធាតិគីមីពុលខាងលើនេះ នឹងទទួលបានព័ត៌មានច្បាស់លាស់ ក្រោយពេលក្រុមការងារចម្រុះអន្តរក្រសួង បានទទួលព័ត៌មានលម្អិត បន្ទាប់ពីបានបិទបញ្ចប់សកម្មភាពនៃការចុះស្រាវជ្រាវ នៅថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ៕ ដោយ៖ សមុទ្រឈើ