Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល! គយ​រុស្ស៊ី​ បញ្ចេញ​ករណី​រត់ពន្ធ​មាស ២២៥ គីឡូ ​នៅ​ព្រលា​នយន្ត​ហោះ អ្នករត់ពន្ធ​ជា​ពល​រដ្ឋ​រុ​ស្សុី រួមគំនិត​ជាមួយ…

យោងតាម ​​RT Radio (រុស្ស៊ី) នៅថ្ងៃទី១៩ ខែសីហា សេវាគយសហព័ន្ធរុស្ស៊ី (FTS) បាននិយាយថា ខ្លួនបានទប់ស្កាត់ដោយជោគជ័យនូវផែនការរត់ពន្ធមាស ២២៥ គីឡូក្រាម ដែលមានតម្លៃ ៧៦០ ពាន់លានរូពី (ស្មើនឹង ១២.៧ លានដុល្លារ) នៅអាកាសយានដ្ឋាន នៃរដ្ឋធានីម៉ូស្គូ។

ករណីរត់ពន្ធមាសខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា នៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងមូស្គូ ដោយមានភ្ញៀវទេសចរពីរក្រុម ដែលក្នុងមួយក្រុមៗមានគ្នា៣នាក់។

ក្រុមទី១ ដែលជាជនជាតិអាមេនី ៣នាក់ បានយកមាសដាក់ក្នុងវ៉ាលីមួយ នាំទៅអាកាសយានដ្ឋាន។ ដោយសារអាមេនីជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ក្រុមនេះមិនស្ថិតនៅក្រោមការគ្រប់គ្រងគយទេ។

នៅពេលចូលទៅក្នុងព្រលានយន្តហោះ ក្រុមនេះបានផ្លាស់ប្តូរវ៉ាលីជាមួយនឹងក្រុមទី២ ជាពលរដ្ឋរុស្ស៊ី៣នាក់ ដែលកាន់ថង់ទទេ។ ជនជាតិរុស្សីទាំងនេះកំពុងរៀបចំចាកចេញទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីគយដែលឃ្លាំមើលតាមកាមេរ៉ាសុវត្ថិភាពអាកាសយានដ្ឋាន បានកត់សម្គាល់ឃើញអ្វីដែលចម្លែក នៅពេលដែលពួកគេបានប្រទះឃើញក្រុមអ្នកដំណើរជនជាតិអាមេនី កំពុងព្យាយាមទាញវ៉ាលីកង់។

ដោយចាប់ផ្តើមតាមដានក្រុមអ្នកដំណើរជនជាតិអាមេនី ហើយឃើញពួកគេប្តូរអីវ៉ាន់ជាមួយក្រុមរុស្ស៊ី មន្រ្តីគយបានសម្រេចចិត្តត្រួតពិនិត្យដោយផ្ទាល់ ទៅលើក្រុមអ្នកដំណើររុស្ស៊ី។

FTS បានជូនដំណឹង ហើយបាននិយាយថា ពួកគេបានរកឃើញដុំមាសរាប់សិបដុំ នៅពេលពិនិត្យមើលកាបូបរបស់ជនសង្ស័យនៅលើយន្តហោះ។ FTS ក៏បានឲ្យដឹងទៀតថា “ក្រុមរត់ពន្ធជាមួយនឹងទំនិញមានតម្លៃទាំងនេះ ត្រូវបានចាប់ខ្លួនដោយកម្លាំងគយអាកាសយានដ្ឋាន Vnukovo បន្ទាប់ពីក្រុមនេះបានឡើងយន្តហោះ” ។

ក្រោយមក កាសែត Kommersant បាននិយាយថា ដុំមាសសរុបចំនួន ៧១ ដុំ ត្រូវបានដឹកជញ្ជូនដោយខុសច្បាប់ ដែលក្នុងនោះ ១៤ ដុំ មានទម្ងន់ ១២ គីឡូក្រាម និង ៥៧ ដុំទៀត ទម្ងន់ក្រោម ១ គីឡូក្រាម។

ព្រះរាជអាជ្ញា បាននិយាយថា ក្រុមជនសង្ស័យអាចត្រូវបានចោទប្រកាន់ចំនួន៣ករណី រួមទាំងការរត់ពន្ធទំនិញ។ តុលាការក្រុងម៉ូស្គូ បានបញ្ជាឱ្យឃុំខ្លួនជនជាតិអាមេនី៣នាក់ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ខណៈដែលជនជាតិរុស្សី៣នាក់ ត្រូវបានដោះលែងដោយរង់ចាំការកាត់ក្តី បន្ទាប់ពីពួកគេបានចុះហត្ថលេខាលើការសន្យាមិនចាកចេញពីទីក្រុងម៉ូស្គូ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×