បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឡប់ៗ ថតវីដេអូលោតចូលមុខរថយន្តកុងតឺន័រ១គ្រឿង ខណៈវាកំពុងបើកបោះពួយយ៉ាងលឿននៅលើដងផ្លូវមួយកន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។
សកម្មភាពលេងសើចដ៏ឆ្កួតៗនេះ បានបង្ខំឲ្យអ្នកបើករ៉េចង្កូតរថយន្តយ៉ាងស្លន់ស្លោតែម្តង ដើម្បីបញ្ចៀសបុកសម្លាប់បុរសជនជាតិអារ៉ាប៊ីសាអូឌីតរូបនេះ ។ ទោះយ៉ាងណា ឥឡូវនេះ ប៉ូលីសបានឈានទៅចាប់ខ្លួនបុរសនោះហើយ ដោយចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់ជីវិតអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ។
ហេតុការណ៍ស្ទើរគាំងបេះដូងជំនួសនេះ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ស្ថិតនៅលើដងផ្លូវមួយកន្លែងនៃទីក្រុង Medina នៃប្រទេសអារ៉ាប៊ីសាអូឌីត ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញនៅមុនពេលហេតុការណ៍ដ៏ស្រៀវពោះនេះកើតឡើង គេបានឃើញបុរសឡប់នេះ ឈររេរាំនៅលើដំបូលរថយន្តរបស់ខ្លួន និងបានលោតចូលកណ្តាលដងផ្លូវ ខណៈឃើញរថយន្តកុងតឺន័រនោះចូលមក ។ ខណៈវាចូលកៀកស្ទើរតែជាន់កម្ទេចទៅហើយ បុរសនេះក៏បានប្រញាប់ហក់ចេញពីក្បាលរថយន្តយ៉ាងរហ័សតែម្តង ដែលធ្វើឲ្យអ្នកទស្សនាស្រៀវពោះជំនួសយ៉ាងខ្លាំង ៕ ចន្ទី