រូបភាពបង្ហាញអ្នកដឹកជញ្ជូន នាំយកភីហ្សា ទៅចែកចាយដល់អ្នកបញ្ជាទិញ រហូតដល់លើកំពូលភ្នំ Fuji បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិភពអនឡាញជប៉ុន។
រូបភាពនេះត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ Twitter @fatmanairsoft នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២ ជាមួយនឹងចំណងជើងគួរឱ្យភ្ញាក់ផ្អើលថា «ខ្ញុំបានឡើងមកដល់ភ្នំ Fuji កាលពីម្សិលមិញ។ មានគេបានបញ្ជាទិញភីហ្សារបស់ Domino ទោះឆ្ងាយប៉ុនណា ក៏អាចទៅដល់ដែរ!»។
រូបភាពបានបង្ហាញពីបុរសដឹកភីហ្សាម្នាក់ស្លៀកសម្លៀកបំពាក់តឹងសម្រាប់ដើរលេង ស្ពាយថង់ភីហ្សាក្ដៅៗ ដោយមានអ្នកដើរលេងមួយក្រុមទៀតនៅខាងក្រោយជជែកគ្នា។ កន្លែងដែលបានថតរូបនេះ គឺជាភ្នំមួយដែលខ្ពស់ណាស់ ព្រោះថា ក្រឡេកមើលទិដ្ឋភាពចំហៀង ឃើញពពកអណ្តែតនៅខាងក្រោមគួរឲ្យស្រៀវស្ញើបតែម្តង។
ការបង្ហោះនេះបានក្លាយជាអ្នកចុច Like ដល់ទៅជាង ២៥០,០០០ ហើយមនុស្សមួយចំនួនក៏បានបង្ហោះព័ត៌មានផ្ទៀងផ្ទាត់ផងដែរ គឺពិតជាមានបុរសដឹកភីហ្សាម្នាក់ដែលបានឡើងដល់កំពូលភ្នំ Fuji ដែលប្រហែលជាមិនមែនជាអ្នកបង្ហោះនោះទេ ប៉ុន្តែ អាចជាអ្នកដឹកជញ្ជូនភីហ្សាដូចគ្នា។
ជាមួយគ្នានេះ អ្នកលេងអ៊ីនធឺណិតជាច្រើនក៏បានមកផ្ញើរូបភាពបញ្ជាក់ថា នេះមិនមែនជាបុគ្គលិកដឹកជញ្ជូនតែម្នាក់គត់ទេដែលត្រូវឡើងដល់កំពូលភ្នំ ដើម្បីផ្តល់អាហារទៅអ្នកកុម្ម៉ង់ទិញ ប៉ុន្តែ នៅបុគ្គលិកប៉ុន្មាននាក់ទៀត មានការតស៊ូខុសៗគ្នាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


