Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដោយ​អនុម័ត​ដោយ​ឥត​កែប្រែ​លើ សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អ​ប្បរមា ដើម្បី​លើកកម្ពស់​ជីវភាព​កម្ម​ករ​និយោជិត​

​​ភ្នំពេញ​៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចាក់​ថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បានអនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ប្រាក់​ឈ្នួល​អ​ប្បរមា ។ កិច្ចប្រជុំពេញអង្គ​នេះ​បាន​ធ្វើឡើង ក៏​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវបាន​ដឹកនាំ​រៀបចំតាក់តែង​នៅ​ដើមឆ្នាំ​២០១៦ ដោយ​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង និង​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​កម្រិត​ប​ច្ចេកទេស​របស់​ក្រសួង​ចំនួន​០៧​លើក​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់​ជូន​កិច្ចប្រជុំ​ត្រីភាគី​ពិភាក្សា​ចំនួន​៣​លើក ដើម្បី​ធានា​ការចូលរួម​ពិគ្រោះ​យោបល់​ពី​ដៃគូ​ពាក់ព័ន្ធ និង​បាន​ដាក់​ឆ្លង​ឲ្យ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន​៣​លើក​។​

​សេចក្តីព្រាងច្បាប់​នេះ ក៏​ត្រូវបាន​ដាក់​ជូន​កិច្ចប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ និង​ពិភាក្សា​ចំនួន​២​លើក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​។ ដោយឡែក ក្រុម​ការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង​បាន​ពិភាក្សា និង​ទទួល​បាន​ការឯកភាព​ពី​ក្រសួង​យុត្តិធម៌​លើ​ខ្លឹមសារ នៃ​ជំពូក​ទី​៥ ស្តី​ពី​វិធានការ​រដ្ឋបាល និង​ទោស​ប្បញ្ញត្តិ​។​

​គោលបំណង​ច្បាប់​នេះ មាន​គោលបំណង​ដូចតទៅ​៖​លើកកម្ពស់​ជីវភាព​រស់នៅ​សមរ​ម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់​កម្មក​រ​និយោជិត ជំរុញ​អោយ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ​។​

​ចំពោះ​គោលដៅ ច្បាប់​នេះ​មាន​គោលដៅ​ដូចតទៅ​៖ ធានា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្ត្រ ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច បង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។​

​បើ​តាម​លោក ផៃ ស៊ីផា​ន ច្បាប់​នេះ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​ស​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ការអភិវឌ្ឍន៍​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​គាំទ្រការ​អនុវត្ត​យុទ្ធសាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ ការបង្កើត​ឲ្យមាន​ក្រប​ខ័ណ្ឌ​គតិយុត្ត​មួយ​ច្បាស់លាស់ ដើម្បី​ធានា​ដំណើរការ​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំងណាស់ ក្នុង​ការធានា​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​ការលើកកម្ពស់​កម្រិត​ជីវភាព​របស់​កម្មករ​និយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្ត​ភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការទាក់ទាញ​ការវិនិយោគ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​​រាជធានី​ភ្នំពេញ​។​

​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​នេះ មានដូចជា​៖

១)​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច ”​គ​” នៃ​ផ្នែក​ទី​៣ ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវ​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រក​ម​/០៣៩៧/០១ ចុះ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៩៧​។​

២)​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។​

៣)​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា ដែល​ត្រូវ​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៦០៧/០១៣ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០០៧​។​

៤)​គម្រោង​វិនិយោគ​សាងសង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​កំពង់ស្ពឺ​។​

៥)​បញ្ហា​ផ្សេងៗ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×