ស្ត្រីវ័យ ២៤ ឆ្នាំម្នាក់មានកូនរហូតដល់ ២២ នាក់បានបង្ហាញពីសុបិនដ៏អាក្រក់ថា នាងប្រហែលចិញ្ចឹមកូនតែម្នាក់ឯង បន្ទាប់ពីស្វាមីមហាសេដ្ឋីត្រូវបានចាប់ខ្លួនចេញពីជីវិតដ៏សុខស្រួលរបស់ពួកគេគួរឲ្យសោកស្តាយយ៉ាងខ្លាំង ខណៈឥឡូវនេះ នាងបានបង្ហាញពីរឿងដ៏លំបាក គឺត្រូវនិយាយការពិតប្រាប់កូន។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២ គេហទំព័រ Ladbible បានរាយការណ៍ពីរឿងរ៉ាវរបស់ Christina Ozturk ស្ត្រីជនជាតិរុស្សីអាយុ ២៤ ឆ្នាំ ដែលបានក្លាយជាការចាប់អារម្មណ៍ទូទាំងពិភពលោក។ តាំងពីក្លាយជាម្ដាយមានកូន២២នាក់ ហើយសង្ឃឹមថា នឹងសាងគ្រួសារធំមួយមានកូនរហូតដល់១០៥នាក់ជាមួយស្វាមីមហាសេដ្ឋីយ៉ាងណាក៏ដោយ តែនៅពេលនេះ ម្តាយវ័យក្មេងរូបនេះបានចេញមុខបើកចិត្តប្រាប់ពីសុបិន្តអាក្រក់ ដែលត្រូវតែចិញ្ចឹមកូនទាំងអស់ដោយខ្លួនឯង បន្ទាប់ពីប្តីរបស់នាងត្រូវបានចាប់ខ្លួន។
របាយការណ៍បានបង្ហាញថា Christina បានរៀបការជាមួយមហាសេដ្ឋីទួរគីអាយុ ៥៧ ឆ្នាំ Kalip Ozturk ហើយមានកូនជាមួយគាត់តាមរយៈការពពោះជំនួស ក្នុងការស្វែងរកគោលដៅនៃការបង្កើតគ្រួសារដ៏ធំបំផុតរបស់ពិភពលោក។ ក្នុងឆ្នាំ២០២១ គូស្នេហ៍មួយគូនេះបានបង្ហាញថា ពួកគេបានចំណាយប្រាក់ ១៣៨,០០០ ផោន ក្នុងការពពោះជំនួសដើម្បីមានកូនចំនួន ២០ នាក់ ជាមួយគ្នា។ ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ ពួកគេបង្កើតបានកូន២នាក់។
Christina និង Galip ធ្លាប់បានលាតត្រដាងពីការចំណាយដ៏ធំ ក្នុងការចិញ្ចឹមកូន ២២ នាក់ ដោយចំណាយប្រាក់ ៦៧,០០០0 ផោន ក្នុងមួយឆ្នាំ ដើម្បីជួល ១៦ មេដោះ។ ពួកគេក៏ត្រូវចំណាយ ៤,០០០ ផោន ក្នុងមួយសប្តាហ៍ ដើម្បីទិញរបស់ចាំបាច់សម្រាប់ទារក រួមទាំងក្រណាត់កន្ទបទារក២០កញ្ចប់ និងទឹកដោះគោ៥៣កញ្ចប់។
ប៉ុន្តែ ទោះបីជាវាមានតម្លៃប៉ុន្មានក៏ដោយ វាមិនមែនជាបញ្ហាធំដុំ សម្រាប់មហាសេដ្ឋីម្ចាស់ក្រុមហ៊ុនឡានក្រុង Metro Turizm និងគ្រួសារធំរបស់ពួកគេរស់នៅជាមួយគ្នាក្នុងរដ្ឋ Georgia ។
តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺថ្មីៗនេះ នាង Christina ទើបបានបើកបង្ហាញការពិតនៅលើ Instagram ទម្លាយរឿងរ៉ាវប្តីត្រូវកងកម្លាំងពិសេសចាប់ខ្លួនតាំងពីខែឧសភាឆ្នាំមុនមកម្ល៉េះ ហើយនាងកំពុងរង់ចាំការវិលត្រឡប់របស់គាត់យ៉ាងអន្ទះសា។
ក្រោយការចាប់ខ្លួនមហាសេដ្ឋីរូបនេះ មន្ត្រីបានបង្ហើបឲ្យដឹងថា វាជាការចាប់ខ្លួនពីបទក្លែងបន្លំឯកសារ និងការលាងលុយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


