តើក្រោយពេលរៀបការហើយ នឹងមានសេចក្តីសុខពិតមែនឬ? តាមរយៈការធ្វើជំរឿន បានរកឃើញថា គូអាពាហ៍ពិពាហ៍ ១០គូ នឹងមានត្រឹមតែ ៣-៤គូប៉ុណ្ណោះ ដែលមានជីវិតគូល្អឥតខ្ចោះ មានសេចក្តីសុខខ្លាំងជាងកាលពីពេលនៅលីវ។ នេះជាការបង្ហាញឱ្យដឹងថា ឱកាសដែលជីវិតគូបរាជ័យ មានច្រើនជាងពាក់កណ្តាលឯណោះ ដូច្នេះតើត្រូវការពារបញ្ហានេះយ៉ាងណា?
បុរសៗរៀបការប៉ុន្មានដង ក៏មិនខាតបង់អ្វីដែរ តែស្ត្រីវិញ នឹងឈឺចាប់ ហើយនឹងឈឺខ្លាំងជាង និងឱកាសក្នុងការចាប់ផ្តើមជាថ្មី នឹងមានកាន់តែតិចទៅៗជារឿយៗ។ ខាងក្រោមនេះ គឺហេតុផល ៨ចំណុច ដែលយើងបានសរុប យកមកជូននារីៗ ដែលគិតចង់រៀបការ ដើម្បីទុកជាចំណេះដឹង។
១-កុំរៀបការដោយសារតែខ្លាចថា មិនបានរៀបការ៖ គូគ្រងដែលរកមកបាន ដោយការមិនបានពិចារណាឱ្យបានល្អិតល្អន់នោះ នឹងមានផលអាក្រក់ចំពោះជីវិត និងរងទុក្ខសោករហូតដល់ស្លាប់។ មានការងារស្រាវជ្រាវវិភាគជាច្រើន បានបង្ហាញថា ការនៅលីវមានសេចក្តីសុខច្រើនជាងការមានគូគ្រងដែលមិនសមនឹងបំណង។
២-កុំរៀបការ ដោយសារតែខ្លួនអ្នកចង់ចាកចេញ ពីក្រុមគ្រួសារ៖ ព្រោះទោះជាផ្ទះរបស់យើង មានបញ្ហាច្រើនប៉ុនណាក៏ដោយ តែ តើអ្នកនឹងប្រាកដក្នុងចិត្តយ៉ាងណាបានថា ក្រុមគ្រួសារដទៃទៀតនឹងគ្មានបញ្ហា?។ ការដែលរៀបការ ហើយទៅនៅជាមួយក្រុមគ្រួសារមួយផ្សេង ដែលអ្នកនឹងក្លាយជាមនុស្សចំណូលថ្មីនោះ វានឹងមានបញ្ហា ដែលអ្នកមិននឹកស្មានដល់ច្រើនណាស់។
៣-កុំរៀបការនៅពេលដែលអ្នកកំពុងតែខកស្នេហ៍ ឬត្រូវការបញ្ឈឺអតីតគូស្នេហ៍៖ អំឡុងពេលនោះ ជាអំឡុងពេលដែលផ្សែងអ័ព្ទខ្មៅ កំពុងគ្របដណ្តប់លើជីវិត។ ចូររង់ចាំ ឱ្យអ្វីៗគ្រប់យ៉ាង ភ្លឺស្រឡះឡើងវិញសិន នោះអ្នកនឹងមើលអ្វីៗ ឃើញបានកាន់តែច្បាស់។
៤-កុំរៀបការ ព្រោះតែអ្នកអាណិតគេ៖ បុរសដែលគួរឱ្យអាណិត ច្រើនតែមានចំណុចខ្សោយ មានចំណុចអន់ និងមានទង្វើ
ប្តូរផ្លាស់ច្រើន បន្ទាប់ពីរៀបការហើយ។ ក្តីអាណិតមិនស្ថិតស្ថេរយូអង្វែង ស្មើនឹងសេចក្តីស្រឡាញ់ទេ ថ្ងៃណាមួយអ្នកអាចនឹងគិតមិនដូចមុន។
៥-កុំរៀបការ ព្រោះតែឈ្លក់វង្វេងលើរូបកាយ និងទ្រព្យសម្បត្តិរបស់គេតែម្យ៉ាងឱ្យសោះ៖ រូបរាងមុខមាត់ ទ្រព្យសម្បត្តិជារឿងខាងក្រៅ ជាសម្បកក្រៅ ដែលអ្នកមិនដឹងថា មានសាច់ពិតប្រាកដដែលស្អុយកខ្វក់នៅខាងក្នុងយ៉ាងណាឡើយ។
៦-កុំរៀបការ ព្រោះតែចង់គេចចេញពីខ្លួនឯង៖ ព្រោះការរៀបការ មិនបានជួយឱ្យអ្នក គេចពីខ្លួនឯងរួចឡើយ ទោះជារៀបការប៉ុន្មានដងក៏ដោយ (ចង់ឱ្យអ្នកដទៃចូលមកជួយ តែទីបំផុត ខ្លួនឯងតែជាខ្លួនឯងដដែល)។
៧-កុំរៀបការ ព្រោះគិតថា នឹងផ្លាស់ប្តូរនិស្ស័យគេបាន៖ ក្នុងផ្នែកចិត្តវិទ្យាវិញ និស្ស័យពិតប្រាកដរបស់មនុស្សយើង មិនអាចផ្លាស់ប្តូរបានទេ នឹងនៅតែជាដូច្នោះរហូតមួយជីវិត ដូច្នេះការសម្រេចចិត្តរៀបការ ដោយគិតថា គេប្រហែលជាអាចផ្លាស់ប្តូរនិស្ស័យ ក្រោយពេលរៀបការហើយនោះ គឺជាការគិតដែលខុសយ៉ាងធំធេង។
៨-កុំរៀបការ ព្រោះតែក្តីអផ្សុក៖ ក្តីអផ្សុក ជាឧបករណ៍របស់កម្មម្យ៉ាង បើយើងមិនដឹងពីវិធីចាត់ការវាទេនោះ ជីវិតនឹងត្រូវច្បាប់នៃកម្ម អូសទាញទៅជាមិនខាន។ អ្នកខ្លះទៅញៀនថ្នាំញៀន អ្នកខ្លះទៅវក់ល្បែងស៊ីសង ញៀនសុរា អ្នកខ្លះរស់នៅបែបស៊ែ-លលែជាមួយមិត្តភ័ក្តិ និងប្រាកដណាស់ ការសម្រេចចិត្តរៀបការ ព្រោះខ្លាចអផ្សុក គឺជាការសម្រេចចិត្តដែលខុសឆ្គង។
ហ្វឹកហាត់ធ្វើតាមច្បាប់ទាំង ៨ចំណុចនេះយ៉ាងម៉ឺងម៉ាត់ អ្នកអាចនឹងក្លាយជាមនុស្សគិតតែពីប្រយ័ត្ន និងមិនទុកចិត្តអ្នកណាទាំងអស់ តែសម្រាប់រឿងស្នេហាវិញ ពេលខ្លះ វាក៏គ្មានហេតុផលដែរ បើសិនជាអ្នកបានជួបមនុស្សម្នាក់ មនុស្សដែលអ្នកគិតថា គឺម្នាក់ហ្នឹងហើយ ជាសេចក្តីស្នេហាដែលពិតប្រាកដ មិនមែនជាការឈ្លក់វង្វេង មិនមែនជាភាពរ៉ូមែនទិក និងដែលពិតប្រាកដបំផុតនោះគឺ គេត្រូវតែស្រឡាញ់អ្នកវិញ យ៉ាងស្មោះស្ម័គ្រទៀតផង។ បើសិនជាដូច្នោះមែន សម្រេចចិត្តរៀបការតែម្តងទៅ ព្រោះ…សេចក្តីស្រឡាញ់ អាចយកឈ្នះអ្វីៗគ្រប់យ៉ាងបានទាំងអស់… “នារីៗ ច្រើនតែកង្វល់ពីរឿងអនាគត រហូតទាល់តែនាងមានស្វាមី តែបុរសៗ មិនដែលខ្វល់ពីអនាគតឡើយ រហូតទាល់តែគេមានភរិយា ទើបគេគិតរឿងអនាគត”៕