Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចូលប្រេងឥន្ធនៈរបស់វៀតណាម កើនឡើងដល់១៥០ភាគរយ

រដ្ឋធានីហាណូយ៖ ការនាំចូលប្រេងឥន្ធនៈរបស់វៀតណាម នៅក្នុងរយៈពេល៨ខែដំបូង នាឆ្នាំ២០២២ បានកើនឡើង រហូតដល់១៥០ភាគរយ ដោយចំណាយថវិកា ជិត៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការនាំចូលថាមពល ចំនួន ៥,៦៥លានតោន ហើយកូរ៉េខាងត្បូង ជាប្រភព នៃការនាំចូលប្រេងដ៏ធំបំផុតរបស់វៀតណាម។

សារព័ត៌មានវៀតណាម VOV បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ថា បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានឲ្យដឹងថា វៀតណាម បានចំណាយថវិកា ជិត៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការនាំចូលថាមពលគ្រប់ប្រភេទ ចំនួន៥,៦៥លានតោន គិតត្រឹម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ចំនួននេះ បានកើតឡើង រហូតដល់១៥០ភាគរយ បើធៀបនឹងឆ្នាំមុន។

ការធ្វើពាណិជ្ជកម្មប្រេងឥន្ធនៈ បាននាំចូលចំនួន ៦៥១ ០០០តោន ដែលមានតម្លៃ ៧៣៦លានដុល្លារសហរដ្ឋអាមេរិក ត្រឹមតែខែកក្កដាប៉ុណ្ណោះ ដោយកើនឡើង ៥,៤ភាគរយ នៅក្នុងបរិមាណនាំចូល។ ប៉ុន្តែតម្លៃ បានធ្លាក់ចុះ៩,៤ភាគរយ បើប្រៀបធៀប ទៅនឹងតួលេខ ត្រូវបានកត់ត្រា នៅក្នុងខែមិថុនា ដោយសារតែការប្រែប្រួលតម្លៃទីផ្សារពិភពលោក។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង នៅតែជាទីផ្សារនាំចូលប្រេងឥន្ធនៈដ៏ធំបំផុតរបស់វៀតណាម ដោយបាននាំចូលថាមពល ចំនួន២,១៧លានតោន នៅក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២ ពោលគឺកើនឡើង ៩២ភាគរយ។ ក្រៅពីនេះ វៀតណាម បាននាំចូលប្រភពថាមពល ពីម៉ាឡេស៊ី ចំនួន ៨១៥ ០០០តោន និង សិង្ហបុរី ចំនួន ៧៥៣ ០០០តោន។

ទីផ្សារប្រេងរបស់ពិភពលោក បានចាប់ផ្ដើមប្រែប្រួលខ្លាំង តាំងពីដើមឆ្នាំ២០២២មក ហើយភាគច្រើន កើតឡើង ដោយសារជម្លោះ រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងគៀវ នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ ក្រុមហ៊ុនចម្រាញ់ប្រេង ងី សុន (Nghi Son) នៅក្នុងប្រទេសវៀតណាម ក៏បានសម្រេចចិត្ត កាត់បន្ថយសមត្ថភាពផលិត នៅក្នុងខែមករា ដោយសារបញ្ហាបច្ចេកទេស ទើបបណ្តាលឱ្យមានកង្វះខាតប្រេង នៅក្នុងទីផ្សារក្នុងស្រុក។

ដោយឡែក ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម ភ្លាមៗនោះ ក៏បានស្នើឲ្យបង្កើននូវការនាំចូលប្រេងឥន្ធនៈបន្ថែម រហូតដល់ ២,៤លានម៉ែត្រគុប នៅក្នុងត្រីមាសទី២ ដើម្បីកាត់បន្ថយនូវកង្វះខាតទិន្នផល ពីរោងចក្រនេះ។ ក្រសួង បានបញ្ជាក់ថា បច្ចុប្បន្ន វៀតណាម មានការផ្គត់ផ្គង់ប្រេង គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ នៅក្នុងស្រុក។ ចំណែកប្រេងលក់រាយវិញ មានតម្លៃ ចន្លោះពី ២៤ ៦៦០ដុង ទៅ ៣៣ ០០០ដុង (លុយវៀតណាម) ឬស្មើនឹងចន្លោះពី១,០៤ដុល្លារ ទៅ ១,៤២ដុល្លារសហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×