ក្រុមក្មេងទំនើងមួយនៅក្នុងរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានគ្រប់គ្រងប៉ុស្តិ៍ប៉ូលីសក្លែងក្លាយមួយចេញពីសណ្ឋាគារ អស់រយៈពេល៨ខែ មុនពេលចុងក្រោយត្រូវបានប៉ូលីសចាប់បាន។
ករណីអ្នកក្លែងបន្លំធ្វើជាមន្ត្រីប៉ូលិស និងទាហាន មិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាជនមានការភ័យខ្លាច និងការគោរព ចំពោះអ្នកស្លៀកពាក់ឯកសណ្ឋាន កំពុងរីករាលដាល ប៉ុន្តែក្រុមក្មេងទំនើងនៅទីក្រុង Banka រដ្ឋ Bihar បានយកការបោកប្រាស់នេះទៅជាកម្រិតមួយផ្សេងទៀត ដោយបង្កើតប៉ុស្តិ៍ប៉ូលិសក្លែងក្លាយចម្ងាយតែ ៥០០ ម៉ែត្រពីកន្លែងពិត។
ជាក់ស្តែង ក្រុមទាំងនោះ បានដំណើរការប៉ុស្តិ៍ក្លែងក្លាយរបស់ពួកគេ ចេញពីសណ្ឋាគារក្នុងស្រុកមួយ ដែលពួកគេបានតាំងខ្លួនជាមន្ត្រីពិតប្រាកដ ពាក់ឯកសណ្ឋានជាក់ស្តែង ផ្លាកសញ្ញា និងសូម្បីតែអាវុធផងដែរ។ ពួកគេត្រូវបានគេជឿថា បានបោកប្រាស់មនុស្សរាប់រយនាក់ ដោយបានស្នើសុំសំណូកសម្រាប់ការចុះឈ្មោះពាក្យបណ្តឹង ជួយពួកគេទទួលបានលំនៅដ្ឋានសង្គម ដោះស្រាយបញ្ហាផ្សេង ឬការងារធ្វើជាប៉ូលីស។
មន្ត្រីប៉ូលិសពិតម្នាក់ បានប្រាប់អ្នកកាសែតថា «យើងបានឮករណីប៉ូលិសក្លែងក្លាយ ឬមន្ត្រីស៊ើបអង្កេតក្នុងប្រទេស។ នេះជាលើកទីមួយហើយដែលយើងបានឮអំពីប៉ុស្តិ៍ប៉ូលិសក្លែងក្លាយ»។
ដើម្បីធ្វើឱ្យប៉ុស្តិ៍ប៉ូលីសរបស់ពួកគេ មានភាពស្របច្បាប់ ក្រុមក្មេងទំនើងបានប្រើវិធីបង់ប្រាក់ឱ្យមនុស្សជាអ្នកស្គាល់ មកពីតំបន់ជនបទជុំវិញធនាគារ Banka ជាមួយប្រាក់ប្រចាំថ្ងៃ ៥០០ រូពី (៦.២៥ ដុល្លារ) ដើម្បីក្លែងបន្លំថា ពួកគេកំពុងធ្វើការនៅប៉ុស្តិ៍ជាមន្រ្តីស្របច្បាប់។ ប្រការនេះបានធ្វើឲ្យពួកគេជឿជាក់គ្រប់គ្រាន់ ដោយគ្មាននរណាម្នាក់ អាចប្តឹងប៉ូលីសពិតប្រាកដ អស់រយៈពេល៨ខែ។
ការក្លែងបន្លំដ៏ក្លាហានរបស់ក្រុមក្មេងទំនើង ត្រូវបានបែកធ្លាយ នៅពេលដែលលោក Shambhu Yadav ដែលជាប្រធានប៉ុស្តិ៍ប៉ូលីសពិតប្រាកដនៅ Banka បានបានរកឃើញមន្រ្តីក្លែងក្លាយពីរនាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរត្រឡប់ទៅទីស្នាក់ការក្លែងក្លាយ បន្ទាប់ពីពួកគេទៅគំរាមយាយីម្ចាស់ហាងនៅផ្សារទំនើបមួយ ហើយជនរងគ្រោះ បានរាយការណ៍ទៅស្ថានីយប៉ូលីសពិត។
លោក Yadav មានការសង្ស័យនៅពេលលោកបានកត់សម្គាល់ឃើញថា មន្ត្រីប៉ូលិសក្លែងបន្លំមានអាវុធក្លែងក្លាយ។ ហើយនៅពេលសួរថា តើពួកគេមកពីខាងឯណា ស្រាប់តែពួកគេគេចវេស ទើបលោក Yadav និងក្រុមការងារ បាននាំខ្លួនពួកគេទៅសាកសួរនៅប៉ុស្តិ៍ប៉ុស្តិ៍តែម្តង។
លោក Shambhu Yadav និងក្រុមរបស់គាត់ បាននាំប៉ូលិសបោកប្រាស់ទាំងពីរ ទៅកាន់ប៉ុស្តិ៍ក្លែងក្លាយរបស់ពួកគេ -ជាកន្លែងដែលអ្នកសមគំនិត៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

