Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ពិនិត្យខ្លួនឯងទៅមើល៍…តើអ្នកគួរទទួលទាន “វីតាមីនបន្ថែម” ឬទេ?

នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាព ក៏ត្រូវតែកើនច្រើនឡើងទៅតាមនោះដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា ខ្លួនមិនសូវជារឹងប៉ឹងស្វាហាប់ ដូចកាលពីវ័យនៅរៀន ឬអំឡុងពេលយុវវ័យឡើយ ព្រោះពេលធ្វើការងារបានមួយរយៈមក ក៏ស្រាប់តែចាប់ផ្ដើមមានរោគា ជំងឺតម្កាត់ សួររកមុខ បែបមិនធ្លាប់មានសភាពបែបហ្នឹងពីមុនមកឡើយ មិនថាតែឈឺក្បាលម៉ៃក្រេន ចុកស្មា ឈឺសន្លាក់កដៃ ជំងឺក្រពះ រហូតទៅដល់ជំងឺខ្លាញ់រុំថ្លើម ឬ Cysts ជាដើមទៀតផង។
ក្រៅពីជំងឺតម្កាត់ហើយ បញ្ហាដែលមកព្រមជាមួយវ័យ ដែលមានដូចជា ជ្រុះសក់ កើតមានស្លាកស្នាម សាច់-ស្បែកលែងស្រស់ថ្លា ភ្នែកស្រវាំងស្រអាប់ ឬមានភាពធុញថប់តានតឹងក្នុងចិត្ត ប្រមូលសន្សំច្រើនឡើង រហូតដល់គេងមិនលក់ ក៏ចាប់ផ្ដើមកើតឡើងដែរ ដូច្នេះមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងគួរនាំគ្នាមកមើលសិនថា តើយើងមានបញ្ហាទាំងអស់នេះដែរឬទេ? បើមាន តើត្រូវទទួលទានវីតាមីនមួយណា?…។

សាច់-ស្បែកស្ងួតក្រៀម មានស្លាកស្នាម មិនតឹងណែនរលោង
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនC ខូឡាជេន វីតាមីនA អូមេហ្កា3 សារធាតុដែក។

ជ្រុះសក់ ក្រចកដៃ-ជើងស្ដើងស្រួយ
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនB2 និងជាតិស័ង្កសី។

មិនស្រួលខ្លួន គ្រុនផ្ដាសាយញឹកញាប់
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនC វីតាមីនB និងសារធាតុដែក។

សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនBរួម និងអូមេហ្កា3។

ឆ្អឹង និងសន្លាក់នៅក្នុងរាងកាយចាប់ផ្ដើមចុករួយ
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនD, A, K កាល់ស្យូម និងផូស្វ័រ។

រួយភ្នែក និងស្រវាំងមើលលែងសូវច្បាស់
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនA និងវីតាមីនB2។

ភាពធុញថប់ តានតឹងក្នុងអារម្មណ៍កើតឡើងច្រើន
វីតាមីនបន្ថែម ដែលចង់ណែនាំឱ្យទទួលទានគឺ វីតាមីនBរួម វីតាមីនC និងម៉ាញេស្យូម។

តើចាំបាច់ត្រូវទទួលទានវីតាមីនបន្ថែមឬទេ?
ជាសំណួរដ៏ល្បីល្បាញមួយ ដែលមនុស្សជាច្រើនលួចគិតនៅក្នុងចិត្ត…វីតាមីន ១ប្រអប់ តម្លៃមិនមែនធម្មតាៗទេ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែម មែនឬយ៉ាងណា?។ ចម្លើយក៏គឺ មិនចាំបាច់ទេ វីតាមីនបន្ថែម គ្រាន់តែជាជំនួយការសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រឈមក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលមើលថែទាំខ្លួនឯងច្រើន អាចហៅបានថា ជាជំនួយការរបស់អ្នកទីក្រុង ដែលត្រូវធ្វើការធ្ងន់ រហូតមិនអាចរៀបចំចំណីអាហារ និងបែងចែកពេលវេលាសម្រាប់ហាត់ប្រាណ តាមតម្រូវការបាន។

តែ វានឹងក្លាយជារឿងល្អខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់ តាមរយៈអាហារ ដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណប្រយោជន៍ខាងសារធាតុអាហារគ្រប់ទាំង ៥ប្រភេទក្រុម, ហាត់ប្រាណយ៉ាងជាប់លាប់, សម្រាកឱ្យគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរអារម្មណ៍តានតឹងធុញថប់ ដោយកិច្ចការងារដែលខ្លួនឯងចូលចិត្ត។ តែប៉ុណ្ណឹង លោកអ្នកមិនចាំបាច់ចំណាយប្រាក់ជាមួយវីតាមីន តម្លៃច្រើនពាន់ច្រើនម៉ឺននោះបានបាត់ទៅហើយ។
តែ បើមានអាការធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយទៀត ក្នុងការជួយជីវិតលោកអ្នកបានដូចគ្នា ដូច្នេះត្រូវពិនិត្យមើលខ្លួនឯងថា តើមានភាពចាំបាច់ក្នុងការទទួលទានវីតាមីនបន្ថែមច្រើនតិចប៉ុនណា?។
ចំណុចមិនល្អរបស់ការទទួលទានវីតាមីនបន្ថែម

បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរជ្រុលពេក អាចធ្វើឱ្យរាងកាយបានទទួលវីតាមីនមួយនោះច្រើនលើសតម្រូវការ ថ្លើម និងក្រលៀនត្រូវធ្វើការខ្លាំងដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើ និងត្រូវចោល ហើយការបានទទួលវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតជំងឺច្រើនឡើងបានដូចគ្នា ដូចជា បើសិនជាទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងការកើតក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬពិបាកនឹងបញ្ឈប់(ពេលមានរបួស)បើសិនជាទទួលទានខ្លាញ់ត្រីច្រើនជ្រុលពេក ជាដើម។

ដូច្នេះ មុននឹងទទួលទានអាហារបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នផង ដើម្បីឱ្យបានទទួលមកតែគុណប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងត្រូវការ៕

Image credit: Oscar Wong/Getty Images
×