Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ៥រឿង ដែលកូនកំលោះ-កូនក្រមុំ មិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នក ក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយ (ដើម)ក្នុងន័យអវិជ្ជមាន ក្រោយចប់ពិធីនោះ អ្នកមិនគួរធ្វើរឿង ៥យ៉ាងខាងក្រោមនេះ ជាដាច់ខាត។ ព្រោះនឹងធ្វើឱ្យកូនកំលោះ-កូនក្រមុំ ត្រូវគេមើលឃើញថា ជាមនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវ ដែលមកចូលរួមពិធីរបស់ខ្លួន…

១.ត្រៀមវត្ថុអនុស្សាវរីយ៍ មកមិនគ្រប់គ្រាន់

តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការ ត្រូវតែត្រៀមឱ្យបានគ្រប់ ឬលើសបន្តិចបន្តួចជាមួយនឹងចំនួនភ្ញៀវ ដែលបានអញ្ជើញ គឺជារឿងដែលកូនកំលោះ-កូនក្រមុំ មិនអាចមើលរំលងបានឡើយ ព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនទាន់បាន មានអារម្មណ៍ខកចិត្ត និងមិនសូវសប្បាយចិត្ត។

២.ចែកសំបុត្រអញ្ជើញ កៀកពេលខ្លាំងពេក

ការចែកសំបុត្រអញ្ជើញចូលរួមមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផង ព្រោះបើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ត ហើយអាចនឹងគិតថា ជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។

៣.ទុកឱ្យភ្ញៀវ រង់ចាំពិធីការយូរពេក

ការដំណើរការកម្មវិធីផ្សេងៗ គួរតែប្រព្រឹត្តទៅតាមកាលវេលា ដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវ ដែលមកចូលរួម ត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សម មុនពេលធ្វើពិធីមែនទែន ក៏ជាការល្អដែរ។

៤.មិនរៀបចំកន្លែងអង្គុយ ជូនភ្ញៀវ

ការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះ-កូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។

៥.មានបញ្ហាជាមួយមនុស្ស ដែលមិនត្រូវគ្នា

អាចមានខ្លះដែរ ដែលភ្ញៀវមកចូលរួមពិធី ជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះ ដែលរឿងនេះ កូនកំលោះ ឬកូនក្រមុំ គួរតែអត់ធ្មត់ សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់ខ្លួនជាដាច់ខាត មិនដូច្នោះទេ ពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕

×