Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​បាត់! តារា​ស្រី​ថៃ​ដ៏​ល្បី Pinky ត្រូវ​ចាប់ខ្លួន​ពី​បទ​ឆ.បោក​លុយរាប់​លា​ន តាម​អុីន​ធើ​រណែ​ត ធានា​បាន​ប្រាក់ចំណេញ​រហូត ៨០% តែ​ចុងក្រោយ…

សារព័ត៌មាន Thai PBS World បានរាយការណ៍ថា តារាសម្តែងស្រីដ៏ល្បីនាង Savika Chaiyadej (ហៅកាត់ថា Pinky) រួមជាមួយម្តាយបង្កើតរបស់នាង Sarinya Chaiyadej និងប្អូនប្រុស Surayuth Chaiydej ស្ថិតក្នុងចំណោមមនុស្ស ១៩ នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា ក្រោមការចោទប្រកាន់ពីបទឆបោក តាមរយៈរយៈ​កម្មវិធីបោកប្រាស់​វិនិយោគហិរញ្ញវត្ថុ Forex-3D។

Pinky និង​សាច់ញាតិរបស់នាង​ បានប្រើ​លិខិតបញ្ជាក់​កម្មសិទ្ធិដីជា​វត្ថុបញ្ចាំ​ក្នុងពាក្យសុំនៅ​ក្រៅ​ឃុំ។ តែទោះ​ជា​យ៉ាងណា តុលាការឧក្រិដ្ឋកម្មនៃ​ប្រទេសថៃ បានច្រានចោលសំណើ​របស់ជនជាប់ចោទ ដោយបារម្ភថា ពួកគេ​អាចនឹងព្យាយាមរត់គេចខ្លួន។ បន្ទាប់ពីបើកសវនាការ តារា​ស្រីវ័យ​៣៦​ឆ្នាំ ម្តាយបង្កើត និងប្អូនប្រុស​ត្រូវឃុំខ្លួន។

យោងតាម ​​Thaiger បានឱ្យដឹងថា Pinky និងសាច់ញាតិរបស់នាង បានចាប់ផ្តើមផ្សព្វផ្សាយកម្មវិធី Forex-3D នៅខែមករា ឆ្នាំ២០២០។

ក្រៅ​ពី Pinky ប៉ូលិសថៃ ​ថ្មីៗនេះក៏បានប្រកាសថា ​តារា​ពីរនាក់ទៀតក្នុងចំណោមជនសង្ស័យ ១៩ នាក់​ដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ​គឺមានតារា​សម្ដែង Thunsiwat Chantanukul (អាយុ ២៩ ឆ្នាំ) និង Kasem Kolpraneet (អាយុ ៣២ ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់​ក៏ត្រូវបានបដិសេធមិនឱ្យនៅ​ក្រៅ​ឃុំដែរ។

នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បាននិយាយថា មនុស្សប្រហែល ១៤,០០០ នាក់ ត្រូវបានបោកបញ្ឆោតឱ្យវិនិយោគតាមរយៈកម្មវិធី Forex-3D ជាមួយនឹងចំនួនទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ១.៩ ពាន់លានបាត ។ យោងតាមល្បិចរបស់អ្នកឆបោក គឺគេនឹងផ្តល់ប្រាក់ចំណេញទៅឲ្យ “អ្នកត្រូវបានបោក” 60-80% ត្រឡប់មកវិញ ទៅលើការវិនិយោគរបស់ពួកគេ។ តែទោះ​ជា​យ៉ាងណា តាមការពិត ជនរងគ្រោះ​មិនបានទទួលប្រាក់ចំណេញសូម្បីតែមួយរៀល​ដូចតាមការសន្យា ឬផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីរបស់ពួកគេនោះ​ទេ។

DSI ក៏បានប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ២៣០ លានបាត ដែលរឹបអូសពីក្រុមហ៊ុនវិនិយោគ Forex-3D ដឹកនាំដោយលោក Apirak Kotethi ទៅកាន់ការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីរក្សាទុក មុនពេលដោះស្រាយ ដើម្បីប្រគល់ទៅឲ្យជនរងគ្រោះវិញ។ ទ្រព្យសម្បត្តិខាងលើរួមមាន រថយន្ត ១៤ គ្រឿង លិខិតបញ្ជាក់ប្រើប្រាស់ដី ១២ គោយន្ត ១១ គ្រឿង ស្លាកលេខថ្លៃ ៩ ខ្សែ នាឡិកាដៃ ឧបករណ៍ហាត់ប្រាណ ៥៤ ឈុត និងគ្រឿងអលង្ការមាសផងដែរ។

DSI បានចាប់ផ្តើមស៊ើបអង្កេតការឆបោកទ្រង់ទ្រាយធំនេះ គឺចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីជនរងគ្រោះជាច្រើន បានដាក់ពាក្យបណ្តឹងថា Forex-3D គឺជាគ្រោងការបោកប្រាស់។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មេក្លោង Apirak Kotethi ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានប្រព្រឹត្តិការក្លែងបន្លំដោយការស្វែងរកការវិនិយោគសាធារណៈ តាមរយៈវេទិកាអនឡាញដូចជាគេហទំព័រ Forex-3D និងនៅលើ Facebook ។

Savika Chaiyadej គឺជាតារាចម្រៀង តារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូបនៅក្នុងប្រទេសថៃ។ នាងបានលេចមុខក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង “កូនអយុត្តិធម៌”, “Catwalk Love Net”, “Step Mother”… ។ Pinky ក៏ជាមិត្តដ៏ល្អរបស់ Tangmo តារាស្រី “ស្លឹកឈើហោះ” ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×