ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះបានសម្រេចដាក់ទណ្ឌកម្មដោយឯកតោភាគី លើមន្ត្រីកូរ៉េខាងជើងចំនួន ១៨នាក់ ដោយហាមមិនឲ្យមានការដោះដូរជំនួញហិរញ្ញវត្ថុរវាងប្រជាជនកូរ៉េខាងត្បូង និងមនុស្សដែលរងទណ្ឌកម្មទាំងនោះ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channle News Asia។
ការដាក់ទណ្ឌកម្មបន្ថែមរបស់កូរ៉េខាងត្បូងលើបុគ្គលកូរ៉េខាងជើង គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបិតខ្ទប់លំហូរសាច់ប្រាក់ខុសច្បាប់របស់របបកុម្មុនិស្តព្យុងយ៉ាង។
បុគ្គលទាំង ១៨នាក់ដែលកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្ម គឺមានទំនាក់ទំនងផ្ទាល់ជាមួយនឹងធនាគាររបស់កូរ៉េខាងជើងជាច្រើន។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង។
បើតាមមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានចូលរួមដំណើរការនៃការដាក់ទណ្ឌកម្មលើបុគ្គលកូរ៉េខាងជើងបានឲ្យដឹងថា “អ្នកទាំង ១៨នាក់ដែលជាមនុស្សនៅវិទ្យាស្ថានហិរញ្ញវត្ថុកូរ៉េខាងជើង ត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិរួចមកហើយ។ ពួកគេគឺជាបុគ្គលិកជាន់ខ្ពស់ដែលជាប់ទាក់ទងដោយផ្ទាល់ទៅនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងកិច្ចការផ្គត់ផ្គងការដូរប្រាក់បរទេស”។
អ្នកនាំពាក្យក្រសួងរួបរួមកូរ៉េខាងត្បូង ឈ្មោះ Baek Tae-hyun បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ការដាក់ទណ្ឌកម្មគឺមានគោលបំណងជំរុញឲ្យប្រជាជនចៀសវាងធ្វើជំនួញជាមួយនឹងកូរ៉េខាងជើង និងមានការប្រុងប្រយ័ត្នជាមួយនឹងជំនួញដែលជាប់ទាក់ទឹងនឹងកូរ៉េខាងជើង”។
អ្នកនាំពាក្យដដែលថ្លែងទៀតថា ពួកយើងរំពឹងថាវានឹងអាចជួយខ្ទប់ប្រភពការផ្លាស់ប្តូរប្រាក់បរទេសរបស់កូរ៉េខាងជើង និងការអភិវឌ្ឍន៍អាវុធរបស់វា។
ការប្រកាសពីទណ្ឌកម្មបន្ថែមប្រឆាំងនឹងមន្ត្រីសំខាន់ៗកូរ៉េខាងជើង បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ដែលកំពុងធ្វើដំណើរទស្សនៈកិច្ចនៅក្នុងតំបន់អាស៊ី ៕ ដោយ ៖ សុភ័ក្ត្រ