ស្ងាប ជាអាការដែលយើងជួបប្រទះញឹកញាប់នៅលើមនុស្សគ្រប់វ័យ ដែលរហូតមកដល់ពេលនេះហើយ ក៏នៅតែមិនទាន់មានចម្លើយដែលច្បាស់លាស់ណាមួយបញ្ជាក់ថា ហេតុអ្វីបានមនុស្សយើងត្រូវស្ងាបនៅឡើយ តែមានទ្រឹស្ដីជាច្រើន បានបកស្រាយអំពីថា តើហេតុអី បានមនុស្សត្រូវស្ងាប និងហេតុអីបានត្រូវស្ងាបតាមគ្នា? ទ្រឹស្ដីទាំងអស់នោះមានដូចជា…
ជួយឱ្យយើងមានអារម្មណ៍លែងងងុយគេង
ជាអ្វីដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការស្ងាបតែងតែតាមមកដោយការធ្វើចលនារាងកាយ ដូចជាការពត់ខ្លួន ឬក្រោកឈរឡើង ជាដើម ដែលទង្វើដ៏គួរឱ្យរំខានទាំងអស់នេះ អាចជួយទប់ស្កាត់អារម្មណ៍ងងុយគេងដែលកំពុងកើតឡើងបាន។
ជួយបន្ថែមភាពត្រជាក់ដល់ខួរក្បាល
ទ្រឹស្ដីមួយទៀតបានប្រាប់ថា ការស្ងាបជួយឱ្យខួរក្បាលត្រជាក់។ ដោយសារតែការស្ងាបនឹងធ្វើឱ្យយើងត្រូវស្រូបខ្យល់ដង្ហើមចូលវែងៗ ដើម្បីទាញយកខ្យល់អាកាសត្រជាក់ៗចូលទៅតាមមាត់ បន្ទាប់ពីនោះក៏នឹងធ្វើឱ្យឈាម ដែលកំពុងហូរទៅចិញ្ចឹមខួរក្បាលត្រជាក់ចុះ។ អ្នកកំណត់ទ្រឹស្ដីនេះ បានអះអាងថា មានការសង្កេតឃើញសីតុណ្ហភាពរបស់ខួរក្បាលកើនឡើងខ្ពស់ ក្នុងអំឡុងពេលមុនស្ងាប និងសង្កេតឃើញថា សីតុណ្ហភាពបានថយចុះ ក្នុងអំឡុងពេលក្រោយស្ងាបរួច។
ហេតុអីបានមានការស្ងាបតាមៗគ្នា?
ការស្ងាប ជាទង្វើមួយ ដែលអាចធ្វើឱ្យកើតឡើងតាមគ្នាបាន ដូច្នេះពេលដែលឃើញនរណាម្នាក់ស្ងាប យើងក៏ច្រើនតែចង់ស្ងាបតាមដែរ ដែលអាការនេះ មានការសន្និដ្ឋានថា ការស្ងាបតាមគ្នានេះ មានចំណែកពាក់ព័ន្ធនឹងកម្រិតនៃការយល់ចិត្តយល់ថ្លើម និងយល់ពីអារម្មណ៍របស់អ្នកដទៃ។
បើមិនចង់ស្ងាប ចូរសាកល្បងធ្វើបែបនេះ…
. ដកដង្ហើមចូលវែងៗ៖ បើអ្នកណាមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាស្ងាបច្រើនពេកនោះ ចូរសាកល្បងដកដង្ហើមចូល-ចេញ វែងៗតាមច្រមុះ ព្រោះដោយសារតែរាងកាយ អាចត្រូវការអុកស៊ីហ្ស៊ែនក្នុងបរិមាណច្រើនឡើងហ្នឹងឯង។ ការស្រាវជ្រាវមួយបានរកឃើញថា ការដកដង្ហើមចូល-ចេញវែងៗ អាចជួយបន្ថយអាការដែលចង់ស្ងាបតាមៗគ្នាបាន។
. កម្រើករាងកាយ៖ អ្នកគួរកម្រើករាងកាយឱ្យច្រើនឡើង កុំអង្គុយនៅស្ងៀម ក្រៅពីនេះ អារម្មណ៍នឿយល្វើយ ធុញទ្រាន់ និងតានតឹង ក៏ច្រើនតែធ្វើឱ្យមនុស្សយើងកើតអាការស្ងាបច្រើនបានដែរ។
. ធ្វើឱ្យរាងកាយត្រជាក់៖ អ្នកអាចប្រើវិធី ចេញទៅដើរលេងនៅក្នុងទីកន្លែងដែលមានធាតុអាកាសល្អ ឬមានសីតុណ្ហភាពដែលត្រជាក់ស្រួលជាងកន្លែងចាស់ តែបើអ្នកគ្មានពេលដើម្បីធ្វើបែបនោះបាន ក៏សាកល្បងញ៉ាំភេសជ្ជៈត្រជាក់ៗ ឬញ៉ាំនំត្រជាក់ៗ ដូចជាអៃស្គ្រីម ឬទឹកកឈូសក៏បាន។ នៅពេលសីតុណ្ហភាពរបស់រាងកាយត្រជាក់ចុះហើយ ប្រហែលនឹងជាជួយឱ្យអាការស្ងាបច្រើននោះថយចុះ ឬបាត់អស់ទៅវិញបាន។
បើស្ងាបច្រើន ឬស្ងាបញឹកញាប់ជ្រុលពេក គួរត្រូវទៅជួបគ្រូពេទ្យឬទេ?
អ្នកគួរតែទៅជួបគ្រូពេទ្យ បើមានអារម្មណ៍ថា អាការស្ងាបរបស់អ្នកមិនប្រក្រតី និងមានអាការផ្សេងទៀតកើតឡើងជាមួយ ដែលអាចជាអាការដែលរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួរប្រាប់គ្រូពេទ្យថា មានអាការស្ងាបកើតឡើងនៅពេលណា រួមទាំងអាការផ្សេងៗអ្វីខ្លះ ដែលកើតឡើងរួមជាមួយ ដូចជាមើលឃើញមិនសូវច្បាស់ ឈឺចាប់នៅត្រង់កន្លែងណាមួយ ឬមានការមិនបានគេងសម្រាកដែរឬទេ ជាដើម។ ព័ត៌មានទាំងអស់នេះ អាចនឹងជួយឱ្យគ្រូពេទ្យវិនិច្ឆ័យអាការ ដែលបង្កប់នៅក្នុងរាងកាយរបស់អ្នកបាន រួមទាំងការណែនាំក្នុងការព្យាបាល ដែលល្អប្រសើរឡើងផងដែរ។
ការពិតទៅ ការស្ងាប អាចជាសញ្ញាខាងរាងកាយ ដែលកើតអាការចង់ឈ្នះចង់ចាញ់គ្នា រវាងអាការដឹងខ្លួន និងអាការងងុយគេង ហើយនៅទីបំផុតក៏ធ្វើឱ្យកើតអាការងោក និងលក់ក្នុង(អារម្មណ៍គេងលក់ តែភ្នែកនៅបើក) ដូច្នេះពេលនោះ បើអាការងងុយគេងមានជ័យជម្នះ ហើយស្មារតី និងអារម្មណ៍របស់មនុស្សដែលកំពុងបើកបរ បញ្ជាឱ្យត្រូវចតរថយន្ត ដើម្បីឈប់សម្រាកសិននោះ យើងគួរតែធ្វើតាមបញ្ជារបស់រាងកាយ…៕