ករណីបុគ្គលដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhey Lii (ប្តូររូបប្រូហ្វាល់ម្តងដាក់រូបស្រីស្អាតនេះម្តងដាក់រូបស្រីស្អាតនោះ) ដែលបានអះអាងថាខ្លួនជាអ្នករកសុីកម្ចីការប្រាក់តាមអនឡាញ ដោយមិនដឹងថា បាននិងកំពុងគំរាមកំហែងជំរិតទារប្រាក់ពីប្រជាជនខ្មែរដែលជាអ្នកអត់ដឹងរឿង អត់ដឹងខ្យល់អ្វី អស់ប៉ុន្មាននាក់រួចមកហើយនោះទេ ខណៈដែលកាលពីពេលថ្មីៗនេះ គណនីខាងលើ បានខលចង់ធ្វើសុីពិធីករលោក សុខ រ៉ាសុី ឡើងតឹងសរសៃក ដោយចោទថា លោកជាអ្នកធានាឲ្យឈ្មោះ ឆើត ឆាយ ចងការលុយពីខ្លួនចំនួន 350$ ប៉ុន្តែ មិនសង។
ដោយឡែក ថ្មីៗនេះទៀត មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែមិននឹកស្មានថា គណនីឈ្មោះ Chhey Lii នេះ អាចធ្វើបាន ដោយបានបង្ហោះសារប្រកាសក្តែងៗឲ្យលោកឧកញ៉ា ទៀ វិចិត្រ ប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលជាមួយក្រុមហ៊ុនខ្លួនជាបន្ទាន់ បើមិនចង់ខ្មាសគេ និងសូម្បីលោកទំទាវ នឹម វណ្ណៈ កូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន សុីណាត ក៏ក្រុមបុគ្គលនេះហ៊ានធ្វើរឿងដូចគ្នានេះដែរ ដោយបញ្ជាក់ថាលោកជំទាវជំពាក់បំណុលកម្ចីការប្រាក់ក្រុមហ៊ុនខ្លួនចំនួន ៥ ពាន់ដុល្លារ និងគំរាមក្តែងៗថា បើមិនប្រញាប់ដោះស្រាយទេ នឹងដាក់ឲ្យផ្អើលខ្មាសគេ កុំចង់ខ្លាំងជាមួយក្រុមហ៊ុនចិន។
ក្រោយពីពានឃើញបែបនេះ លោកជំទាវ នឹក វណ្ណៈ បានសម្តែងការហួសចិត្តថា៖ «យី ធ្លាប់តែលឺគេថា កម្ចីប្រាក់ចិនតាមអនឡាញ ដើរយករូបដែលមិនស្គាល់សោះមកផុសគំរាមគេ ទើបឃើញមិញចូលមកផុសទារលុយឯង ហើយក្បាច់ហ្នឹងរៀននៅសាលាណាលោកព្រះ? ហើយសរសេរឈ្មោះឯងអត់ត្រូវផង»។ តែជាមួយនឹងទង្វើដ៏ព្រហើននេះ លោកទំទាវក៏បានបញ្ជាក់ថា «ដាក់ពាក្យបណ្តឹង១មើល ក្រែងជាប់អន្ទាក់បានខ្លះ ដូចជួយសមត្ថកិច្ចវែកមុខ ក្រុមសង្គមងងឹតអស់នេះ»។
ដោយឡែក លោកឧកញ៉ា ទៀ វិចិត្រ ក៏មិនអត់ឱនឲ្យបានឡើយ ដោយលោកបានបញ្ជាក់យ៉ាងខ្លីបែបនេះថា៖ «មិនគួរឲ្យមាននៅក្នុងសង្គមយើងនោះទេ ខ្ញុំដាច់ខាតនឹងតាមរឿងនេះឲ្យដឹងមុខពិតរបស់ជនខិលខូចមួយនេះ!!»។
ជាមួយគ្នានេះផងដែរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ដែលស្អប់នូវទង្វើនេះ ក៏បានចូលរួមគាំទ្រ និងសង្ឃឹមជឿថាចំណាត់របស់លោកជំទាវ និងលោកឧកញ៉ាទាំងពីរ នឹងជួយកម្ចាត់ដង្កូវសង្គមនេះឆាប់ៗ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិក្នុងសង្គមយើង និងកិត្តិយសបុគ្គលយ៉ាងខ្លាំង…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












