បុរសសង្ហា ឬស្រីស្អាតតែងតែទាក់ភ្នែក ពេលបង្ហាញវត្តមាននៅទីសាធារណៈ ដែលមិនអាចប្រកែកបានក្នុងការចាប់អារម្មណ៍ពីនរណាម្នាក់ ឬមនុស្សជុំវិញ។ មិនមែនដោយសារតែភាពស្រស់ស្អាតបិទបាំងប៉ុណ្ណោះទេ ប៉ុន្តែជើងវែង និងស្ដើង ក៏ជាចំណុចមួយដែលធ្វើឱ្យមនុស្សជាច្រើនចង់ដឹងចង់ឃើញមិនស្ទើរនោះទេ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ គេហទំព័រ Apple Daily បានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមតៃវ៉ាន់ បានចែករំលែករូបថតរបស់នារីវ័យក្មេងម្នាក់ ដែលត្រូវបានលាតត្រដាងតាមរយៈក្រុមសហគមន៍ហ្វេសប៊ុក 爆廢公社公開版 ដែលមានអ្នកតាមដានប្រហែល ១.២ លាននាក់ នោះគឺជារូបភាពរបស់នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានរូបរាងជើងវែងស្វែលស្រឡូនដូចតារាម៉ូ អង្គុយលើរថភ្លើង។
នារីវ័យក្មេងនោះ បានអង្គុយគងទាក់ក្លាក្នុងកាប៊ីន ដោយដោះស្បែកជើងកែងចោទម្ខាង។ មើលដំបូង វាហាក់ដូចជានាងទើបតែបញ្ចប់ការងារហត់នឿយ ឬប្រហែលជាត្រូវចំណាយពេលយូរក្នុងការពាក់ស្បែកជើងកែងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សជាច្រើនផ្ដោតលើជើងរបស់នាង ពួកគេបានឃើញស្លាកស្នាមដ៏ចម្លែក ដែលមើលទៅជើងទាំងពីររបស់នាងហាក់ដូចជាត្រូវបានចងរឹបជាយូរណាស់មកហើយ រហូតទាល់តែមានស្នាមកើតឡើងបែបនេះ។
ភ្លាមៗបន្ទាប់ពីរូបថតនេះត្រូវបានចែករំលែក វាបានក្លាយជាការចាប់អារម្មណ៍របស់មនុស្ស នៅលើពិភពអនឡាញ។ ក្នុងនោះ មហាជនជាច្រើនបានឆ្ងល់ថា តើនាងកំពុងធ្វើអ្វីនៅលើជើងរបស់នាង បានជាចងរហូតឡើងស្លាក់ដល់ថ្នាក់នេះ។ ខណៈអ្នកផ្សេងទៀត បានយល់ឃើញថា នាងប្រហែលជាបានធ្វើកាយសម្ព័ន្ធជាមួយនឹងក្រណាត់ ឬអាចធ្វើលំហាត់យោគៈ។
តែទោះជាយ៉ាងណា ក្រោយមកក៏មានអ្នកដឹងថា នារីដ៏ស្រស់ស្អាតម្នាក់នេះ តាមពិតទៅគឺ Net Idol ដែលមានឈ្មោះថា Aju ដែលថ្មីៗនេះបានបង្ហោះរូបថតនេះ ទៅកាន់សង្គមអនឡាញរបស់នាង ជាមួយពាក្យថា “ឈឺខ្លាំងណាស់” ប៉ុន្តែ មិនបានឆ្លើយតបទៅនឹងការសាកសួរពីអ្នកលេងអ៊ីនធឺណិត ដែលចង់ដឹងរឿងនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

