កំលោះក្រមុំជាច្រើននាក់ជឿថា ការឈ្លោះជាមួយគូស្នេហ៍ គឺជាការបំផ្លាញសម្ព័ន្ធភាព គឺជាភាពបែកបាក់របស់ជីវិតគូ គឺជាការសាងស្នាមប្រេះឆាឱ្យសេចក្តីស្រឡាញ់ តែ ពួកគេមិនបានដឹងឡើយថា ការឈ្លោះជាមួយគូស្នេហ៍នេះ ការពិតវិញ វាអាចធ្វើឱ្យរូបអ្នកទាំង ២នាក់ ស្រឡាញ់គ្នាកាន់តែខ្លាំងឡើងទៅវិញទេ ហើយនិងក្លាយជាគូស្នេហ៍ healthy relationshipទៀតផង។
ចំណែកវិធីក្នុងការឈ្លោះគ្នា ដើម្បីឱ្យរឹតតែស្រឡាញ់គ្នាខ្លាំងឡើងនោះ មានដូចតទៅ…
១.រិះរកវិធីកែបញ្ហារឿងដដែលៗ យ៉ាងមានរបៀប
បើអ្នកទាំង ២នាក់ ធុញទ្រាន់នឹងការដែលត្រូវនិយាយតែរឿងដដែលៗ រហូតឡើងរួយមាត់ហើយ និងបើអ្នកដឹងថា បញ្ហានេះត្រូវតែមកប៉ះលើរូបអ្នកយ៉ាងប្រាកដនោះ អ្នកទាំង ២នាក់ ត្រូវតែជួយគ្នាគិតកែបញ្ហានោះឱ្យបាន យ៉ាងមានរបៀប ដើម្បីការពារកុំឱ្យបញ្ហានោះកើតឡើងដដែលៗម្តងទៀត។
២.រកមើលថា តើអំឡុងពេលណា ដែលឈ្លោះគ្នាញឹកញាប់បំផុត និងរិះរកវិធីកែខៃ
ក្នុងថ្ងៃដែលស្រវឹងរឡិករឡាក់ ក្នុងអំឡុងពេលមានវដ្តរដូវរបស់មនុស្សស្រី ក្នុងថ្ងៃដ៏សែននឿយហត់ពីការងារ…ដូច្នេះ ចូរធ្វើការងឿងឆ្ងល់អំពីវាថា ដោយសារហេតុអី បានជាអ្នកឈ្លោះគ្នានៅពេលទាំងអស់នោះ ច្រើនជាងអំឡុងពេលប្រក្រតី ដូច្នេះចូរចៀសវាងការប៉ះសម្ដីគ្នាក្នុងអំឡុងពេលទាំងអស់នោះ ឬបើសិនជាប្រុងនឹងឈ្លោះគ្នា ចូរប្រាប់នាង(ឬគេ)ផងទៅថា វាដោយសារតែមូលហេតុនេះឯង។
៣.ចាំទុកជាប់ជានិច្ចថា ការឈ្លោះគ្នា មិនមែនជាការបំផ្លាញសម្ព័ន្ធភាពនោះទេ
កុំទៅបាក់ទឹកចិត្ត គិតថា ឈ្លោះគ្នាពេលណា គឺចង់តែលែងលះគ្នាគ្រប់តែពេលនោះ។ ចូរសម្លឹងមើលការឈ្លោះគ្នា ឱ្យក្លាយជារឿង “សាងភាពយល់ដឹងរវាងគ្នា” បែងចែកឱ្យដាច់ថា តើវាគឺជាការឈ្លោះគ្នា បែបធ្វើបាបគ្នា ឬសាងភាពយល់ដឹងដល់គ្នា?
៤.ឈ្លោះគ្នាបាន តែហាមមើលងាយ និងស្តីបន្ទោសគ្នា
នៅពេលអ្នកទាំង២ សុទ្ធតែមានអារម្មណ៍ខឹងមួម៉ៅ វាជារឿងដែលងាយខ្លាំងណាស់ ដែលម្នាក់ៗ នឹងយករឿងរ៉ាវគ្រប់យ៉ាងមកបូករួម លាយឡំ ដើម្បីធ្វើជាពាក្យសម្ដីធ្ងន់ធ្ងរវាយប្រហារគ្នា ដូចជា “អូន(បង)ឯងមិនដែល…!!” “បង(អូន)ឯងធ្វើតែ…អ៊ីចឹងរហូត!!” ទាំងដែលបញ្ហានៃការឈ្លោះគ្នានោះ គ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ ដូច្នេះសូមឱ្យហ្វូខឹស តែលើអ្វីដែលឈ្លោះគ្នា និងប្រាប់ពីតម្រូវការទៅគូស្នេហ៍របស់អ្នក។ និយាយគ្នាឱ្យយល់ លើកឧទាហរណ៍ដូចជា “តើរូបបង(ឬអូន)ត្រូវនៅចាំតែបោសសម្អាតគ្រប់យ៉ាងនៅក្នុងជីវិតអូន(ឬបង)អ៊ីចឹងឬ?” តែគួរប្តូរមកជា “បន្ទប់អង្គុយលេងមើលទៅកខ្វក់ណាស់ ប្រហែលជាល្អមែនទែន បើសិនអូន(បង)ឯងជួយបង(អូន)សម្អាតរៀបចំវា”។ ត្រឹមតែប៉ុណ្ណឹងអ្នកទាំង ២នាក់ ក៏នឹងឈប់ឈ្លោះគ្នាបាត់ទៅហើយ។
៥.សុំពេលសម្រាកសម្រាប់ខ្លួនឯងខ្លះផង
ដូចគ្នានឹងកីឡាបាល់ទាត់ដែរ វាត្រូវតែមានពេលសម្រាកខ្លះ សម្រាប់រឿងរ៉ាវដ៏សែនឈឺក្បាលវិលមុខទាំងឡាយ ហើយការសម្រាកពីសម្ព័ន្ធភាពស្នេហ៍នេះ មិនមែនជាការធ្វើបាបរូបអ្នកទាំង ២នាក់ឡើយ វាគ្រាន់តែជាការផ្តល់ពេលវេលាឱ្យយើងបានគិត បានរំឭកអំពីរឿងរ៉ាវដែលកន្លងមក។ មិនប្រាកដដែរ ជួនកាលពេលវេលាថ្ងៃខែ ដែលផ្លាស់ប្តូរជារឿយៗទៅនោះ អាចនឹងធ្វើឱ្យរូបអ្នកទាំង២ គិតអ្វីបានច្រើនជាងមុន និងត្រិះរិះអ្វីៗបានកាន់តែល្អជាងមុនឡើង ក៏អាចថាបានដែរ។
៦.រៀនយល់ដឹងពីភាពមិនយល់ពីគ្នាទៅវិញទៅមក
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ និងក៏ប្រហែលជាគ្មានគូស្នេហ៍ ១គូណា ដែលយល់ចិត្តគ្នារហូតដែរ តែវាស្ថិតនៅត្រង់ថា អ្នកទាំង ២នាក់ ត្រូវព្យាយាមយល់អំពីរឿងរ៉ាវទាំងនោះ បានច្រើន ឬតិចប៉ុនណាទៅវិញទេ។ ដូច្នេះចូររៀនយល់ដឹង កែសម្រួល និងដោះស្រាយវាឱ្យបានជាប់ជានិច្ច។
៧.ធ្វើរឿងល្អៗចំពោះសេចក្តីស្នេហាលើកនេះ ឱ្យបាន “រាល់ថ្ងៃ”
ផ្តល់នូវការគោរព ផ្តល់នូវភាពស្មោះត្រង់ ផ្តល់នូវសេចក្តីស្រឡាញ់ ផ្តល់នូវការយកចិត្តទុកដាក់ចំពោះសេចក្តីស្នេហាឱ្យបានរៀងរាល់ថ្ងៃ ដូចជា ទូរស័ព្ទទៅរក ធ្វើម្ហូបឱ្យញ៉ាំ ទិញនំមកផ្ញើ…តែប៉ុណ្ណឹង រឿងល្អៗក្នុងសេចក្តីស្នេហារបស់អ្នក ក៏នឹងហុចផលនាពេលអនាគត ដែលនឹងជួបប្រទះតែរឿងល្អៗបានបាត់ទៅហើយ៕