Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ វិធីសាងសេចក្តីសុខឱ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន

ពិតប្រាកដណាស់ថា ពេលដែលយើងកើតមកលើពិភពលោកនេះ ម្នាក់ៗសុទ្ធតែស្វែងរកអ្វីដែលហៅថា សេចក្តីសុខ និងសេចក្តីសប្បាយ រីករាយចិត្តទាំងអស់ ព្រោះថា គ្មាននរណាម្នាក់ចូលចិត្តសេចក្តីទុក្ខសោក ឬការលំបាកចិត្តឡើយ ដូច្នេះសម្រាប់អ្នកណាដែលកំពុងសម្លឹងរកមើលវិធីសាងសេចក្តីសុខឱ្យជីវិតរបស់ខ្លួនឯង និងក្រុមគ្រួសារនាពេលនេះ ថ្ងៃនេះយើងមានចំណុចណែនាំងាយៗ មកជម្រាបជូនដូចតទៅ…

១.ចេះសម្លឹងមើលអ្នកដទៃក្នុងន័យល្អ និងមើលពិភពលោកក្នុងន័យស្រស់ស្អាត៖ ទង្វើនេះ គឺជាការហ្វឹកហាត់ខ្លួនឯងបែបងាយៗម្យ៉ាង ហើយរឿងចម្បងៗនោះគឺ យើងត្រូវចេះសម្លឹងមើលអ្នកដទៃដោយខ្សែភ្នែកនៃសេចក្តីសុខ មិត្តភាព ប្រាសចាកសេចក្តីក្រោធខឹង ស្អប់ខ្ពើម ឬប្រយ័ត្នប្រយែង ត្រឹមតែប៉ុណ្ណឹង ក៏នឹងធ្វើឱ្យជីវិតរបស់យើង មានសេចក្តីសុខច្រើនឡើងបានទៅហើយ និងរួមទាំងការហ្វឹកហាត់ឱ្យខ្លួនឯង សម្លឹងមើលអ្វីជុំវិញខ្លួនបែបវិជ្ជមាន និងមិនគិតតែពីរឿងអវិជ្ជមាន ជ្រុលហួសហេតុពេកផងដែរ។

២.ធ្វើបច្ចុប្បន្ន ឱ្យល្អបំផុត៖ មានន័យថា គឺជាការមានជីវិតរស់នៅជាមួយនឹងបច្ចុប្បន្នយ៉ាងមានសេចក្តីសុខ កុំទៅកង្វល់ពីអតីតកាល ឬអនាគតកាល ដែលមិនទាន់មកដល់ច្រើនជ្រុលពេក ព្រោះយើងមិនអាចកែខៃ ឬជួសជុលអ្វីបានឡើយសម្រាប់អតីតកាល និងមិនអាចស្មានដឹងមុនពីអនាគតកាលបានឡើយ។ ដូច្នេះហើយ ទើបយើងគួរតែមានជីវិតរស់នៅក្នុងថ្ងៃនេះ យ៉ាងមានសេចក្តីសុខ និងធ្វើអ្វីគ្រប់យ៉ាងឱ្យល្អបំផុត នោះអនាគតដែលល្អ ក៏នឹងរត់មករកយើងដោយខ្លួនឯង។

៣.មានសេចក្តីសង្ឃឹម៖ ប្រាកដណាស់ថា សេចក្តីសង្ឃឹមនេះ ជាអ្វីមួយដែលចិញ្ចឹមថែផ្លូវចិត្តរបស់មនុស្សយើង ធ្វើឱ្យកើតក្តីមានះ ឧស្សាហ៍ព្យាយាម ដូច្នេះហើយ ទើបយើងចាំបាច់ត្រូវមានសេចក្តីសុខជាប់ជានិច្ច។ ទោះជាមានជីវិតរស់នៅជាមួយសេចក្តីទុក្ខលំបាកប៉ុនណាក្ដី តែចូរគិត និងធ្វើគ្រប់យ៉ាងក្នុងថ្ងៃនេះឱ្យបានល្អយ៉ាងពេញទំហឹង និងមានសេចក្តីសង្ឃឹមជាប់ជានិច្ច ព្រោះការមានសេចក្តីសង្ឃឹមជាប់ជានិច្ចនេះ ក៏អាចធ្វើឱ្យជីវិតយើងមានសេចក្តីសុខបានដូចគ្នា។

៤.មើលមកខ្លួនឯងថា មានតម្លៃជានិច្ច៖ ហាមគិតថា ជីវិតរបស់យើងនេះ គ្មានតម្លៃសម្រាប់អ្នកណាឱ្យសោះ ព្រោះការពិតទៅ រូបយើងនេះ តែងមានតម្លៃសម្រាប់មនុស្សដែលគេស្រឡាញ់យើងជានិច្ច មិនថាតែឪពុកម្តាយ សាច់ញាតិបងប្អូន ឬមិត្តភក្តិជិតដិតឡើយ។ ដូច្នេះ នៅពេលកើតមានអារម្មណ៍មិនល្អ ខូចចិត្ត មិនថាតែរឿងអ្វីក៏ដោយ ចូរកុំទៅប្រកាន់ខ្ជាប់ជាមួយអារម្មណ៍ទាំងនោះ បណ្តោយឱ្យវាកន្លងផុតទៅ និងត្រូវគិតជាប់ជានិច្ចថា ជីវិតយើងមានតម្លៃ ខ្លាំងជាងដែលត្រូវនៅកប់លង់ជាមួយអារម្មណ៍មិនល្អទាំងនោះ។
៥.ស្គាល់ពីការផ្ដល់ឱ្យ៖ ការផ្តល់ឱ្យក្នុងទីនេះ មិនចាំបាច់ត្រូវតែជាវត្ថុ របស់របរ ឬរបស់មានតម្លៃនោះទេ តែវាមានន័យពីអ្វី ដែលមិនអាចកាត់ថ្លៃបាន ដូចជា ទឹកចិត្ត ជាដើម។ ការមេត្តាអនុគ្រោះ ការចែករំលែក គឺជាវិធីបង្កើនសេចក្តីសុខខាងផ្លូវចិត្តម្យ៉ាង និងចូរគិតជាប់ជានិច្ចថា ការផ្តល់ឱ្យ គឺតែងតែនាំមកនូវរឿងល្អៗ ត្រឡប់មករក ទាំងអ្នកឱ្យ និងអ្នកទទួលជានិច្ច។ ត្រឹមតែប៉ុណ្ណឹង យើងក៏មានសេចក្តីសុខទៅហើយ។

យើងមើលឃើញថា សេចក្តីសុខ គឺជារឿងដែលពាក់ព័ន្ធនឹងអារម្មណ៍នឹកគិតទាំងអស់ ហើយយន្តការនៃការបង្កើនសេចក្តីសុខនេះ មិនចាំបាច់ត្រូវមានបច្ច័យអ្វីមកពាក់ព័ន្ធនាំឱ្យច្របូកច្របល់ឡើយ ត្រឹមតែយើងគិតល្អ ធ្វើល្អ មានជីវិតរស់នៅជាមួយបច្ចុប្បន្នឱ្យល្អ និងមានសេចក្តីសង្ឃឹម មានកម្លាំងចិត្តជាប់ជានិច្ច ត្រឹមតែប៉ុណ្ណឹង ជីវិតរបស់យើងនឹងមិនស្ថិតនៅឆ្ងាយពីពាក្យថា “សេចក្តីសុខ” បានបាត់ទៅហើយ៕

×