ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់បក់បោកដ៏ខ្លាំងក្លា នៅព្រឹកនេះ (ថ្ងៃទី២៥ ខែសីហា) បានបណ្តាលឲ្យផ្លូវជាច្រើននៅទីក្រុងហាណូយ ត្រូវជន់លិច និងបង្ខំអ្នកដំណើរនៅតំបន់ជាច្រើន ត្រូវឈប់រកកន្លែងជ្រកសុវត្ថិភាព ព្រោះពិបាកក្នុងការធ្វើដំណើរ។
តាមសារព័ត៌មានរបស់វៀតណាម soha បានរាយការណ៍ថា នៅម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី ២៥ ខែសីហា ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់បក់ខ្លាំង និងផ្គរលាន់ បានលេចឡើងនៅទីក្រុងហាណូយ។ ភ្លៀងធ្លាក់ក្នុងរយៈពេលខ្លី ប៉ុន្តែផ្លូវជាច្រើនត្រូវបានជន់លិច។
អ្នកស្រី Nguyen Hai (ផ្ទះនៅ Hoai Duc ទីក្រុងហាណូយ) បាននិយាយថា គាត់កំពុងជិះម៉ូតូនៅលើផ្លូវលេខ៣២ ប៉ុន្តែត្រូវឈប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ជាពិសេសគឺខ្យល់បោកបក់ខ្លាំងតែម្តង។ អ្នកស្រី Hai បានបន្តថា “ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង ពេលខ្លះក៏មានខ្យល់ព្យុះ ដែលហាក់ដូចជាអាចទាញមនុស្សឲ្យប៉ើងបាន”។
យោងតាមការព្យាការណ៍អាកាសធាតុ នៅថ្ងៃនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅពេលរសៀល និងពេលយប់ នៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះផងដែរ ប្រធានសហគ្រាសបង្ហូរទឹកមួយ នៅទីក្រុងហាណូយ បាននិយាយថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចហើយសម្រាប់ស្ថានភាពដែលអាចកើតមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








