Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ វត្ថុតាំងលម្អផ្ទះ បង្កើនជោគលាភ បន្ថែមសេចក្ដីសុខ

ការជ្រើសរើសវត្ថុតុបតែងតាំងលម្អផ្ទះ ជាទូទៅ ច្រើនតែជ្រើសរើសតាមការនិយមចូលចិត្ត និងឡៃហ្វ៍ស្តាយល៍របស់បុគ្គលម្នាក់ៗ ឬអ្នកខ្លះអាចនឹងជ្រើសរើសតាមស្តាយល៍របស់ផ្ទះ ដើម្បីឱ្យវត្ថុតុបតែងលម្អនោះ និងផ្ទះ មើលទៅស៊ីគ្នា ខណៈពេលជាមួយគ្នា អ្នកខ្លះក៏ជ្រើសរើសក្នុងការតុបតែង ដោយការរកវត្ថុសិរីមង្គល មកដាក់តាំងដើម្បីបង្កើនទ្រព្យ បង្កើនបារមី ទាំងតាមជំនឿដែលជឿតៗគ្នាមក និងតាមជំនឿតាមសាស្ត្រាហុងស៊ុយ។ អត្ថបទខាងក្រោមនេះ យើងសូមនាំមិត្តអ្នកអាន ទៅស្គាល់វត្ថុតុបតែងផ្ទះ ដែលមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេ តែនៅមានអត្ថន័យល្អទៀតផង ដោយវត្ថុនីមួយៗបានទទួលនូវការនិយមយកមកដាក់តាំងលម្អផ្ទះជាយូរមកហើយ។ ដូច្នេះ តើវត្ថុតុបតែងលម្អទាំងនោះ មានបង្កប់អត្ថន័យអ្វីខ្លះនោះ សូមតាមដានដូចតទៅ…

១.តុក្កតាឆ្មាបក់ដៃ

ម៉ានេគិ នេកុ ឬឆ្មាបក់ដៃ រូបចម្លាក់ឆ្មាតុក្កតាមុខមាត់គួរឱ្យស្រឡាញ់ គឺជារឿងតំណាលបុរាណរបស់វត្ត Gotokuji ក្នុងប្រទេសជប៉ុន។ ជនជាតិជប៉ុនជឿថា ឆ្មា គឺជាសត្វនាំលាភសំណាង ជួយទាក់ទាញអតិថិជន និងភាពមានបាន។ ជំនឿដែលថានេះ មានឥទ្ធិពលលើមនុស្សម្នាទូទាំងពិភពលោក អ្នកទេសចរដែលមានឱកាសបានទៅលេងប្រទេសជប៉ុន និយមទិញតុក្កតាឆ្មាបក់ដៃនេះ មកដាក់តាំងលម្អផ្ទះ ដើម្បីបង្កើនលាភសំណាង និងបារមី។
ក្រៅពីរូបចម្លាក់ឆ្មាហើយ ពណ៌ និងលក្ខណៈ អាកប្បកិរិយារបស់ឆ្មាបក់ដៃ ថែមទាំងប្រាប់អំពីអត្ថន័យ ដែលផ្សេងៗពីគ្នាទៀតផង ដូចជាឆ្មាបក់ដៃពណ៌ស នឹងនាំមកនូវសេចក្ដីសុខ, ឆ្មាបក់ដៃពណ៌ខ្មៅ នឹងជួយការពារការឈឺថ្កាត់, ពណ៌បៃតង និងខៀវ នឹងនាំមកនូវភាពជោគជ័យលើការងារ, ពណ៌ក្រហម នឹងជួយការពាររឿងអាក្រក់ចង្រៃ, ពណ៌មាស នឹងនាំមកនូវភាពមានបាន និងស្ថិតស្ថេរ, ពណ៌ផ្កាឈូក ជួយទាក់ទាញសេចក្ដីស្រឡាញ់ ឱ្យចូលមកក្បែរខ្លួន។ អ្នកណាដែលចង់បង្កើនផ្នែកណាមួយដល់ជីវិត អាចសាកល្បងរកតុក្កាតឆ្មាបក់ដៃ តាមពណ៌នីមួយៗមកដាក់តាំងលម្អផ្ទះបាន។

២.រូបតុក្កតាក្រុមគ្រួសារ

ផ្ទះដែលមានភាពកក់ក្ដៅ ជាផ្ទះដែលមានសមាជិកក្នុងក្រុមគ្រួសាររស់នៅជួបជុំគ្នា តែសម្រាប់អ្នកនៅលីវ ដែលចាំបាច់ត្រូវបែកគ្រួសារ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង បើត្រូវការគូជីវិត ឬចង់ចាប់ផ្ដើមកសាងគ្រួសារថ្មីនោះ “តុក្កតាក្រុមគ្រួសារ” គឺជាវត្ថុតុបតែងផ្ទះ ដែលនឹងជួយជំរុញឱ្យឆាប់បានលែងនៅលីវ ព្រោះការដាក់តាំងវត្ថុតុបតែងតាំងលម្អ ដែលបង្ហាញពីអត្ថន័យអំពីក្រុមគ្រួសារ នឹងធ្វើឱ្យមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត បង្ហាញពីភាពត្រៀមរួចជាស្រេចក្នុងការមានគ្រួសារ។ ថាមពលទាំងអស់នេះ នឹងជំរុញឱ្យកាន់តែឆាប់បានជួបគូជីវិតខ្លាំងឡើង។ ចំណែកផ្ទះណាដែលមានក្រុមគ្រួសាររស់នៅជួបជុំគ្នាស្រាប់ហើយ រូបតុក្កតាក្រុមគ្រួសារ នៅមានន័យពីសាមគ្គីភាព និងក្ដីស្រឡាញ់យ៉ាងស្អិតល្មួតទៀតផង។

៣.រូបសត្វកុកពណ៌ផ្កាឈូក(Flamingo)

សត្វកុកពណ៌ផ្កាឈូក ជាសត្វសិរីមង្គល ដែលមានអត្ថន័យល្អ ស្មើនឹងសត្វនាគ និងសត្វតោដែរ ជាយានជំនិះរបស់អាទិទេពនៃភាពគង់វង្ស។ ជនជាតិចិនជឿថា បើមានរូបភាព ឬរូបចម្លាក់ ឬតុក្កតាសត្វកុកពណ៌ផ្កាឈូកនៅក្នុងផ្ទះ នឹងជួយបង្កើនឱ្យសុខភាពរឹងប៉ឹង អ្នករស់នៅក្នុងផ្ទះអាយុវែង និងអត្ថន័យ១ទៀតគឺ មានភាពចម្រើនរុងរឿង ឬព្រេងវាសនា មុខនាទីការងារទៅមុខល្អរលូន និងបង្កើនការរៀនសូត្រឱ្យល្អ។ នៅពេលចង់ជូនពរឱ្យនរណាម្នាក់មានសុខភាពអាយុយឺនយូរ គេច្រើនតែយករូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូក ទៅជូនជាវត្ថុអនុស្សាវរីយ៍។

៤.រូបត្រី ១គូ

ទីណាខ្វះសេចក្ដីស្រឡាញ់ និងគ្មានភាពសាមគ្គី ទីនោះពិបាកនឹងរកសេចក្ដីសុខឃើញណាស់ ដូច្នេះហើយ បើចង់បង្កើនជោគលាភសំណាង និងសេចក្ដីសុខ ត្រូវសាងសេចក្ដីស្រឡាញ់ និងសាមគ្គីភាពជាមុនសិន។ ការរៀបចំហុងស៊ុយផ្ទះបែបចិន គេនិយមប្រើរូបសត្វត្រី ជាវត្ថុជួយបង្កើនរឿងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ជាថាមពលវិជ្ជមាន ឱ្យសមាជិកក្នុងក្រុមគ្រួសារ ស្រឡាញ់ចូលចិត្តគ្នាជាធ្លុងមួយ រស់នៅរួមគ្នាយ៉ាងស្រុះស្រួល ដូចត្រីដែលតែងតែអាស្រ័យនៅជាគូៗ ជាហ្វូងៗ។ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្ដីស្រឡាញ់ ដែលត្រីទាំង ២ក្បាលមានចំពោះគ្នា និងឆ្លុះបញ្ចាំងឱ្យឃើញនូវគុណតម្លៃរបស់សម្ព័ន្ធភាពរបស់មនុស្សនៅក្នុងក្រុមគ្រួសារហ្នឹងឯង៕

×