លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត និងគាំទ្រលើ “គម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ”។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើរបៀបវារៈស្តីពី “គម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ”។
ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖វិស័យថាមពលអគ្គិសនី គឺជាវិស័យមួយមានសារសំខាន់ណាស់សម្រាប់សង្គម និងសេដ្ឋកិច្ចដែលមិនត្រឹមតែតែជាផ្នែកមួយសម្រាប់បម្រើឲ្យជីវភាពរស់នៅរបស់យើងសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជម្រុញការអភិវឌ្ឍវិស័យផ្សេងៗទៀតដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺជាគន្លឹះដ៏សំខាន់សម្រាប់ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យផ្សេងៗ ការអភិវឌ្ឍតំបន់ជនបទ និងការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ផ្នែកតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភារាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយជាអាទិភាព សម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាសំដៅលើកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាក់ទាញការវិនិយោគពីប្រភពខាងក្នុង និងក្រៅប្រទេស។
ការកែទម្រង់ទាំងនេះជាទិសដៅមួយបង្កើតនូចកាល្លានុវត្តភាពការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ និងជម្រុញការអភិវឌ្ឍវិស័យសំខាន់ៗនានារបស់ជាតិ។ ទន្ទឹមនឹងនេះ វិស័យថាមពលអគ្គិសនី ត្រូវបានកំណត់ជាវិស័យគន្លឺះមួយក្នុងជ្រុងនៃការអភិវឌ្ឍវិស័យហេដ្ឋានរចនាសម្ព័ន្ធរូបវ័ន្ត។ គោលបំណងសំខាន់បំផុតនៃការអភិវឌ្ឍ វិស័យថាមពលអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មាន០៤ ចំណុចធំៗ ដូចខាងក្រោម៖
១. មានប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់ មានស្ថិរភាព និងធានាសន្តិសុខថាមពល។
២. មានបណ្តាញផ្គត់ផ្គង់អគ្គិសនីគ្របដណ្តាប់ទូទាំងប្រទេស។
៣. មានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ចីរភាព និងសុវត្ថិភាព។
៤.មានថ្លៃសមរម្យអាចប្រើប្រាស់បាន ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដល់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ផ្តើមចេញពីគោលនយោបាយខាងលើ ការអភិវឌ្ឍវិស័យថាមពល និងបណ្តាញអគ្គិសនី គឺជាបៀបវារៈដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលកំណត់ថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ទៅលើការទាក់ទាញឲ្យមានការចូលរួមរបស់ផ្នែកឯកជនក្នុងការផលិត និងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសទៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនសំខាន់ៗ ការអនុវត្តគម្រោងអគ្គិសនីភាវូបនីយកម្មជនបទប្រកបដោយគុណភាប និងមានថ្លៃសមរម្យ ព្រមទាំងគម្រោងតភ្ជាប់ខ្សែបណ្តាញបញ្ជូនថាមពលពីប្រទេសជិតខាង។ ផ្នែកតាមខ្លឹមសារនេះ ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា និងក្រុមហ៊ុនអគ្គិសនីកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធ្វើការអភិវឌ្ឍការងារគ្រប់ផ្នែកនៃវិស័យថាមពលអគ្គិសនីទាំងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រទាំងការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផលិត និងការផ្គត់ផ្គង់ថាមពល ទាំងការពង្រីកអគ្គិសនីភាវូបនីយកម្មនៅតំបន់ជនបទ។
ការបន្តអភិវឌ្ឍន៍វិស័យថាមពលដើម្បីធានាឆ្លើយតបដោយប្រសិទ្ធភាព និងក្នុងថ្លៃសមរម្យទៅនឹងតម្រូវការនៃការប្រើប្រាស់ ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជាបៀបវារៈដ៏សំខាន់បំផុតមួយនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងបន្តជម្រុញការអភិវឌ្ឍបង្កើតស្ថានីយផលិតអគ្គិសនី ដែលប្រើប្រភពថាមពលក្នុងស្រុក ដូចជាវារីអគ្គិសនី ឧស្ម័នធម្មជាតិ រ៉ែធ្យូងថ្ម គួបផ្សំនឹងការអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ដែលប្រើប្រភពថាមពលនាំចូលដែលអាចទុកចិត្តបានសម្រាប់រយៈពេលវែង និងបន្តនាំចូលអគ្គិសនីពីប្រទេសជិតខាង រួមមានឡាវ ថៃ និងវៀតណាមក៏ជាទិសដៅសម្រាប់សន្តិសុខថាមពលក្នុងតំបន់តាមរូបភាពពាណិជ្ជកម្មអគ្គិសនី។ ជាមួយគ្នានេះ រាជារដ្ឋាភិបាលនឹងជំរុញការសាងប្រព័ន្ធបណ្តាញអគ្គិសនីអោយគ្របដណ្តប់ទូទាំងប្រទេស ដើម្បីបញ្ជូនថាមពល ដែលមានគុណភាព និងថ្លៃសមរម្យចេញពីប្រភពនានាទៅផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការនៅតាមបណ្តាទីក្រុង ទីរួមខេត្ត ទីប្រជុំជន និងតំបន់ជនបទទាំងឡាយ ព្រមទាំងរៀបចំជាបណ្តើរៗ ដើម្បីធ្វើសមាហរណកម្មប្រព័ន្ធថាមពលអគ្គិសនីកម្ពុជាទៅក្នុងបណ្តាញប្រទេសក្នុងមហាអនុតំបន់មេគង្គ និងអាស៊ានដោយអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គស្តីពីវិស័យថាមពល កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ។
អភិវឌ្ឍវិស័យថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើដំណើរឈានដល់របត់មួយដ៏សំខាន់នៃការអភវឌ្ឍ។ គោលដៅសំខាន់ៗក្នុងវិស័យថាមពល ដែលរាជរដ្ឋាភិបាលបានជម្រុញឲ្យអនុវត្តក្នុងអាណត្តិកន្លងនេះមាន៖
១. ជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ និងថ្លៃសមរម្យ ដល់សេចក្តីត្រូវការប្រើប្រាស់គ្រប់ប្រភេទ។
២. ជំរុញការអភិវឌ្ឍអគ្គិសនីភាវូនីយកម្មជនបទដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនសុខដុមនីយភាពនៃការរបស់នៅរបស់ប្រជាជននៅតំបន់ជនបទ
៣. ការចូលរួមវិនិយោគដោយឯកជនក្នុងការអភិវឌ្ឍវិស័យថាមពល និងកាត់បន្ថយការប៉ះពាល់បរិស្ថានធម្មជាតិ និងសង្គម។
៤.ជំរុញបង្កើនប្រសិទ្ធភាព និងសុវត្ថភាពនៃការធ្វើសេវាកម្មអគ្គិសនី ។
៥.ចូលរួមអភិវឌ្ឍន៍ប្រផាពថាមពលស្អាត។
ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើត និងប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១ និងព្រះរាជក្រមស្តីពីការធ្វើវិសោធកម្មច្បាប់អគ្គិសនីលេខ នស/រកម/០៥១៥/០០៥ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៥ ។ តាមការកំណត់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាសក្រកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវបានបង្កើតឡើងជានីតិបុគ្គលសាធារណៈមានស្វ័យភាពក្នុងការអនុវត្តការងារ។ សិទ្ធិអំណាចក្នុងការគ្រប់គ្រងវិស័យអគ្គិសនី ត្រូវបានបែងចែកជា២ ៖ ក្រសួងរ៉ែ និងថាមពល មានសមត្ថកិច្ចទទួលខុសត្រូវកក្នុងការរៀបចំ និងការគ្រប់គ្រងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាលលើវិស័យអគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជា មានសមត្ថកិច្ចទទួលខុសត្រូវក្នុងការធានាឲ្យផ្តល់សេវាកម្មអគ្គិសនី និងការប្រើប្រាស់អគ្គិសនីប្រព្រឹត្តទៅ ប្រសិទ្ធភាព គុណភាព ចីវភាព និងតម្លាភាព។
តាមគោលនយោបាយយុទ្ធសាស្ត្រ និងផែនការ ដើម្បីអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនៅព្រះរាជាណាចក្រកម្ពុជាការងារធ្វើផែនការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីឲ្យតំបន់ជនបទ គឺជាការងារសំខាន់ណាស់ក្នុងការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទកម្ពុជា។ ដើម្បីឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវ អាចឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់អគ្គិសនីជនបទនៅកម្ពុជា ការងារធ្វើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីឲ្យតំបន់ជនបទ ត្រូវបានបែងចែក ដូចខាងក្រោម៖ ផែនការអភិវឌ្ឍបណ្តាញបញ្ជូន គឺជាភារកិច្ចរបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយនឹសងអគ្គិសនីកម្ពុជា។
ផែនការអភិវឌ្ឍបណ្តាបញ្ជូនរង គឺជាភារកិច្ចរបស់អគ្គិសនីកម្ពុជា សហការជាមួយនឹងអាជា្ញធរអគ្គិសនីកម្ពុជា។
ផែនការកំណត់ទិសដៅអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ក្រៅបណ្តាញជាតិគឺជាភារកិច្ចរបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា និងមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ។
ផែនការអភិវឌ្ឍតំបន់ចែកចាយក្នុងតំបន់អាជ្ញាប័ណ្ណ គឺជាភារកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណចែកចាយស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណចែកចាយ ដែលផ្តល់ដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រសិនបើជាតំបន់ចែកចាយរបស់សេវាករឯកជន គឺជាសេវាករនោះជាអ្នកធ្វើផែនការ។ ប្រសិនបើជាតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា គឺអគ្គិសនីកម្ពុជាជាអ្នកធ្វើផែនការ។ ប៉ុន្តែការធ្វើផែនការនេះត្រូវស្របទៅតាមការសន្យារបស់អ្នកកាន់អាជ្ញាប័ណ្ណជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា។
ទោះបីជាការធ្វើផែនការតាមផ្នែកនីមួយៗខាងលើ ត្រូវបានបែងចែកតាមការទទួលខុសត្រូវដោយឡែកនីមួយៗក៏ដោយ ប៉ុន្តែផែនការទាំងនេះត្រូវសិ្ថតនៅក្នុងក្របខណ្ឌនៃគោលនយោបាយ យុទ្ធសាស្ត្រ និងទិសដៅ ដែលកំណត់ដោយក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកវិស័យថាមពល និងត្រូវតែសិ្ថតនៅក្របខ័ណ្ឌនៃបញ្ញត្តិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាបញ្ញត្តិករជាតិទទួលបន្ទុកបញ្ញត្តិ និងសម្របសម្រួលប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទក្នុងការផ្គត់ផ្គង់ងគ្គិសនី។ គ្រប់ផែនការទាំងអស់ខាងលើត្រូវតែរាយការណ៍ជូនក្រសួងរ៉ែ និងថាមពល៕ ដោយ៖ បញ្ញាស័ក្តិ