ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ក្នុងក្រសួងរៀបចំដែនដី តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឱ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅព្រឹកទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអធិបតី ។
លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺជាគោលដៅរបស់ក្រសួង។ ជារួមគ្រប់ខេត្តទាំងអស់ត្រូវប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលការប្រកាសតំបន់វិនិច្ឆ័យនេះ មិនមែនធ្វើតែមួយចប់រួចរាល់ហើយ ទើបចូលទៅប្រកាសតំបន់វិនិច្ឆ័យមួយទៀតនោះទេ គឺនីតិវិធី និងកម្មវិធីត្រូវតែដើរឱ្យស្របគ្នា។
ទន្ទឹមនេះលោក ទេសរដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់មន្ត្រីរាជការក្រោមឱវាទឱ្យមានប្រសិទ្ធភាព។
លោក ទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ធ្វើរបាយការណ៍មកក្រសួងសម្រាប់បូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៧ ខាងមុខនេះ និងបានស្នើឱ្យមន្ទីរចុះបញ្ជីដីគរុភណ្ឌរបស់វត្តនៅទូទាំងប្រទេសតាមរាជធានី-ខេត្តរបស់ខ្លួន។
ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើតក្រុមការងារសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម ដើម្បីពន្លឿនការស្នើសុំលិខិតអនុញ្ញាតសាងសង់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕ ដោយ៖បញ្ញាស័ក្តិ