“ការរៀបការ” មិនបានមានន័យថា សេចក្តីស្នេហារបស់អ្នកបានធ្វើដំណើរមកដល់ចំណុច ដែលទទួលបានជោគជ័យហើយនោះទេ តែវាគឺជាការចាប់ផ្តើមជីវិតគូ។ សេចក្តីស្នេហា មានតួនាទីរុញច្រានឱ្យមនុស្ស ២នាក់ សម្រេចចិត្តរួមរស់នៅជាគូនឹងគ្នា តែ..តើនឹងមានប៉ុន្មានគូទៅ ដែលនឹងមើលថែ ទប់ប្រគងសម្ព័ន្ធភាពស្នេហ៍ ឱ្យទៅដល់ត្រើយនៃសេចក្តីសុខបាននោះ?
ដូច្នេះបើអ្នក ជាមនុស្សម្នាក់ដែលកំពុងសម្រេចចិត្តចង់រៀបការក្នុងពេលឆាប់ៗនេះ តើអ្នកមានដែលសាកល្បងសួរចិត្តខ្លួនឯងឱ្យប្រាកដច្បាស់ហើយឬនៅថា តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ? និងតើអ្នកអាចទទួលយករឿងសំខាន់ៗ ដែលនឹងកើតឡើងក្រោយពេលរៀបការហើយ បានច្រើន-តិចខ្លាំងប៉ុនណា? ដូច្នេះពេលនេះ យើងនឹងបបួលអ្នក មកគិតត្រិះរិះដោយបេះដូង និងសតិស្មារតីរបស់អ្នកម្តងទៀត ព្រោះបើសិនជាថ្ងៃណាមួយ ជិវិតក្រោយអាពាហ៍ពិពាហ៍ មិនបានល្អស្រស់បំព្រង ដូចការនឹកសង្ឃឹមនោះ តើអ្នកអាចទទួលយក និងទប់ទល់ជាមួយវាបានឬទេ? ដូច្នេះ យើងនាំគ្នាមកមើលដូចតទៅ…
នៅពេលដែលគូស្នេហ៍ អាចនឹងប្រែប្រួលខុសពីមុន នៅថ្ងៃណាមួយ
ពិភពរបស់សេចក្តីស្នេហាមានទាំងសុខ និងទុក្ខ តែវាក៏មិនបានសាហាវ ឃោរឃៅរហូតដែរ បើសិនយើងចេះទទួលយក ដោយឈរលើលក្ខខណ្ឌនៃសេចក្តីពិតបាន។ ហើយសង្គមបច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗ សុទ្ធតែដង្ហោយរកសេចក្តីសុខមកដាក់ខ្លួន ដោយអាចនឹងបោះបង់មនុស្សម្នាក់ទៀតចោលបានយ៉ាងងាយបំផុត។ ដូច្នេះបើថ្ងៃនេះ គេប្រាប់ថាស្រឡាញ់អ្នកខ្លាំងណាស់ តែនៅពេលរៀបការហើយ ថ្ងៃមួយ គេមានទង្វើខុសពីមុន គេព្រងើយកន្តើយ គេយកចិត្តទុកដាក់អ្នកកាន់តែតិចទៅ ឬអាចលួចមានអ្នកថ្មីនោះ…បែបហ្នឹង តើអ្នកមានបានត្រៀមការណ៍ទុកក្នុងចិត្តយ៉ាងស្ងាត់ៗហើយឬនៅថា តើនឹងត្រូវទប់ទល់យ៉ាងណា?
នៅពេលដែលឋានៈជីវភាព និងភាពរឹងមាំក្នុងគ្រួសារ ចាប់ផ្តើមរង្គោះរង្គើ
នៅពេលជួបស្នេហ៍ថ្មីៗ ឬរៀបការរួចថ្មីៗ ស្រីៗអាចសម្រេចចិត្តយ៉ាងងាយៗ ដោយសារគ្រាន់តែខាងប្រុសមានឋានៈជីវភាពស្ថិតស្ថេរមាំមួន តែ…ចុះបើរៀបការនឹងគ្នាយូរទៅ ជីវិតការធ្វើការងាររបស់គេ បានដើរមកដល់ចំណុចបរាជ័យ គេលែងមានអ្វីឱ្យអ្នកពឹងពាក់បាន លែងមានប្រាក់ចំណូលល្អៗ ដូចដែលធ្លាប់មើលថែ ប្រណិប័តន៍រូបអ្នកយ៉ាងល្អ ដូច្នេះបើគេបរាជ័យខាងផ្នែកហិរញ្ញវត្ថុ និងការងារ តើអ្នកមានបានត្រៀមចិត្តរួចហើយឬនៅ ថាតើនឹងត្រូវទប់ទល់យ៉ាងណា?
នៅពេលគូស្នេហ៍មានបញ្ហាសុខភាព រហូតធ្វើឱ្យជីវិតគូ លែងមានសេចក្តីសុខដូចកាលពីមុន
មនុស្សយើងនៅពេលអាយុច្រើនឡើង ពេលវេលាពិតជានឹងបំផ្លាញភាពរឹងមាំខាងរាងកាយឱ្យចុះខ្សោយមិនខាន មិនថាដោយសារតែគេត្រូវប្រឈមនឹងជំងឺចង្រៃណាមួយ ឬជួបនឹងគ្រោះថ្នាក់ផ្សេងៗ រហូតដល់ថ្នាក់ពិការ ទុព្វលភាព ឬមិនថាតែឧបសគ្គណាមួយ ដែលធ្វើឱ្យសុខភាពគូស្នេហ៍យ៉ាប់យ៉ឺននោះ ប្រាកដណាស់ថា សភាពរាងកាយ និងផ្លូវចិត្តរបស់គេ នឹងត្រូវគ្រាំគ្រាយ៉ាងធ្ងន់ធ្ងរមិនខាន។ បើសិនថ្ងៃនោះមកដល់…តើអ្នកនឹងនៅតែស្រឡាញ់ និងត្រៀមជាស្រេចក្នុងការក្លាយខ្លួនជា ១កំណាត់ទៀតនៃជីវិត ដែលនៅសល់ នៅជាមួយគេ រហូតតទៅបានដែរឬទេ?
ដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីស្នេហា មិនបានរោយដោយផ្កាកុលាបជានិច្ចនោះ ទើបការរៀបការមិនបានកើតឡើង ព្រមជាមួយសេចក្តីសុខដែលរលូនល្អនោះឡើយ តែវានឹងសណ្តោងមកជាមួយនូវឧបសគ្គ និងបញ្ហាជាច្រើនក្នុងការរស់នៅរួមគ្នា ធ្វើឱ្យរូបអ្នកទាំង ២នាក់អាចឈឺក្បាលវឹលមុខ រហូតនឿយណាយក្នុងសម្ព័ន្ធភាព និងនៅពេលដែលវាកើតឡើងញឹកញាប់ទៅៗ បើអ្នកមិនរឹងមាំ និងស្ថិតស្ថេរចំពោះគ្នាគ្រប់គ្រាន់ទេនោះ ផ្លូវបំបែកនៃស្នេហ៍ ច្បាស់ជាកើតឡើងនៅទីបំផុតមិនខាន។ ដូច្នេះ ការសម្រេចចិត្តរៀបការនឹងគ្នា ចូរកុំភ្លេចសួរបេះដូងរបស់អ្នក អំពីភាពសំខាន់ទាំងនេះ ឱ្យបានច្បាស់ជាមុនសិន ទើបជីវិតអាពាហ័ពិពាហ៍មិនខកបំណងនៅពេលខាងមុខ៕