អាការឈឺចុកចាប់នេះ កើតឡើងនៅលើរាងកាយយើងបានច្រើនរូបបែបណាស់ ដូចជា ម្សិលមិញនេះ អ្នកបានទៅលើករបស់ធ្ងន់ៗ រួចហើយថ្ងៃនេះ ក៏ស្រាប់តែឈឺ អង្គុយធ្វើការមុខកុំព្យូទ័រច្រើនពេកក៏ឈឺ គ្រុនផ្តាសាយក៏ឈឺ ហេវក៏ឈឺ ឆ្អែតក៏ឈឺ តែ មានអាការឈឺប្រភេទខ្លះ ដែលអ្នកមិនគួរមើលរំលង និងគួរទៅប្រឹក្សាគ្រូពេទ្យភ្លាម ព្រោះអាការឈឺចុកចាប់ទាំងនោះ វាអាចបញ្ជាក់ពីសញ្ញាគ្រោះថ្នាក់អ្វីម្យ៉ាង ដែលយើងមិននឹកស្មានដល់ដូចខាងក្រោមនេះ…
ឈឺក្បាល
អាការឈឺក្បាលយ៉ាងខ្លាំងក្លា ឬឈឺខ្លាំងបំផុតតាមដែលធ្លាប់ឈឺមក បែបនេះត្រូវតែទៅជួបគ្រូពេទ្យ។ បើអ្នកកើតជំងឺផ្តាសាយ ហើយឈឺខ្លាំងបំផុតនោះ វាអាចនឹងមានមូលហេតុមកពីសៃណឹស ក៏អាចថាបានដែរ។ តែបើមិនមានកើតគ្រុនផ្តាសាយទេ អាចនឹងមានមូលហេតុដែលធ្ងន់ធ្ងរជាងហ្នឹង ដូចជា មានឈាមចេញនៅក្នុងខួរក្បាល ឬដុះសាច់នៅក្នុងខួរក្បាល ក៏អាចថាបានដែរ ដែលពេលខ្លះ ត្រូវអាស្រ័យលើការសាកសួរប្រវត្តិ និងពិនិត្យរាងកាយយ៉ាងលម្អិត។
ឈឺដើមទ្រូង
អាការឈឺ ឬណែន តឹងៗនៅម្តុំដើមទ្រូង ក ថ្គាម ស្មា ដៃ ឬពោះ ( Pain or Discomfort in the Chest, Throat, jaw, Shoulder, Arm, or Abdomen ) អាការឈឺនៅម្តុំៗនេះ អាចបណ្តាលមកពីច្រើនមូលហេតុ។ អាការឈឺម្តុំដើមទ្រូង អាចនឹងពាក់ព័ន្ធនឹងជំងឺបេះដូង តែគួរប្រយ័ត្នថា សភាវដែលកើតពីបេះដូងនេះ ជាទូទៅនឹងបង្ហាញចេញមកក្នុងរូបបែបរបស់អាការណែន តឹងថប់ និងមិនស្រួលខ្លួន ច្រើនជាងអាការឈឺ ដោយអ្នកជំងឺរោគបេះដូង តែងរៀបរាប់ប្រាប់ថា ដូចមានដំរីមកអង្គុយសង្កត់លើដើមទ្រូងអ៊ីចឹង។ ចំណែកទីតាំងដែលមានអារម្មណ៍ថា មិនស្រួលនោះ ច្រើនតែស្ថិតនៅផ្នែកខាងលើនៃដើមទ្រូង ក ថ្គាម ស្មាខាងឆ្វេង ឬដៃ។ អាចមានអាការផ្សេងទៀតរួមជាមួយដែរ ដូចជា បែកញើសជោកខ្លួន ចង់ខ្យល់ មុខស្លេកស្លាំង។ បើសង្កេតឃើញបែបនេះ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ជួនកាលអាចមានអាការឈឺពោះ កើតឡើងរួមជាមួយអាការក្អួតចង្អោរ ដែលមានមនុស្សចំនួនមិនតិចទេ យល់ច្រឡំ គិតថា ជាអាការរបស់ជំងឺប្រព័ន្ធផ្លូវអាហារ ដែលការពិតវិញ វាជាអាការរបស់សាច់ដុំជញ្ជាំងបេះដូង ផ្នែកក្រោម ខ្វះឈាមទៅវិញទេ។
ឈឺខ្នង
អាការឈឺខ្នងផ្នែកក្រោម ភាគច្រើនយើងតែងគិតថា ជាអាការរបស់ការរលាកឆ្អឹងសន្លាក់( Arthritis ) រលាកសាច់ដុំ តែវាក៏អាចជារឿងផ្សេងបានដែរ ដូចជា ជំងឺបេះដូង បញ្ហាពាក់ព័ន្ធនឹងប្រអប់ពោះ តែដែលជាបញ្ហាធ្ងន់ធ្ងរម្យ៉ាងទៀតនោះ គឺ Aortic Dissection គឺសរសៃឈាមធំ ដែលបែកចេញពីបេះដូង មានការញែកបំបែកជាថ្នាក់ៗ ដោយអាការឈឺចុកនោះ អាចកើតឡើងក្នុងលក្ខណៈឈឺខ្លាំងឡើងជារឿយៗ ឬឈឺភ្លាមៗឡើងក៏មានដែរ។ ក្រុមមនុស្សដែលមានភាពប្រថុយប្រថានខ្លាំងបំផុត គឺអ្នកដែលមានជំងឺលើសឈាម អ្នកដែលញៀនបារី និងកើតជំងឺទឹកនោមផ្អែម ក្រុមមនុស្សទាំងនេះ មានគ្រោះថ្នាក់ខ្លាំងណាស់ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់។
ឈឺពោះ
អាការឈឺពោះយ៉ាងខ្លាំងក្លា( Severe Abdominal Pain ) បើសិនខ្នែងពោះវៀនរបស់អ្នកនៅមាន នោះវាអាចជាមូលហេតុមួយ តែមូលហេតុរបស់វា អាចជារឿងផ្សេងមួយទៀត ក៏អាចថាបានដែរ ដូចជា រលាកថង់ទឹកប្រមាត់ រលាកថ្លើមខ្ចី ធ្លុះក្រពះ ស្ទះពោះវៀន ដោយអាការនីមួយៗ មានលក្ខណៈដែលអាចបែងចែកបានដូចតទៅនេះ៖ រលាកខ្នែងពោះវៀន នឹងឈឺចុកពោះផ្នែកខាងស្តាំក្រោម ទាបជាងរន្ធផ្ជិត អាចមានរងាញាក់ ឬមានគ្រុនក្តៅខ្លួន មិនឃ្លានអាហារ លេបបាយមិនចូល។ រលាកថ្លើមខ្ចី នឹងឈឺចុកនៅម្តុំចុងដង្ហើម រាលទៅខ្នង ឈឺចុកខ្លាំង អ្នកខ្លះមានប្រវត្តិធ្លាប់ញ៉ាំស្រាមកច្រើន តែអ្នកខ្លះបណ្តាលមកពីមានក្រួសនៅក្នុងថង់ទឹកប្រមាត់ តែអ្នកមានបញ្ហាប្រភេទនេះ នឹងគ្មានប្រវត្តិធ្លាប់ពិសាភេសជ្ជៈជាតិអាល់កុលពីមុនមកឡើយ។
ឈឺក្រពះ នឹងឈឺចុក ក្រោមចុងដង្ហើមរាលទៅខ្នង អាការមិនជាធ្ងន់ធ្ងរប៉ុន្មានទេ អ្នកជំងឺអាចនៅដើរបាន តែបើឈឺចុកបែបជួនឈឺ ជួនបាត់ ដូចមានដុំអ្វិម្យ៉ាងរត់នៅក្នុងពោះ មានអាការមិនបន្ទោបង់ មិនដើរខ្យល់ នោះបណ្តាលមកពីបញ្ហាស្ទះពោះវៀន។ ដូច្នេះបើកើតអាការឈឺពោះខ្លាំង ត្រូវប្រញាប់ទៅមន្ទីរពេទ្យ៕