ភ្នំពេញ ៖ ប៉ូលិសវ័យក្មេងម្នាក់ដែលមានឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បែរជាហ៊ានប្រើអំពើហិង្សា វាយដំយុវជនម្នាក់បែកមុខបែកមាត់ យកទៅបោះចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង និងមានសំណូមពរស្រែកយកយុត្តិធម៌ពីក្រុមគ្រួសារជនរងគ្រោះនោះ មន្ត្រីប៉ូលិសដែលជាជនដៃដល់រូបនេះ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់។ ប៉ូលិសរូបនោះ ឈ្មោះ សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍នៅនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្ត្រ កើតឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ ២៦៣បេ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបក្ខពួកជាច្រើននាក់ទៀតសមត្ថកិច្ចកំពុងស្វែងចាប់ខ្លួនផងដែរ ខណៈបានគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលមួយក្រុម ចាប់វាយយុវជនម្នាក់ និងបានដាក់ខ្នោះផងដែរ រួចហើយចាប់អូសឡើងលើម៉ូតូកង់បី យកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ហើយក្រុមសមត្ថកិច្ចឯកសណ្ឋានស៊ីវិល បានគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ សាច់ញាតិយុវជន ដែលសមត្ថកិច្ច ចាប់វាយបែកមុខ និងដាក់ខ្នោះ យកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយស្វែងរកយុវត្តិធម៌។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចមានគ្នា ប្រមាណ៤ទៅ៥នាក់ ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។ ពេលនោះសមត្ថកិច្ច បានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសចេញពីហាងមួយ ឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។
ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ជាបងស្រីបង្កើត របស់យុវជនរងគ្រោះ បានបញ្ជាក់ថា រូបនាង និងស្វាមី បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិស មានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាង បានរត់ចូលទៅក្នុងហាងមួយ ដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។
អ្នកនាង វត្តី បាននិយាយថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមី បានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះ យកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមី ក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។
អ្នកនាង វត្តី បានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣និយាយដូច្នេះ រូបនាង និងស្វាមី ក៏បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាម នៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ច ដែលចាប់ខ្លួនប្អូនប្រុស របស់នាងនោះទេ។
នាង និងស្វាមី បាននាំប្អូនប្រុស មកសង្គ្រោះបន្ទាន់ នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។
ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះ វាយយុវជនរូបនោះស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេង ដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះ បានស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃ ដោយមិនពីមូលហេតុច្បាស់លាស់ ហើយបានគេចខ្លួនមិនទទួលខុសត្រូវនោះឡើយ ។
ប៉ុន្តែប្រភពមួយផ្សេងទៀត ពីកន្លែងកើតហេតុ បានបញ្ជាក់ថា រឿងនេះ កើតឡើងដោយសារមានប៉ូលិសម្នាក់បាត់ម៉ូតូ ហើយបានទៅសួរជនរងគ្រោះថា មានបានឃើញជនណាលួចម៉ូតូគាត់ឬទេ? ស្រាប់តែពីរថ្ងៃក្រោយមក ប៉ូលិស ដដែលនោះ បានហៅជនរងគ្រោះ ឲ្យទៅជួយស្វែងរកចោរលួចម៉ូតូ។ ជនរងគ្រោះក៏យល់ព្រម តែប៉ូលិសទាមទារឲ្យជនរងគ្រោះយកម៉ូតូ របស់ជនរងគ្រោះ ជិះជូនទៅរកចោរ ដោយប៉ូលិសជាអ្នកបើកម៉ូតូ។
ពេលស្វែងរកចោរ ប៉ូលិសបើកម៉ូតូ គ្មានទិសដៅ។ ជនរងគ្រោះឃើញសភាពការណ៍មិនស្រួល ក៏ទូរស័ព្ទទៅប្រាប់ម្តាយ ប៉ូលិសឃើញដូច្នោះ ក៏ទាញទូរស័ព្ទដៃ ពីជនរងគ្រោះក្រវែងចោល។ ជនរងគ្រោះដឹងខ្លួន ក៏លោតចុះពីម៉ូតូ រត់ចូលទៅក្នុងហាងបាយ ឲ្យប្រជាជនជួយ។ ពេលនោះ ប៉ូលិស ហៅគ្នីគ្នាពីរបីនាក់ទៀត ទៅវាយដំជនរងគ្រោះ ទាញយកចេញពីហាងបាយ យកទៅទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ប៉ុន្តែពេលសាច់ញាតិយុវជនរងគ្រោះទៅដល់ក្រសួងមហាផ្ទៃ ឃើញតែយុវជនរងគ្រោះដេកហូរឈាម លើម៉ូតូកង់បីម្នាក់ឯង មិនមានសមត្ថកិច្ចចេញមុខមកទទួលខុសត្រូវនោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ