កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ Google Maps បានរកឃើញរូបភាពនៃខ្មោចយន្តហោះទំនងជាប្រភេទដឹកអ្នកដំណើរ១គ្រឿង ដែលកំពុងលេចចេញពីក្នុងព្រៃនៃភាគខាងជើង Queensland ប្រទេសអូស្ត្រាលី ប៉ុន្តែ គេមិនទាន់រកឃើញការពន្យល់ហេតុផលណាមួយនោះទេ។
ភ្លាមៗ បន្ទាប់ពីរូបភាពនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម វាបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិត ដើម្បីស្វែងរកការពិត និងសំណួរដែលមិនទាន់មានចម្លើយ។
រូបភាពនេះ ត្រូវបានថតចេញពី Google Maps បង្ហាញពីយន្តហោះ jumbo ដែលស្ថិតនៅក្នុងព្រៃនៃតំបន់ Cardwell Range ក្បែរឆ្នេរសមុទ្ររវាង Townsville និង Cairns ។
ប៉ុន្តែ នៅពេលពង្រីករូបភាព មនុស្សជាច្រើនគិតថា វាមើលទៅដូចជាយន្តហោះ Airbus A320 ឬ Boeing 737 ស្តង់ដារនៅដដែល ខណៈដែលយន្តហោះទាំងពីរប្រភេទនេះ កំពុងត្រូវបានក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់ជាប្រចាំ ដើម្បីដឹកអ្នកដំណើរ។
អ្នកខ្លះបានវិភាគថា យន្តហោះមានពណ៌ប្រផេះ ហើយវាទំនងជាកំពុងបត់ទៅទិសខាងត្បូងក្នុងទិសដៅត្រឡប់ទៅ Townsville វិញ។
តែទោះជាយ៉ាងណា ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់ប្រទេសអូស្ត្រាលី បាននិយាយថា ខ្លួនមិនបានទទួលព័ត៌មាន អំពីយន្តហោះដឹកអ្នកដំណើរណាមួយបាត់ខ្លួននោះទេ។
ដោយឡែក ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អូស្ត្រាលី (CASA) បាននិយាយថា “យើងសង្ស័យថា បាតុភូតនេះត្រូវបានគេហៅថារូបភាពខ្មោចយន្តហោះ”។
គេបានដឹងថា មានព័ត៌មាន និងរបាយការណ៍ជាច្រើន បានកត់ត្រារូបភាព ‘ខ្មោចយន្តហោះ’ ដែលជួនកាលលេចឡើងនៅលើ Google Maps ។ ក្នុងឆ្នាំ២០១៦ អ្នកប្រើប្រាស់ Google Maps បានចែករំលែកព័ត៌មានអំពីការរកឃើញយន្តហោះនៅបាតបឹង Harriet រដ្ឋ Minnesota សហរដ្ឋអាមេរិក។
កាលពីឆ្នាំមុន អ្នកប្រើប្រាស់ថែមទាំងបានរកឃើញកោះខ្មោចយន្តហោះដ៏អាថ៌កំបាំងមួយ នៅឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលីទៀតផង។ តាមការប៉ាន់ស្មាន កោះនេះមានប្រវែងប្រហែល ២៤ គីឡូម៉ែត្រ និងទទឹង ៥ គីឡូម៉ែត្រ។ ហើយអ្វីដែលអាចមើលឃើញនៅលើផែនទី Google គឺជាគ្រោងចំនុច។
នៅឆ្នាំ២០១៩ អ្នកប្រើប្រាស់ Google Maps បានរកឃើញរូបភាពនៃរថយន្ត១គ្រឿងលិចទឹកនៅ Florida សហរដ្ឋអាមេរិក។ ក្រោយពីផ្តល់ដំណឹងដល់សមត្ថកិច្ចៗក៏បានចុះដល់កន្លែងកើតហេតុបានប្រទះឃើញសាកសពបុរសម្នាក់បាត់ខ្លួនកាលពីជាង២០ឆ្នាំមុន។
បុរសដែលបាត់ខ្លួននោះមានឈ្មោះ William Moldt ។ គាត់បានចាកចេញពីភូមិ Wellington រដ្ឋ Florida នៅអាយុ ៤០ ឆ្នាំ ក្នុងឆ្នាំ ១៩៩៧ ។ William Moldt ត្រូវបានគេឃើញចុងក្រោយដើរចេញពីក្លឹប ហើយបានបើករថយន្តដែលគេជឿថាបាត់បង់ម្ចាស់ការ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងស្រះទឹកតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

