សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងនៅថ្ងៃទី២៧ខែសីហានេះថា កម្ពស់ទឹកស្ទឹងបន្ទាយស្រី បានហក់ឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែស្រុកបន្ទាយស្រី កំពុងទទួលរងឥទ្ធិពល នៃភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា បណ្តាលឱ្យលិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ។
អភិបាលស្រុកបន្ទាយស្រី ក៏សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងនៅតាមជ្រលងជើងភ្នំគូលែន ដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash Flood) ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
បាតុភូតនេះគឺជារឿងធម្មតានៅរៀងរាល់រដូវសម្បូរណ៍ព្យុះភ្លៀង សម្រាប់ស្រុកបន្ទាយស្រី ដែលតែងរងឥទ្ធិពលពីខ្យល់មូសុងវស្សា ដោយសារតែមានស្ថានភាពភូមិសាស្ត្រជាតំបន់ខ្ពង់រាប និងមានផ្ទៃរងទឹកភ្លៀងនៃទីជម្រាលភ្នំគូលែនលាតសន្ធឹងធំហើយវែង ដែលជាហេតុធ្វើឱ្យតំបន់មួយចំនួន ងាយនឹងទទួលរងហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក (Flash Flood) ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា ប៉ុន្តែក៏តែងតែហូរស្រកចុះទៅវិញ ដោយខ្លួនឯងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលខ្លីផងដែរ នៅពេលដែលភ្លៀងឈប់ធ្លាក់ ហើយទឹកជំនន់ទាំងនោះត្រូវបានហូរចុះបន្តទៅកាន់ស្ទឹងសៀមរាប (តែមិនមានពាក់ព័ន្ធនឹងអានុភាពនៃកម្លាំងបឺតទាញរបស់ «Black – Hole» នោះទេ )៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី