Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

(Update) អ្នកស្រី ហ៊ាន លក្ខិណា លើកបង្ហាញភាពមិនប្រក្រតី របស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលសម្រេចឱ្យ លោក ជា ពេជ្រ ឈ្នះក្ដីលើរូបអ្នកស្រីយ៉ាងអយុត្តិធម៌

spot_img

ភ្នំពេញ ៖ អ្នកស្រី ហ៊ាន លក្ខិណា អតីតភរិយាពេញច្បាប់របស់ លោក ជា ពេជ្រ អតីតព្រះរាជអាជ្ញាខេត្តរតនគិរី ដែលត្រូវបានបញ្ឈរជើងនៅក្រសួងយុត្តិធម៌ ពីបទ ” ផិត ” ដែលកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់លើសំណុំរឿងលែងលះគ្នា និងសំណុំរឿងរក្សាការពារទ្រព្យសម្បត្តិ ហើយជាបន្តបន្ទាប់ អ្នកស្រីទទួលបានយុត្តិធម៌ឈ្នះក្ដីដល់ទៅ២លើកនៅសាលាដំបូងខេត្តកំពត ទាក់ទងនឹងសំណុំរឿងរក្សាការពារអចលនវត្ថុ (ដី-ផ្ទះ) ៧ ទីតាំង នៅក្រុងកំពត ខេត្តកំពត ។

តែអកុសល ការឈ្នះក្ដីទាំង២លើករបស់អ្នកស្រី ហ៊ាន លក្ខិណា ស្រាប់តែត្រូវបានតុលាការសាលាឧទ្ធរណ៍ព្រះសីហនុ កាត់ឱ្យអ្នកស្រីចាញ់អស់រលីងទៅវិញ ក្រោមកំណត់សម្គាល់របស់មជ្ឈដ្ឋានភាគច្រើននៃក្រុមអ្នកច្បាប់ ក្រុមមេធាវី និងរូបអ្នកស្រីផ្ទាល់ ចោទថាមិនសុចរិត ហើយបែរជាមានចរិតបក្សពួកនិយម និងពន្លឿនដំណើរការជម្រះក្ដីលឿនហួសហេតុពេក បើទោះបីអ្នកស្រីស្នើសុំប្រធានតុលាការសាលាឧទ្ធរណ៏ព្រះសីហនុបង្អង់នីតិវិធីយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា អចលនវត្ថុ (ដី-ផ្ទះ) ៧ ទីតាំង នៅក្រុងកំពត ខេត្តកំពត នេះ ត្រូវបាន អ្នកស្រី ហ៊ាន លក្ខិណា ស្រាវជ្រាវរកឃើញក្នុងវេលាដែល លោក ជា ពេជ្រ ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍នៅឡើយ គឺស្របពេលដែល លោក ជា ពេជ្រ កំពុងលួចមានប្រពន្ធលួចលាក់ អំឡុងឆ្នាំ២០០៩ គឺអ្នកស្រី មុត សុខាក់ និងមុនពេលដែលរូបលោកដាក់ពាក្យបណ្ដឹងសុំលែងលះពីប្រពន្ធពេញច្បាប់ អ្នកស្រី ហ៊ាន លក្ខិណា ក្នុងឆ្នាំ២០១៦។

អចលនវត្ថុ (ដី-ផ្ទះ) ៧ ទីតាំង នៅក្រុងកំពត ខេត្តកំពត នេះ លោក ជា ពេជ្រ មិនត្រឹមតែទិញលួចលាក់ដាក់ឈ្មោះលោកម្នាក់ឯងប៉ុណ្ណោះទេ ថែមទាំងលួចទិញ និងដាក់ឈ្មោះរួមជាមួយប្រពន្ធលួចលាក់របស់លោកទៅទៀត គឺអ្នកស្រី មុត សុខាក់ , ហើយលោក ជា ពេជ្រ ចង់អោបក្រសោបយកទ្រព្យសម្បត្តិនេះតែម្នាក់ឯង ចេញពីចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ហ៊ាន លក្ខិណា ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ខុសច្បាប់។

សូមជម្រាបថា រឿងរ៉ាវលែងលះគ្នាផ្ដាច់មគ្គសង្វាស រវាង អ្នកស្រី ហ៊ាន លក្ខិណា និងលោក ជា ពេជ្រ អតីតព្រះរាជអាជ្ញាខេត្តរតនគិរីនេះ ត្រូវបាន អ្នកស្រី ហ៊ាន លក្ខិណា សូមលើកយកចំណុចមិនប្រក្រតី ឬហៅថា មិនយុត្តិធម៌ មកលើរូបអ្នកស្រី ដែលសម្រេចដោយ លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក អ៉ិត សម្ផស្ស ជាចៅក្រមប្រឹក្សា, លោក សួន សំណាង ជាចៅក្រមប្រឹក្សា របស់សាលាឧទ្ធរណ៍ព្រះសីហនុ ក្នុងសំណុំរឿងរក្សាការពារអចលនវត្ថុ (ដី-ផ្ទះ) ៧ ទីតាំង នៅក្រុងកំពត ខេត្តកំពត, (យោងសំណុំរឿងរក្សាការពារ លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែល លោក ជា ពេជ្រ ជាអ្នកប្ដឹង, និងយោងដីកាសម្រេចលុបចោលដីកាសម្រេចអំពីពាក្យសុំតវ៉ាចំពោះដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន លេខ ០៤៨ /០៧ រកព.II ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ, ដែលនេះ គឺជាសាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍ព្រះសីហនុ បង្គាប់លុបចោលសាលក្រមទាំង២លើករបស់សាលាដំបូងខេត្តកំពត, មានន័យថា ការឈ្នះដីទាំង២លើករបស់ អ្នកស្រី ហ៊ាន លក្ខិណា ត្រូវចាញ់អស់រលីងទៅវិញ គឺអ្នកស្រីអះអាងថា ជាការកាត់ក្ដីយ៉ាងអយុត្តិធម៌បំផុតរបស់ លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក អ៉ិត សម្ផស្ស ជាចៅក្រមប្រឹក្សា, លោក សួន សំណាង ជាចៅក្រមប្រឹក្សា នៃសាលាឧទ្ធរណ៍ព្រះសីហនុ)។

ចំណុចអយុត្តិធម៌ និងដំណើរនីតិវិធីដែលមិនមានភាពប្រក្រតីរបស់សាលាឧទ្ធរណ៍ព្រះសីហនុនេះ ត្រូវបានអ្នកស្រី ហ៊ាន លក្ខិណា លើកអង្គហេតុ និងទិដ្ឋភាពនៃនីតិវិធីបង្ហាញថា នៅពេល លោក ប៉ាក ច័ន្ទសំបូរ ចៅក្រមសាលាឧទ្ធរណ៍ព្រះសីហនុ ចេញដីកាកោះ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បង្គាប់ឲ្យអ្នកស្រី ហ៊ាន លក្ខិណាចូលខ្លួនបំភ្លឺ នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ២:០០នាទី រសៀល នៅតុលាការសាលាឧទ្ធរណ៍ព្រះសីហនុ សាលសវនាការទី៣ នោះ មានភាពមិនប្រក្រតី ÷

ក- ជាទូទៅ ការបញ្ជូនដីកាឆ្លងខេត្តបែបនេះ គឺត្រូវឆ្លងកាត់តាមសាលាដំបូង ដែលជាទីតាំងស្របតាមលំនៅដ្ឋានរបស់ភាគីរស់នៅ, ឬតាមប្រៃសណីយ៍ ប៉ុន្តែនេះបញ្ជូនតាមរយៈមេឃុំរកាកោង១ ទៅវិញ ដែលធ្វើឱ្យមានការសង្ស័យថា អំពើនេះ គឺអាចមានអ្នកបង្គាប់បញ្ជាពីក្រោយ។

ខ- លឿនពេក គឺទុកពេលឱ្យ អ្នកស្រី ហ៊ាន លក្ខិណា ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ រៀបចំសំណុំឯកសារមិនទាន់នោះទេ, ហើយត្រូវបានក្រុមអ្នកច្បាប់លើកឡើងថា សាលាឧទ្ធរណ៍ព្រះសីហនុ គួរណាស់តែទុកពេលឲ្យអ្នកស្រី ហ៊ាន លក្ខិណា យ៉ាងហោចណាស់ ក៏ ២ សប្តាហ៍ទៅ ១ខែ ផងដែរ។

គ- ដីកាកោះកំណត់ប្រភេទដំណាក់កាលនីតិវិធីណាមួយនោះ ក៏មិនមានការបញ្ជាក់ប្រាប់អំពីនីតិវិធីណាមួយនោះដែរ ដូចជា នីតិវិធីផ្ទាល់មាត់, ប្រកាសសាលដីកា ឬផ្សះផ្សា… ក្នុងពេលនោះ អ្នកស្រីមិនព្រមទទួល។

ដោយសារមើលឃើញពីចំណុចមិនសមហេតុផលរបស់សាលាឧទ្ធរណ៍ព្រះសីហនុ, អ្នកស្រី ហ៊ាន លក្ខិណា ក៏បានធ្វើពាក្យសុំអន្តរាគមន៍មួយគោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដោយកម្មវត្ថុស្នើសុំធ្វើកិច្ចអន្តរាគមន៍ និងមេត្តាធ្វើអធិការកិច្ចលើចំណាត់ការនីតិវិធីរបស់សាលាឧទ្ធរណ៍ព្រះសីហនុ ÷

១- បង្អង់នីតិវិធីសំណុំរឿងខាងលើ លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ (សំណុំរឿងរក្សាការពារអចលនវត្ថុ (ដី-ផ្ទះ) ទាំង ៧ ទីតាំង នៅក្រុងកំពតខេត្តកំពត),

២- អង្កេត ត្រួតពិនិត្យ និងឃ្លាំមើលឱ្យបានហ្មត់ចត់ ចំពោះចំណាត់ការនីតិវិធីក្នុងសំណុំរឿងខាងលើដដែល (លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ),

៣- សុំធ្វើអធិការកិច្ចរាល់សំណុំរឿង ដែល លោក ជា ពេជ្រ ប្ដឹងតវ៉ាមកលើអ្នកស្រី ហ៊ាន លក្ខិណា, ហើយត្រូវបានរកឃើញចំណាត់ការរបស់ លោក ប៉ាក ច័ន្ទសំបូរ ចៅក្រមសាលាឧទ្ធរណ៍ព្រះសីហនុ ដែលប្រព្រឹត្តទៅមានមិនប្រក្រតីដូចបានលើកមកបញ្ជាក់ជូនទាំង ៣ចំណុចខាងលើ (ចំណុច ក.ខ.គ)។

ជាបន្តបន្ទាប់គ្នានេះដែរ គឺមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អ្នកស្រី ហ៊ាន លក្ខិណា ដោយមានមេធាវីរបស់អ្នកស្រី ២រូប គឺមេធាវី គឹម សម្បត្តិ និងមេធាវី វណ្ណ គីមហេង បានធ្វើពាក្យសុំបង្អង់នីតិវិធីគោរពជូន ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ដោយកម្មវត្ថុស្នើសុំបង្អង់នីតិវិធីក្នុងសំណុំរឿងរក្សាការពារ លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ។

ជាបន្ទាប់មកទៀតនោះ អ្នកស្រី ហ៊ាន លក្ខិណា បានធ្វើពាក្យបណ្ដឹងដិតចិត្ត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ គោរពជូនឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដោយកម្មវត្ថុសូមប្ដឹងដិតចិត្តចំពោះក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសំណុំរឿងរក្សាការពារ លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុ, ព្រោះសំណុំរឿងនេះ ប្រព្រឹត្តទៅ ត្រូវបានគេមើលឃើញពីចំណុចមិនប្រក្រតីជាច្រើន ក្រោមចំណាត់ការរបស់ លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម ប្រធានក្រុមប្រឹក្សា, លោក អ៉ិត សម្ផស្ស ចៅក្រមប្រឹក្សា, លោក សួន សំណាង ចៅក្រមប្រឹក្សា។

ទោះជាយ៉ាងណា ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ មិនបានអនុវត្តតាមសំណូមពររបស់ អ្នកស្រីហ៊ាន លក្ខិណា នោះទេ ទាំងពាក្យសុំបង្អង់នីតិវិធី និងពាក្យបណ្ដឹងដិតចិត្ត, ហើយនៅទីបំផុត ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ព្រះសីហនុ ក្រោមចំណាត់ការ របស់ លោក លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម ប្រធានក្រុមប្រឹក្សា, លោក អ៉ិត សម្ផស្ស ចៅក្រមប្រឹក្សា, លោក សួន សំណាង ចៅក្រមប្រឹក្សា, បានសម្រេចលើ សំណុំរឿងរក្សាការពារ លេខ ០២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដែលមានដីកា លេខ ០៤៨/០៧ រកព.ក្រ II សុំថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ គឺសម្រេច ÷

  • (ត្រង់ចំណុច ២) លុបចោលដីកាសម្រេចអំពីពាក្យសុំតវ៉ាចំពោះដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន លេខ ០២ ” ឃ ” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពត, (មានន័យថា ការឈ្នះក្ដីទាំង ២លើក របស់ អ្នកស្រី ហ៊ាន លក្ខិណា នៅសាលាដំបូងខេត្តកំពតនោះ ត្រូវរលាយបាត់អស់រលីងត្រឹមសាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុមួយនេះ)។
  • (ត្រង់ចំណុច ៤) ដីកាសម្រេចនេះ មានអានុភាពអនុវត្តភ្លាម។

អ្នកស្រី ហ៊ាន លក្ខិណា បានឲ្យដឹងទៀតថា ដល់អ៊ីចឹងទៅ លោក ជា ពេជ្រ បានយកប្លង់ដីទាំង ៧ទីតាំង ដែលលោកបានទិញ និងធ្វើលួចលាក់ជាមួយប្រពន្ធលួចលាក់នោះ ទៅបង្ខំឲ្យខាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើលិខិតដោះបន្ទុក ដោយបញ្ជាក់ជូន លោក ជា ពេជ្រ អំពីសុពលភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងប័ណ្ណចលនវត្ថុ (ដី-ផ្ទះ) ទាំង ៧ ទីតាំង នៅក្រុងកំពត ខេត្តកំពត។

សូមរំលឹកត្រឡប់ក្រោយបន្តិចថា សំណុំរឿងដណ្ដើមកាន់កាប់អចលនវត្ថុ (ដី-ផ្ទះ) ៧ទីតាំង នៅក្រុងកំពត ខេត្តកំពត ខាងលើនេះ លោក ជា ពេជ្រ អតីតព្រះរាជអាជ្ញាខេត្តរតនគិរី ដែលត្រូវបានបញ្ចូលជើងនៅក្រសួងយុត្តិធម៌ ដោយសារអារឿង ” ផិត ” នេះ ធ្លាប់បានបង្កើតអង្គហេតុថ្មី ដោយដាក់ឈ្មោះតតិយជន ៥នាក់ គឺឈ្មោះ តាំង នី , ហុង ផេង , ឡន ស្រីរ័ត្ន , ជុំ ចាន់នាង និង ជា សុភាព ជាម្ចាស់ភាគហ៊ុនចូលរួមទិញដីជាមួយគ្នានឹង លោក ជា ពេជ្រ ចំនួន ៤ ប័ណ្ណ ក្នុងចំណោម ៧ប័ណ្ណ ឬ ៧ ទីតាំងនោះ ទៅសុំអន្តរាគមន៍ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយកម្មវត្ថុស្នើសុំឲ្យក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ទៅលើសាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងការអនុវត្តដីកាសម្រេចចាត់ចែងបណ្ដោះអាសន្ន លេខ ៤៨ ” ឆ ” ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០, (យោងពាក្យសុំអន្តរាគមន៍របស់តតិយជនមចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ គោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់តតិយជន)។

ជាបន្តមកទៀត ក្រសួងយុត្តិធម៌ បានជម្រាបមក ឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត ប្រមូលឯកសារ ភ័ស្ដុតាង រាយការណ៍ពីចំណាត់ការនៃសំណុំរឿងនេះ មកក្រសួង ដើម្បីក្រសួង មានមូលដ្ឋានចាត់ការបន្ត (យោងលិខិតរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១)។

ជាការឆ្លើយតបទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ លោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត លិខិតចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១, គឺ លោក លាង សំណាត់ បានបញ្ជាក់អំពីហេតុផល និងមាត្រាច្បាប់ថា លោក ជា ពេជ្រ និងឈ្មោះ មុត សុខាក់ ប្រពន្ធលួចលាក់ មិនមានសិទ្ធិចាត់ចែង ឬផ្ទេរការកាន់កាប់ជាបណ្ដោះអាសន្ននូវអចលនៈវត្ថុ (ដី-ផ្ទះ) ទៅឲ្យតតិយជននោះទេ ដោយសម្អាងហេតុថា ម្ចាស់បំណុលឈ្មោះ ហ៊ាន លក្ខិណា និងកូនបំណុលឈ្មោះ ជា ពេជ្រ ជាប្ដីប្រពន្ធស្របច្បាប់មានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ត្រឹមត្រូវ ដែលទំនាក់ទំនងគតិយុត្តប្ដីប្រពន្ធមិនទាន់ត្រូវបានរំលាយនៅឡើយ ហើយកំពុងតែត្រូវបានដំណើរការនីតិវិធីលែងលះនៅតុលាការកំពូល, ដូច្នេះ អត្ថិភាពនៃសិទ្ធិទាមទារត្រូវបានរក្សាការពារជូន អ្នកស្រី ហ៊ាន លក្ខិណា ជាសិទ្ធិទាមទារបែងចែកទ្រព្យសម្បត្តិរួម (យោងមាត្រា ៩៧៣ ស្ដីពីទ្រព្យសម្បត្តិរួម, និងមាត្រា ៩៨០ ស្តីពីការបែងចែកទ្រព្យសម្បត្តិនៃក្រមរដ្ឋប្បវេណី)។

បើពិនិត្យមើលដីការសម្រេចចាត់ចែងបណ្ដោះអាសន្ន លេខ ៤៨ ” ឆ ” ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ លោក អាំង សុភា ប្រធានចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ របស់សាលាដំបូងខេត្តកំពត មុននឹងសម្រេចផ្ដល់យុត្តិធម៌ឱ្យ អ្នកស្រី ហ៊ាន លក្ខិណាឈ្នះក្ដី គឺបានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចតុលាការខេត្តកំពត និងក្រុមយុត្តាធិការ រកមិនឃើញមានការបង្ហាញអំពីឯកសារភស្តុតាង ជាក់លាក់ណាមួយពីខាងភាគី លោក ជា ពេជ្រ បញ្ជាក់អំពីការធ្វើលទ្ធកម្មជាស្ថាពរតាមរយៈការចុះបញ្ជីសិទ្ធិនៅរដ្ឋបាលសុរិយោដីនោះទេ (យោងមាត្រា ១៣៤ នៃក្រមរដ្ឋប្បវេណី), ដូច្នេះ សម្រេចទទួលស្គាល់នូវសេចក្ដីសម្រេចដែលបានធ្វើរួចហើយ នៅក្នុងដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន លេខ ៤៨ ” ឆ ” ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០, គឺបានផ្ដល់យុត្តិធម៌ ជូនអ្នកស្រី ហ៊ាន លក្ខិណា។

ហេតុដូច្នេះ តើ លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម និងជាប្រធានក្រុមប្រឹក្សា, លោក អ៉ិត សម្ផស្ស ជាចៅក្រមប្រឹក្សា, លោក សួន សំណាង ជាចៅក្រមប្រឹក្សា នៃសាលាឧទ្ធរណ៍ព្រះសីហនុ សំអាងលើមូលដ្ឋាន ឯកសារ ភស្តុតាង អ្វីខ្លះ ទើបសម្រេចឱ្យ លោក ជា ពេជ្រ ឈ្នះក្ដីទៅវិញ?!

ដោយមើលឃើញពីភាពមិនប្រក្រតីលើចំណាត់ការបណ្ដឹងឧទ្ធរណ៍របស់ លោក ជា ពេជ្រ ដែលមាន លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រម និងជាប្រធានក្រុមប្រឹក្សា, លោក អ៉ិត សម្ផស្ស ជាចៅក្រមប្រឹក្សា, លោក សួន សំណាង ជាចៅក្រមប្រឹក្សា ធ្វើចំណាត់ការលើសំណុំរឿងរឿងនេះ ទើបអ្នកស្រី ហ៊ាន លក្ខិណា បន្តដាក់ពាក្យបណ្ដឹង គោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយកម្មវត្ថុ ប្ដឹងសុំធ្វើអធិការកិច្ចចំពោះក្រុមប្រឹក្សាជំនុំជម្រះចំនួន ៣ រូបខាងលើ និងសុំធ្វើអធិការកិច្ចទៅលើការសម្រេចសំណុំរឿងរដ្ឋប្បវេណីខាងលើផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×