Jyoti Amge អាយុ ២៩ ឆ្នាំ មកពី Maharashtra ប្រទេសឥណ្ឌា ត្រូវបានជាប់ឈ្មោះថាជាស្ត្រីដែល «ខ្លីបំផុត» នៅលើពិភពលោក។
ម្តាយរបស់ Jyoti Ranjana បាននិយាយថា នាងមានទំហំធម្មតាពីកំណើត និងនៅតែតូច។ ការលូតលាស់របស់ Jyoti ត្រូវបានបញ្ឈប់នៅពេលនាងមានអាយុ ៥ ឆ្នាំ ហើយមិនផ្លាស់ប្តូរចាប់តាំងពីពេលនោះមក។
ទោះបីជានាងមានរូបរាងប្លែកក៏ដោយ ក៏នាងនៅតែបន្តទៅរៀនជាមួយមិត្តភក្តិរបស់នាងដដែល។ អរគុណចំពោះការគាំទ្រពីគ្រួសាររបស់នាង Jyoti ដែលបានយកឈ្នះលើការលំបាក ដោយមិនគិតពីកម្ពស់ខ្លីរបស់នាងជាឧបសគ្គឡើយ។
ឪពុករបស់ Jyoti ចែករំលែកថា “នៅពេលដែលនាងមិនល្បី មនុស្សតែងតែចំអកឱ្យនាង ដោយសារតែរូបរាងចម្លែករបស់នាង។ នៅពេលនោះ Jyoti ក៏ធ្លាប់មានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ការតស៊ូ និងភាពរីករាយរបស់ Jyoti ភាគច្រើន គឺមកពីគ្រួសារ ដែលតែងតែគាំទ្រ លើកទឹកចិត្ត ហើយនាងបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យដោយជោគជ័យ”។
វេជ្ជបណ្ឌិតគិតថា មូលហេតុដែលកម្ពស់របស់ Jyoti មិនកើនឡើងគឺមកពីកង្វះអ័រម៉ូនលូតលាស់។ ក្រោយមក ស្ថានភាពរបស់ Jyoti ត្រូវបានកំណត់ថា បណ្តាលមកពីជំងឺ Achondroplasia ដ៏កម្រ។ នេះគឺជាប្រភេទមនុស្សតឿ ដែលធ្វើឲ្យនាងមិនអាចលូតកម្ពស់ដូចធម្មតា។
នៅអាយុ ១៨ ឆ្នាំ Jyoti បានចូលក្នុងសៀវភៅកំណត់ត្រា Guinness Book ជាស្ត្រីដែលខ្លីបំផុតក្នុងពិភពលោក។ នាងមានកម្ពស់ត្រឹមតែ 61.95 សង់ទីម៉ែត្រ ទម្ងន់ 5.4 គីឡូក្រាម។
ក្នុងឆ្នាំ ២០១២ Jyoti Amge បានជួបបុរសខ្ពស់ជាងគេលើពិភពលោក Sultan Kosen ហើយនាងបានថតរូបជាមួយគាត់។
តាំងពីក្មេងមក នារីឥណ្ឌាដ៏ល្បីម្នាក់នេះ ប្រាថ្នាចង់ក្លាយជាតារាសម្ដែង។ នាងបានបន្តអាជីពសម្តែងរបស់នាងដោយឧស្សាហ៍ព្យាយាម ហើយទោះបីជាមានការរើសអើងពីមនុស្សគ្រប់គ្នាក៏ដោយ ក៏ Jyoti ឥឡូវនេះបានបំពេញមហិច្ឆតាជីវិតរបស់នាងរួចហើយ។
Jyoti មិនត្រឹមតែល្បីជាតារាសម្តែង និងជាមនុស្សមានឥទ្ធិពលនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែនាងបានធ្វើដំណើរជុំវិញពិភពលោក ជួបមនុស្សជាច្រើន ដើរតួជាឯកអគ្គរដ្ឋទូតសម្រាប់កំណត់ត្រាពិភពលោក Guinness ផងដែរ។
តារាស្រីវ័យ២៩ឆ្នាំរូបនេះ បានលេចមុខក្នុងកម្មវិធីទូរទស្សន៍ទាំងក្នុងនិងក្រៅប្រទេស។ នាងគ្រោងនឹងបន្តអាជីពសម្តែងទៅថ្ងៃអនាគត។ តាមពិតទៅ ស្រ្តីដែលខ្លីជាងគេបំផុតក្នុងពិភពលោករូបនេះ បានបង្ហាញខ្លួននៅក្នុងរឿងភាគដ៏ល្បីរបស់អាមេរិក គឺរឿងភ័យរន្ធត់ Freak Show។
Jyoti បានខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចក្តីសុបិនរបស់នាង ដោយជំនះគំនិតដែលថា ក្មេងស្រីដែលមានមាឌតូចរបស់នាង មិនអាចជោគជ័យក្នុងជីវិតបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




