Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ រឿង ៥យ៉ាង ក្រោយអាពាហ៍ពិពាហ៍ ដែលអាចមិនធ្លាប់មាននរណាប្រាប់អ្នក

ទោះជាមានរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតក្រោយរៀបការ ធ្វើឱ្យយើងបានឃើញជាច្រើននៅក្នុងទស្សនាវដ្តី ឬវេបសាយនានាក៏ដោយ តែ នៅមានរឿងរ៉ាវមួយចំនួនទៀត ដែលយើងអាចនៅមិនទាន់បានដឹងនៅឡើយ ជាពិសេស រឿង ៥យ៉ាងក្រោយពេលរៀបការហើយ ដែលយើងសូមលើកយកមកជម្រាបជូន នៅពេលនេះតែម្តង…

១.គ្រប់គ្នាសុទ្ធតែមានចំណុចមិនល្អរៀងខ្លួន

យើងគ្រប់គ្នា សុទ្ធតែមានចំណុចល្អ និងមិនល្អដូចគ្នាទាំងអស់ មិនថាតែរឿងទម្លាប់ ចរិតនិស្ស័យ ឡៃហ្វ៍ស្តាយល៍ ឬការរស់នៅប្រចាំថ្ងៃ រួមទាំងទង្វើផ្សេងៗទៀត ដូចជា ការគេងស្រមុក ចូលចិត្តនិយាយឮៗ ឬមិនចេះរៀបចំទុកដាក់របស់របរ ជាដើម ហើយរឿងផ្សេងៗទាំងអស់នេះ គឺជាអ្វីដែលអ្នកគួរតែទទួលយកវាឱ្យបានក្រោយពេលរៀបការរួច និងក្នុងករណីដែលរឿងមួយណា វាខ្លាំងជ្រុលហួសនឹងទប់ទល់លែងបានហើយនោះ អ្នកគួរតែនិយាយ ឬពិភាក្សាជាមួយស្វាមី(ឬភរិយា)យ៉ាងត្រង់ទៅត្រង់មក ដើម្បីឱ្យបានដឹង និងកែសម្រួល។

២.គ្មានអ្វីរោយដោយផ្កាកុលាបនោះទេ

ក្នុងអំឡុងពេលសេពគប់មើលចិត្តមើលថ្លើមគ្នា អ្វីៗគ្រប់យ៉ាង អាចនឹងមើលទៅ ឃើញស្អាតរលូន និងដំណើរការទៅមុខយ៉ាងល្អ តែក្រោយពេលរៀបការហើយ អ្វីដែលអ្នកធ្លាប់នឹកសង្ឃឹមទុក អាចមិនមែនដូចការគិតឡើយ ហើយថែមទាំងពេលខ្លះ អាចមានលទ្ធផលផ្ទុយពីអ្វីដែលអ្នកនឹកសង្ឃឹមទៀតផង។ ដូច្នេះហើយ ទើបអ្នកមិនគួរនឹកសង្ឃឹមទៅលើអ្វីមួយខ្លាំងជ្រុលពេកទេ និងបើសិនជាអាចទៅរួច ក៏គួរតែត្រៀមចិត្តទុកជាមុន ឬរៀបចំផែនការបម្រុងទុកខ្លះឱ្យហើយ ក៏ល្អម្យ៉ាងដែរ ដើម្បីឱ្យបានបន្ធូរបន្ថយពីធ្ងន់ មកស្រាល និងមានជីវិតអាពាហ៍ពិពាហ៍ ដែលរលូនល្អ ស្រស់ស្រាយសុខសប្បាយតទៅ។

៣.គួរទទួលខុសត្រូវលើមនុស្ស ទាំង ២គ្រួសារ

ក្រោយពីរៀបមង្គលការហើយ ក្រុមគ្រួសាររបស់គេ ក៏នឹងក្លាយជាក្រុមគ្រួសារតែមួយជាមួយនឹងយើងដោយបរិយាយ ដូច្នេះ បន្ទាប់ពីអ្នកមើលថែទាំក្រុមគ្រួសារខ្លួនឯង មិនថាតែ ឪពុកម្តាយ បងប្អូន ឬមនុស្សដែលអ្នកជិតស្និទ្ធហើយ ចូរកុំភ្លេចបែងចែកពេលវេលា ទៅមើលថែទាំក្រុមគ្រួសាររបស់ស្វាមី(ឬភរិយា)ផង តែទាំងអស់នេះ មិនចាំបាច់ត្រូវមើលថែទាំរៀងរាល់ថ្ងៃនោះទេ សុំត្រឹមតែនឹកបារម្ភកង្វល់ និងទៅសួរសុខទុក្ខ នៅពេលណាមានឱកាស ក៏គ្រប់គ្រាន់ហើយ។

៤.ត្រៀមខ្លួនជាស្រេច សម្រាប់តួនាទីថ្មីដែលនឹងកើតឡើង

ក្រៅពីនេះ ក្រោយពីការរៀបការហើយ អ្នកក៏នឹងមានភារៈតួនាទី ដែលត្រូវធ្វើថែមឡើងទៀតជាច្រើន ហើយតួនាទីទាំងអស់នោះ នឹងកើនឡើងស្មើដើម បើសិនអ្នកទាំង២ មានកូនជាមួយគ្នាផងនោះ។ ដូច្នេះ ទើបអ្នកទាំង២ គួរបែងចែកតួនាទីគ្នាឱ្យបានច្បាស់លាស់ថា តើនរណាមានតួនាទីត្រូវធ្វើអ្វី តែ បើសិនវាច្រើន រហូតទប់ទល់លែងរួច ក៏គួរតែប្រាប់គ្នាទៅវិញទៅមកដោយត្រង់ៗថា តើអ្នកមានរឿងអ្វី ឬរឿងណាមួយ ដែលចង់ឱ្យគេជួយមើលថែទាំបន្ថែមខ្លះក៏បាន។

៥.នៅបែកគ្នាខ្លះ ក៏មិនមែនជារឿងប្លែកអីដែរ

នៅពេលដែលមនុស្ស ២នាក់ រៀបការនឹងគ្នាហើយ វាមិនមែនមានន័យថា ពួកគេត្រូវតែរស់នៅជាមួយគ្នាជាប់ជានិច្ចរហូតដែរ ជាពិសេសគូដែលរស់នៅជាមួយគ្នាមកយូរហើយ ព្រោះម្នាក់ៗគួរតែមានពេលវេលាផ្ទាល់ខ្លួន បានរស់នៅម្នាក់ឯងម្ដងម្កាល ឬនៅជាមួយក្រុមគ្រួសាររបស់ខ្លួនឯងខ្លះដែរ។ ដូច្នេះបើពេលខ្លះ គេ ឬអ្នកចង់បែកគ្នា ត្រឡប់ទៅរស់នៅជាមួយលោកឪពុកអ្នកម្តាយម្ដងម្កាល ក៏វាមិនមែនជារឿងចម្លែក ឬខាតបង់អីដែរ ហើយវាថែមទាំងល្អទៀតផង ព្រោះការនៅឃ្លាតឆ្ងាយពីគ្នា វានឹងជួយដាស់តឿនស្មារតីយើងថា តើយើងនៅតែស្រឡាញ់ និងនឹករឭកគ្នាខ្លាំងប៉ុនណា។

មូលហេតុដែលនាំយករឿង ៥យ៉ាងក្រោយការរៀបការហើយ មកជម្រាបជូនក្នុងថ្ងៃនេះ មិនមែនចង់បំភិតបំភ័យ ឬធ្វើឱ្យអ្នកមានអារម្មណ៍ខ្លាចការរៀបការនោះទេ តែចង់ឱ្យគ្រប់គ្នាមើលឃើញពីជ្រុង ១ទៀតរបស់ជីវិតអាពាហ៍ពិពាហ៍ថា ក្រោយពេលរៀបការហើយ នៅមានរឿងរ៉ាវជាច្រើនទៀតដែលយើងត្រូវជួប វាមិនមែនល្អស្អាត ដូចក្នុងរឿងនិទាន ឬប្រលោមលោកនោះឡើយ។ ដូច្នេះ វាប្រហែលជានឹងល្អប្រសើរជាង បើសិនអ្នកមានឱកាសបានរៀនយល់ដឹង និងត្រៀមខ្លួនទប់ទល់នឹងបញ្ហាផ្សេងៗ ដែលអាចកើតឡើង ដើម្បីឱ្យជីវិតគូរបស់អ្នក កាន់តែមានសេចក្តីសុខ និងយល់ចិត្តយល់ថ្លើមគ្នាកាន់តែល្អឡើងថែមទៀត៕

Warm toned portrait of modern young couple talking to each other sincerely while sitting on floor in cozy home interior, copy space
×