Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ និងប៉ាម៉ាក់ឆ្លាតវៃ៖ ៥រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

តើអាណាព្យាបាល និងលោកឪពុក-អ្នកម្តាយដឹងទេថា សភាពបរិស្ថានជុំវិញខ្លួនកូន សុទ្ធតែមានឥទ្ធិពល ដែលនឹងហុចផលប៉ះពាល់ ដល់ការរីកចម្រើនធំធាត់របស់ក្មេងបានទាំងអស់ ហើយរឿងនេះ គឺជារឿងដែលអាចកំណត់បានថា តើកូនតូចរបស់លោកអ្នក នឹងធំធាត់ឡើង ក្លាយជាយុវជនដ៏ល្អដែរឬទេ? បើអ្នកណាចង់ឱ្យកូនៗធំធាត់ឡើង ក្លាយជាមនុស្សល្អ និងមានអនាគតល្អស្រស់ស្រាយនោះ គួរចៀសវាង និងធ្វើយ៉ាងណា ឱ្យកូនតូចរបស់លោកអ្នក ស្ថិតនៅឱ្យឆ្ងាយពីសភាពបរិស្ថានដូចខាងក្រោមនេះ…
១.ការជេរស្តីបន្ទោស ទិតៀន

ការស្តីបន្ទោស ជេរបញ្ចោរ ទិតៀន អាចមានខ្លះៗដែរ ពេលដែលកូនធ្វើខុស តែបើសិនជាញឹកញាប់ជ្រុលពេក ក៏ប្រហែលជាមិនល្អឡើយ ព្រោះរឿងនោះ នឹងធ្វើឱ្យកូនធំធាត់ឡើង ក្លាយជាមនុស្សច្រងេងច្រងាង និងកើតមានអារម្មណ៍មិនចង់ធ្វើអំពើល្អនៅទីបំផុត។ ដូច្នេះវិធីដែលល្អបំផុត គឺព្យាយាមប្តូរពីការជេរស្តីបន្ទោស មកជាការនិយាយប្រាប់ ឬនិយាយប្រដៅបែបត្រជាក់ៗ ស្រួលៗ ល្អៗ ដើម្បីឱ្យកូនបានយល់ និងបានទទួលដឹងថា ខ្លួនគេពិតជាបានធ្វើខុសមែនវិញ ទើបប្រសើរជាង។

២.ថែទាំថ្នាក់ថ្នមជ្រុលពេក

ការចិញ្ចឹមកូនដោយការថ្នាក់ថ្នមជ្រុលហួសហេតុពេក គឺជាការបំផ្លាញកូនដោយមិនដឹងខ្លួន ព្រោះការធ្វើបែបនោះ នឹងធ្វើឱ្យគេធំធាត់ឡើង ក្លាយជាមនុស្សអាត្មានិយម គិតតែពីចិត្តខ្លួនឯង និងចូលចិត្តតែភាពងាយស្រួលសប្បាយហួសហេតុ វានឹងចូលទំនងដែលថា ធ្ងន់មិនចេះប្រឹង តឹងមិនចេះស៊ូ ដែលវានឹងហុចផលមិនល្អដល់ការរស់នៅក្នុងសង្គមមិនតិចតួចឡើយ។ ដូច្នេះ ទោះជាលោកអ្នកស្រឡាញ់ និងបារម្ភកូនខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបង្ហាត់បង្រៀនគេ ឱ្យចេះធ្វើអ្វីដោយខ្លួនឯងខ្លះផង មិនមែនគិតតែពីធ្វើឱ្យគ្រប់បែបយ៉ាង រហូតដល់គេមិនអាចធ្វើអ្វីបានសោះនោះឡើយ។

៣.ការជេរបញ្ចោរ ដាក់ទំនាយ

គ្មានកូនណាម្នាក់ ចង់ឮការជេរដាក់ទំនាយ ឬដាក់បណ្តាសាពីឪពុកម្តាយឡើយ ទោះជាការនិយាយនោះ មិនមែនជាការតាំងចិត្តក៏ដោយ ព្រោះនៅពេលដែលនិយាយចេញទៅហើយ ក្មេងៗនឹងចាំដក់ជាប់ក្នុងចិត្ត និងធ្វើឱ្យគេធំធាត់ឡើង ក្លាយជាមនុស្សអាក្រក់បាន។ ដូច្នេះហើយ ក្នុងការបង្ហាត់បង្រៀនកូន ឪពុកម្តាយចូរកុំប្រើអារម្មណ៍ ឬកំហឹង ឬក៏ភ្លេចខ្លួន និយាយពាក្យដាក់ទំនាយ ឬដាក់បណ្តាសាកូនឱ្យសោះ។

៤.ការចំអកធ្វើត្រាប់តាម

ការធ្វើត្រាប់តាម ទោះវាគ្រាន់តែជាការបន្លំលេងសើច បែបសប្បាយៗក៏ដោយ តែវាក៏អាចហុចផលប៉ះពាល់ នៅពេលកូនតូច ធំធាត់ឡើងបានដូចគ្នា ដែលរឿងនេះ វានឹងធ្វើឱ្យគេ ក្លាយជាមនុស្សអៀនខ្មាសច្រើន និងពិបាកក្នុងការចូលរួមការងារសង្គមជាមួយអ្នកដទៃ។ ដូច្នេះបើឪពុកម្តាយមិនចង់ឱ្យកូនក្លាយជាមនុស្ស ដែលប៉ិនអៀនខ្មាសជ្រុលហួសហេតុនោះ ចូរកុំសើចចំអក ឬធ្វើត្រាប់តាមទង្វើមិនល្អរបស់កូនជាដាច់ខាត។

៥.ការខ្វះហេតុផលមកពន្យល់ប្រាប់

កណ្តាលបរិស្ថានជុំវិញខ្លួន ដែលខ្វះនូវហេតុផលល្អៗមកពន្យល់ប្រាប់ ម្នាក់ៗប្រកាន់យកតែគំនិតខ្លួនឯងជាធំ ច្រើនតែធ្វើឱ្យកុមារធំធាត់ឡើង ក្លាយជាមនុស្សឆាប់ខឹងមួម៉ៅ និងគ្មានហេតុផលបានដូចគ្នា ហើយដោយភាពជាមនុស្សពូកែឆាប់ខឹងមួម៉ៅនេះ វានឹងហុចផលអាក្រក់ដល់ការរស់នៅ នាពេលអនាគតរបស់ពួកគេយ៉ាងខ្លាំង។ ដូច្នេះដើម្បីឱ្យកូនធំធាត់ឡើងយ៉ាងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតនោះ ឪពុកម្តាយត្រូវតែចាប់ផ្តើមពីការធ្វើឱ្យខ្លួនឯង ក្លាយជាមនុស្សមានហេតុផល ឱ្យកូនៗមើលជាគំរូជាមុនសិន ទើបជាការប្រសើរបំផុត។
តាមរយៈទាំង ៥ចំណុចដែលយើង បានរៀបរាប់មកនេះ សុទ្ធតែជាសភាពបរិស្ថានជុំវិញខ្លួនដែលសាងនូវទម្លាប់ និងនិស្ស័យមិនល្អដល់កូនតូច នៅពេលដែលគេធំធាត់ឡើងបានទាំងអស់ ហើយរឿងទាំងនេះ ភាគច្រើន គឺកើតចេញពីឪពុក-ម្តាយទាំងអស់។ ដូច្នេះ ដើម្បីឱ្យកូនៗធំធាត់ឡើងយ៉ាងមានគុណភាពល្អបំផុតនោះ ចូរកុំភ្លេចខ្លួន សាងសភាពបរិស្ថានទាំងអស់នេះ ឡើងមកធ្វើបាបកូនៗឱ្យសោះ៕

×