ស្ត្រីម្នាក់ខណៈកំពុងដើរក្នុងទីធ្លា ដោយមិនបានយកចិត្តទុកដាក់ចំពោះអ្វីនៅជុំវិញខ្លួន ស្រាប់តែសត្វកញ្ជ្រោង១ក្បាលបានដេញតាមពីក្រោយ ស្ទុះវាយប្រហារខាំជើងយ៉ាងរហ័សពេលនាងឈប់និយាយទូរស័ព្ទ។
ក្នុងបំណងដើម្បីកម្ចាត់សត្វនេះ ស្ត្រីនោះបានទាត់កញ្ជ្រោងជាច្រើនជើង ប៉ុន្តែ បើទោះជានាងបានព្យាយាមទាត់គ្រវែងវាយ៉ាងណា ក៏សត្វនេះមិនចុះចាញ់ឡើយ គឺរហូតទាល់តែអ្នកជិតខាងរត់មកជួយនាង ទើបវាខ្លាចរត់ចេញ។ អ្នកជិតខាងវ័យចំណាស់ម្នាក់ ត្រូវបានឃើញរត់យ៉ាងប្រញាប់ប្រញាល់ ជាមួយដំបងដ៏ធំមួយ ក្នុងបំណងដើម្បីវាយបណ្តេញសត្វនេះចេញ។
Ed Russo ដែលជាបងប្អូនជីដូនមួយរបស់ស្រ្តីនោះ បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម រៀបរាប់ថា៖ “បងស្រីរបស់ខ្ញុំត្រូវបានវាយប្រហារ ខណៈកំពុងឈរនៅទីធ្លាផ្ទះរបស់គាត់ក្នុងទីក្រុង Ithaca ទីក្រុងញូវយ៉ក។ សំណាងល្អដែលមុខរបួសមិនធ្ងន់ធ្ងរ ប៉ុន្តែខ្ញុំមិនយល់ថា ហេតុអ្វីបានជាសត្វកញ្ជ្រោងនោះមកដល់ទីនេះ»។
វីដេអូនេះបានសាយភាយពេញបណ្ដាញសង្គម ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកលេងអ៊ីនធឺណិត។ ជាមួយហេតុការណ៍ដ៏មិននឹកស្មានដល់នេះ គេបានបញ្ចេញមតិថា៖ «សូមប្រយ័ត្នសត្វព្រៃណា, គួរឱ្យខ្លាចណាស់ សំណាងដែលខ្ញុំមិនស្ថិតក្នុងស្ថានភាពនោះ, ស្ត្រីនោះសំណាងហើយ ដែលបានអ្នកជិតខាងមកជួយទាន់ ពុំនោះទេ គាត់អាចនឹងមានគ្រោះធ្ងន់ពុំខាន…»។
គួរឲ្យដឹងផងដែរថា កញ្ជ្រោងមានរាងតូច ងាយយល់ច្រឡំថាជាឆ្កែក្នុងស្រុកណាស់។ កាលពីឆ្នាំមុន Maribel Sotelo ស្ត្រីម្នាក់មកពីទីក្រុង Comas ប្រទេសប៉េរូបានជួបឧប្បត្តិហេតុ ដែលមិនអាចបំភ្លេចបាន ទាក់ទងនឹងកញ្ជ្រោង។ គ្រួសាររបស់នាងមានសត្វតូចមួយនេះជាសត្វចិញ្ចឹម ហើយនាងគិតថាវាជា Husky គួរឱ្យស្រឡាញ់ណាស់។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេបានរកឃើញថា សត្វឆ្កែចិញ្ចឹមរបស់គ្រួសារនេះ អស់រយៈពេល ៣ ខែ តែងតែដេញ និងចាប់មាន់ស៊ីសាច់ ដែលក្រុមគ្រួសាររបស់ម្ចាស់ក៏ទើបបានដឹងថា វាគឺជាកញ្ជ្រោងពិតប្រាកដ។
Maribel Sotelo ត្រូវទូរស័ព្ទទៅសេវាសត្វព្រៃជាតិដើម្បីយកកញ្ជ្រោងចូលក្នុងព្រៃវិញ។ សត្វឆ្កែតូចនេះពិតជាកញ្ជ្រោង Andean ដែលជាសភាវគតិធម្មជាតិរបស់វា គឺការបរបាញ់មាន់ បសុបក្សី និងជ្រូក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




