គេហទំព័រ Hebei Youth Daily ចុះផ្សាយព័ត៌មានថា មានបុរសត្រកូល Li ម្នាក់ នៅក្រៅស្ថានីយ៍ស៊ីជីវឈៀង ខេត្តហឺប៉ី ប្រទេសចិន កំពុងប្រញាប់ទិញសំបុត្ររថភ្លើងទៅមើលម្តាយកំពុងឈឺនៅឯស្រុក ស្រាប់តែជំងឺបេះដូងរើឡើងវិញ ។
ពេលជំងឺនេះរើឡើងវិញភ្លាមនោះ Li ពុំអាចយកថ្នាំ ឬស្រែកហៅគេឲ្យជួយបាន ។ គាត់ដួលអង្គុយលើដី រួចក្អួតចេញឈាម ប៉ុន្តែពុំមាននរណាចាប់អារម្មណ៍ដល់គាត់សោះឡើយ។
ព្រោះតែមិនដឹងធ្វើយ៉ាងណាដើម្បីប្រាប់ឲ្យគេដឹងថា ខ្លួនត្រូវការសង្គ្រោះបន្ទាន់នោះ Li ក៏សម្រេចចិត្តទាញយកលុយបោះវាមកខាងក្រៅ ។ ភ្នាក់ងារប៉ូលិស Lin Xiangshen ពេលនោះបានសំឡឹងឃើញ ហើយរត់មកសួរនាំជួយដល់ Li ។
Li ក្អួតចេញឈាម ហើយដោយគ្មាននរណាជួយក៏យកលុយបោះចេញមកក្រៅ បំណងឲ្យគេចាប់អារម្មណ៍ជួយ ។
ប៉ូលិសត្រកូល Lin ឲ្យដឹងថា ដំបូងខ្ញុំស្មានថាគាត់ស្រវឹងស្រា ប៉ុន្តែក្រោយពេលចូលមកកៀក ទើបឃើញថា ស្ថានភាពរបស់គាត់ធ្ងន់ធ្ងរណាស់ ។
ភ្នាក់ងារសុខាភិបាល បានមកដល់កន្លែងនេះ មិនយូរប៉ុន្មានក្រោយមក ជំងឺ Li ក៏បានធូរស្រាល ហើយសម្ពាធឈាមវិលត្រឡប់មកជាធម្មតា ។
បច្ចុប្បន្ននេះពលរដ្ឋចិនជាច្រើនមានជំងឺព្រងើយកន្តើយមិនរវីរវល់នឹងនរណាក្រៅពីខ្លួនឯង ។ ភាគច្រើនក្នុងនោះច្រើននិយាយថា ៖ ជួយគេពេលខ្លះនាំទុក្ខដល់ខ្លួន ។
ប៉ុន្តែទាស់ត្រង់ថា ពេលឃើញលុយស្រាប់តែជំងឺព្រងើយកន្តើយក៏ជាបាត់ ៕ ចន្ទ្រា