Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ សម្រាប់បុរសៗ…ចំណុចល្អរបស់ការមានគូស្នេហ៍អាយុ ៣០+

បុរសជាច្រើន ច្រើនតែស្រឡាញ់ស្ត្រីដែលមានវ័យក្មេងជាងខ្លួន ព្រោះមើលទៅនៅស្អាត គួរឱ្យស្រឡាញ់ ប៉ិនងង៉ក់ ពូកែយកចិត្ត តែថ្ងៃនេះ យើងនឹងមកជម្រាបថា ស្ត្រីដែលមានអាយុ ៣០ឡើង ក៏មានអ្វីល្អៗដែរណា៎…។ ស្រីៗវ័យ ៣០ឡើងមួយចំនួន ចេះមើលថែទាំខ្លួនបានល្អណាស់ រហូតមើលឃើញហើយ មិនចង់ជឿថា មានអាយុច្រើនដល់ថ្នាក់ហ្នុងផង ដូច្នេះសម្រាប់បុរសៗ សូមនាំគ្នាមកស្ដាប់មើលថា បើមានគូស្នេហ៍ ជាស្ត្រីដែលមានអាយុច្រើនបន្តិចនោះ តើវាល្អយ៉ាងណាខ្លះ និងហេតុអីបានបុរសមួយចំនួន គេចូលចិត្ត?។
១.មិនចេះងង៉ក់
នារីវ័យ ៣០+ នឹងមានភាពជាមនុស្សចាស់ ឆាប់យល់ដឹងពីអ្វីៗជុំវិញខ្លួន មិនយករឿងតូចតាចមកធ្វើជាបញ្ហា។ អាចដោយសារតែខ្លួនឯងមានភារៈតួនាទី ដែលត្រូវទទួលខុសត្រូវ និងមានអ្វីត្រូវធ្វើច្រើនហ្នឹងឯង។ ដូច្នេះសេពគប់នារីៗក្នុងវ័យនេះ មិនសូវជាមានរឿងឱ្យរំខានចិត្តប៉ុន្មានឡើយ។

២.យល់ដឹងពីអារម្មណ៍
ដោយបទពិសោធជីវិត និងការជួបប្រទះមនុស្សម្នាមកច្រើន ទើបនាងយល់ដឹង និងស្គាល់ពីពិភពលោកបានច្រើន យល់ដឹងច្រើនពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន មិនថាតែសុខ ឬទុក្ខនោះទេ នាងនឹងយល់ពីអារម្មណ៍របស់គូស្នេហ៍ បានច្រើនជាងស្ត្រីដែលអាយុនៅតិច។

៣.នាងនឹងមិនងាយប្រែប្រួលឡើយ
នារីវ័យ ៣០+ភាគច្រើន នឹងឆ្លងផុតអំឡុងពេលស្វែងរកខ្លួនមកហើយ(ស្គាល់ខ្លួនឯងច្បាស់ហើយ) បើអ្នកជួបនាងក្នុងអំឡុងអាយុនេះ ឃើញនាងយ៉ាងម៉េច នាងក៏នៅតែបែបនោះជានិច្ច មិនបាច់កង្វល់ខ្លាចថា សេពគប់គ្នាបានមួយរយៈ នាងនឹងទៅជួបជីវិតថ្មីមួយទៀត សង្គមថ្មីមួយទៀត ហើយផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងនោះឡើយ។

៤.មិនចាំបាច់មើលថែទាំនាងច្រើនឡើយ តែថែមទាំងចេះមើលថែទាំយើងទៀតផង
នារីៗវ័យនេះ ច្រើនតែចេះមើលថែទាំខ្លួនឯងបានស្រេចទៅហើយ និងអ្នកខ្លះ ថែមទាំងរាងទើសទាល់ ពេលមានអ្នកមកចាំយកចិត្តយកថ្លើមជ្រុលពេកទៀតផង ដូច្នេះហើយទើបគូស្នេហ៍របស់នារីវ័យ ៣០+ មិនចាំបាច់នឿយហត់ក្នុងការមើលថែទាំនាងច្រើនទេ តែគួរបែរទៅសង្កត់ធ្ងន់លើការយកចិត្តទុកដាក់រឿងអារម្មណ៍ និងធ្វើជាទីប្រឹក្សាឱ្យនាងវិញ ជាការប្រសើរជាង។ ចំណែកការមើលថែទាំគូស្នេហ៍វិញ នៅពេលនាងស្គាល់ពីវិធីមើលថែទាំខ្លួនឯងច្រើនឡើងតាមបទពិសោធជីវិតហើយនោះ នាងក៏នឹងមើលថែទាំគូស្នេហ៍បានកាន់តែល្អឡើងដូចគ្នា។

៥.ជាអ្នកជួយគិតដ៏ល្អ
នារីៗវ័យនេះ មានបទពិសោធទាំងក្នុងការរស់នៅ និងរឿងការងារ ច្រើនជាងនារីដែលអាយុនៅតិច រឹតតែជានារីបែប Working Woman ផងនោះ រឹតតែអាយុច្រើន នឹងរឹតតែពូកែឡើង ទើបនាងអាចធ្វើជាអ្នកជួយគិត ជួយគូរម្នាក់ដ៏ល្អសម្រាប់គូស្នេហ៍ និងជួយកែបញ្ហាផ្សេងៗបាន រួមទាំងការធ្វើជាគូជីវិតដ៏ល្អទៀតផង។

៦.ស្នេហ៍ស្មោះ បំណងរៀបការ
នារីៗវ័យនេះ បើសេពគប់ជាមួយនរណាម្នាក់ហើយ ច្រើនតែគិតគូរពីរឿងរស់នៅជាជីវិតគូ ដែលខុសគ្នា ពីការធ្វើជាគូស្នេហ៍នឹងគ្នា។ នាងនឹងមានភាពស៊ូទ្រាំច្រើនឡើង ព្រោះដឹងថា ការរស់នៅរួមជាមួយគ្នា ត្រូវតែចេះស៊ូទ្រាំ អត់ធន់ អត់ធ្មត់ និងអត់ទោស តែ បើជាស្រីក្មេងៗ ក្រមុំៗវិញនោះ “មិនល្អ ក៏រកថ្មីទៀត អត់ខ្វល់!”។ ដូច្នេះសម្រាប់កំលោះៗ ដែលមានអាយុច្រើនគួរសមហើយ ចង់សាងគ្រួសារ នារីៗវ័យនេះ នឹងត្រៀមខ្លួនជាស្រេច ក្នុងការរស់នៅជាមួយអ្នក។ ក្រៅពីនេះ នារីក្នុងវ័យនេះ ច្រើនតែមានតួនាទីការងារដែលមាំមួននឹងនររួចហើយ និងជួយគ្នាធ្វើការរកស៊ីបានតែម្តង។
ចំណុចល្អច្រើនយ៉ាងនេះ កំលោះៗយើង ប្រហែលជាចាប់អារម្មណ៍នារីៗបែបនេះ មកធ្វើជាគូជីវិតហើយមើលទៅ…៕

×