កាលពីពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានធ្វើឲ្យកក្រើកល្បីដល់ពិភពលោក បន្ទាប់ពីបានតាំងខ្លួនជា «ព្រហ្មរក្សាលោក» ដោយអះអាងថា នឹងកើតមានគ្រោះធំ លិចលង់ផែនដីសព្វទិសទី និងប្រកាសឲ្យមនុស្សម្នា ជាពិសេសអ្នកគាំទ្រ ប្រញាប់ប្រញាល់ទៅកាន់ដីចំការរបស់ខ្លួន (នៅជើងភ្នំគូលេន) ជាបន្ទាន់ ព្រោះមានតែកន្លែងមួយនេះទេ ដែលទឹកមិនអាចលិចលង់បាន។
ពិតណាស់ ដោយសារតែមានភាពភ័យខ្លាចខ្លាំង និងជឿខ្វះបញ្ហានៃការគិត បានធ្វើឲ្យមនុស្សជាច្រើន វេចបង្វិច និងខ្លះល្បីដល់ថ្នាក់លក់របស់ទ្រព្យ ស្រវេស្រវ៉ារត់ចោលផ្ទះសម្បែង ដើម្បីធ្វើដំណើរទៅកាន់ «អាស្រម» របស់ព្រហ្ម ខឹម វាសនា បង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ពីសំណាក់មហាជន បន្ទាប់ពីបានឃើញទិដ្ឋភាពមនុស្សម្នា សម្រុកធ្វើដំណើរទៅ និងប្រមូលផ្តុំបោះតង់ស្នាក់នៅដ៏មិននឹកស្មានដល់។
តែទោះជាយ៉ាងណា ក្រុមមនុស្សជឿខ្វះបញ្ញាការគិតទាំងនោះ បានវិលត្រឡប់ទៅស្រុកភូមិវិញជាបណ្តើរៗវិញហើយ បន្ទាប់ពីដល់ថ្ងៃឱសានវាទ (ថ្ងៃទី៣០ សីហា) ដែលអាជ្ញាធរបានដាក់កំហិតមិនឲ្យលោក ខឹម វាសនា និងក្រុមអ្នកជឿទាំងនោះ បន្តជួបជុំទៀតឡើយ។
ទាក់ទងនឹងរឿងនេះ មហាជនបានត្រឹមអស់សំណើច និងហួសចិត្តយ៉ាងខ្លាំង ព្រោះតែមិននឹកស្មានថា មនុស្សទាំងនោះ ហេតុអ្វីបានជានាំគ្នាជឿ គ្មានការពិចារណាសោះអុីចឹង ហេតុអ្វីក៏ល្ងង់ដល់ថ្នាក់នេះ ចេះតែនាំគ្នាជឿមនុស្សសសៃប្រសាទអុីចឹងកើតដែរ សម័យនេះជាសម័យអីហើយ?។ ខឹម វាសនា ឆ្កួតតែម្នាក់ឯង ចុះហេតុអ្វីបានមនុស្សជាច្រើនរាប់ម៉ឺននាក់ជឿ ឲ្យគាត់បោកបានស្រួលសុីផុយយ៉ាងនេះ។
ដោយឡែក វីដេអូកាត់តថ្មីមួយ បានកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំងតែម្តង នៅលើបណ្តាញសង្គម ខណៈបានឃើញលោក ខឹម វាសនា វែកញែករឿងគេថាគាត់ឆ្កួត ហើយត្រង់ចំណុចមួយនោះ គាត់ក៏បាននិយាយពាក្យថា «…ដល់គិតយូរៗទៅ អញឆ្កួតយូរហើយ… អុីចឹង មិនឡប់ហ្នឹង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





