Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ដ៏​រំភើប​បន្សល់ទុក​នូវ​រូបចម្លាក់ និង​សំណេរ​សាច់រឿង របស់​សុនក​មួយ​ក្បាល ដែល​សុខចិត្ត​ស្លាប់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​សិប​នាក់ និង​កូន​តូចៗ​របស់​ពួកគេ​

​រហូតមកទល់​ពេលនេះ ទីលាន​កប់​សាកសព Xia Jiashan នៅក្នុង​ទីក្រុង Jiujiang (​ប្រទេស​ចិន​) នៅ​រក្សាទុក​ផ្នូរ​ដ៏​ចម្លែក​មួយ ផ្នូរ​ខាងលើ​ជា​ផ្ទៃ​រាបស្មើ​នៃ​សំណេរ​សាច់រឿង លើ​ផ្ទាំង​ថ្ម​ក្រា​នី​ត ហើយ​នៅ​ខាង​មុខ​នោះ​គឺជា​រូបចម្លាក់​សុន​កមួយ​ក្បាល ។ រឿងនេះ កើតឡើង​កាលពី ១៥​ឆ្នាំមុន ។ នោះ​គឺ​វេលា​ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែវិច្ឆិកា ២០០៣ គ្រូបង្រៀន​ម្នាក់​នៃ​សាលា​បណ្តុះបណ្តាល​អ្នកបើក​បរ​នៃ​ទីក្រុង​នេះ បាន​ទិញ​ឆ្កែ​មួយ​ក្បាល​ដែល​ងាប់​ហើយ រួច​ផ្តាំ​ឲ្យ​ចុងភៅ​ធ្វើ​ម្ហូប​ជប់លៀង អ្នក​ដែល​ចប់​វគ្គ​សិក្សា​បើកបរ​រថយន្ត​។​

ផ្នូរ​ដែល​មាន​រូបសំណាក​សុនក​នេះ ទីក្រុង​ជី​វជី​ង ជា​សក្ខីកម្ម​នៃ​រឿង​គួរឲ្យ​រំភើបចិត្ត​កាលពី ១៥​ឆ្នាំមុន ។​

​ពេល​ដែល​ម្ហូប​ត្រូវបាន​កែច្នៃ​រួច ក្លិន​ឈ្ងុយ​ឈ្ងប់​ធ្វើឲ្យ​មនុស្ស​ស្រក់ទឹកមាត់ ហើយ​សូម្បី​តែ​កូន​ឆ្កែ​ទើប​នឹង​កើត​នៅក្បែរ​នោះ​ក៏​លូន​សំដៅ​មករក ។ ដោយ​ឃើញ​ហ្វូង​កូន​ឆ្កែ មាន​ភាព​ស្រេកឃ្លាន ពួកគេ​ក៏​ចាប់​សាច់​មួយ​ដុំ ដែល​ចុងភៅ​ទើប​លើកយក​មក​បោះ​ឲ្យ​វា​ស៊ី ។​

​ពេល​នោះ​មេ​ឆ្កែ​ស្រាប់តែ​បោល​សម្រុកចូល​មក​បើកភ្នែក​ក្រឡោត រួច​ព្រុះ​គំរាម​កូន​ខ្លួន​ចេញ ។ កាយវិការ​របស់​មេ​ឆ្កែ​នេះ​ពិតជា​ខុស​នឹង​ភាព​ស្លូតបូត​របស់​វា​ដូច​សព្វមួយដង វា​យក​ជើង​វា​សង្កត់​ដុំ​សាច់​នោះ​ជាប់​លើ​ដី​ដាច់ខាត​មិន​ឲ្យ​ហ្វូង​ឆ្កែ​នោះ​ប៉ះពាល់ ។​

​កូន​ឆ្កែ​ឃើញ​មេ​របស់​វា​ខឹង​បែបនេះ​ក៏​រត់​បាត់ ។​

​ប៉ុន្តែ​មេ​ឆ្កែ​នេះ​នៅតែ​សំឡឹង​ដុំ​សាច់​លើដី បើកភ្នែក​ក្រឡោត​រួច​ព្រុស​ខ្លាំងៗ​មិន​ឈប់ ។ យ៉ាង​នេះ​ទៅ​ហើយ​តែ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ។​

​ពេល​នោះ​មេ​ឆ្កែ​កាន់តែ​បង្ហាញ​ភាព​ស្លន់ស្លោរ​វា​សំឡឹង​ទៅ​កាន់​ខ្ទះ​សាច់​ឆ្កែ​ដែល​ចម្អិន​រួច​ស្រែក​ព្រុស​យ៉ាងខ្លាំង ។ ព្រុស​បណ្តើរ​វា​រត់​ជុំវិញ​បណ្តើរ ហាក់ដូច​ចង់​ប្រាប់​រឿង​អ្វីមួយ​។ ពេល​នោះ​អ្នក​ចុង​គិតថា វា​កំពុង​ឃ្លាន ក៏​ចាប់​សាច់​ប៉ុន្មាន​ដុំ​ទៀត​បោះ​ឲ្យ ។ ស្មាន​ពុំ​ដល់​ថា វា​យក​ជើង​សង្កត់​លើ​សាច់​នោះ​ជាប់ មិន​រវល់​ក្រឡេកមើល ហើយ​ថែមទាំង​ព្រុស​ខ្លាំង​ជាង​មុន ។​

​ម្យ៉ាង​ដោយ​រវល់​នឹង​ការជួបជុំ ហើយក៏​មិន​យល់ថា សុនក​នេះ​ចង់​ប្រាប់​រឿង​អ្វី ពួក​គេ​លែង​រវីរវល់​នឹង​សម្រែក​ព្រុស​ដ៏​ចម្លែក​របស់​មេ​ឆ្កែ ។​

​គ្មាន​នរណា​នឹកស្មានថា សកម្មភាព​សាហាវ និង​មិន​ប្រក្រតី​របស់​មេ​ឆ្កែ ការពិតទៅ​គឺ​ជា​ពាក្យ​ព្រមាន​ប្រាប់ឲ្យដឹង​ឡើយ ។​

​ពេល​នោះ​មនុស្សម្នា​កាន់តែ​មក​ច្រើន ហើយ​ការ​ជប់លៀង​ក៏​រៀបចំ​ប្រព្រឹត្តទៅ ។ ពួកគេ​ទាំងអស់​នាំគ្នា​មក​ឈរ​មើល​ខ្ទះ​សាច់​ឆ្កែ​ដ៏​ធំ ខណៈពេល​ដែល​មេ​ឆ្កែ​នោះ​កាន់តែ​ព្រុស​ខ្លាំង​ឡើងៗ​ស្ទើរ​បែក​បំពង់ក​។​

​ស្រាប់តែ​វា​ចាប់ផ្តើម​ស្រែក​ថ្ងូរ ហើយ​កូន​ទាំង​៤​របស់​វា​ក៏​រត់​ពី​ក្រៅ​ចូលមក ព្រោះ​ឮ​សំឡេង​ថ្ងូរ​របស់​ម្តាយ​វា វា​យក​អណ្តាត​លិទ្ធ​លើ​មុខ​កូន​ទាំង​៤ ហើយ​ភ្នែក​វា​ពេលនោះ​ហាក់ដូចជា​រលីងរលោង​ចង់​យំ ។ វា​ក៏​ស្ទុះ​សំដៅទៅ​ហ្វូងមនុស្ស ហើយ​យក​ក្បាល​ទៅ​កកិត​នឹង​ជើង​ពួកគេ ក៏​នៅ​គ្មាន​នរណា​រវីរវល់​នឹង​វា​ដដែល ។ បន្ទាប់​មក​វា​ននៀល​លើដី ស្រែក​ខ្លាំងៗ រួច​ក៏​សំដៅ​ទៅ​ខាំ​ស៊ី​បី​ដុំ​ដែល​បោះ​លើ​ដី​អស់​មួយ​រំពេច ។​

​ប្រមាណ ១០​នាទី​ក្រោយ វា​ចាប់ផ្តើម​ប្រកាច់​ឈាម​ហូរ​ចេញ​តាម​មាត់ រួច​ក៏​ងាប់​បាត់​ទៅ ។​

​ពេលនោះ​ទើប​មនុស្ស​ទាំងអស់​ចាប់​អារម្មណ៍ ហើយ​យល់​។ ទង្វើ​របស់​វា គឺ​គ្មាន​អ្វី​ក្រៅពី​ចង់​ប្រាប់​ឲ្យ​មនុស្ស​និង​កូនៗ​វា​កុំ​ស៊ីសាច់​នេះ ព្រោះ​វា​មាន​ជាតិពុល ប៉ុន្តែ​ចុងក្រោយ​ដោយ​គ្មាន​អ្នកណា​យល់ ទើប​វា​បង្ខំចិត្ត​យក​ជីវិត​វា​ដើម្បី​បញ្ជាក់​ប្រាប់ និង​សង្គ្រោះ​មនុស្ស​ទាំងនោះ ។​

​មេ​ឆ្កែ​ដ៏​ក្លាហាន បាន​យក​ជីវិត​ខ្លួន​ដើម្បី​សង្គ្រោះ​មនុស្ស​រាប់​សិប​នាក់​ព្រមទាំង​កូន​របស់​វា នេះ​ជា​សាច់រឿង​ដែល​សរសេរ​លើ​ថ្ម​ក្រា​នី​ត​នោះ ។​

​មនុស្ស​ប្រមាណ ៣០​នាក់ ដែល​ចូលរួម​ពិធីជប់លៀង​ថ្ងៃនោះ នៅតែ​តក់ស្លុត​មិន​បាត់​ឲ្យតែ​គេ​រំលឹក​ដល់​រឿងនេះ ។ គ្រូបង្រៀន​ត្រកូល​លីវ ដែលជា​អ្នក​ទិញ​ឆ្កែ​ងាប់​មួយ​ក្បាល​នោះ និយាយ​ទាំង​ទឹកភ្នែក​ថា ៖ មុន​នោះ​ខ្ញុំ​ធ្លាប់​ឮ​រឿង​ឆ្កែ​សង្គ្រោះ​មនុស្ស ខ្ញុំ​គិតថា​វា​ជា​ពាក្យ​ចរចា​ម​អា​រ៉ា​ម​មិនបានការ តែ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​រឿងនេះ​។ ប្រសិនបើ​គ្មាន​មេ​ឆ្កែ​ប្តូរជីវិត​ទេ នោះ​ខ្ញុំ​ប្រាកដ​ជា​ជាប់គុក ព្រោះ​ខ្ញុំ​ជា​អ្នកទិញ​ឆ្កែ​ដែល​ត្រូវ​គេ​បំពុល​យកមក​ធ្វើ​ម្ហូប​ជប់លៀង ។​

​បន្ទាប់មក​ពួកគេ​ក៏​បាន​សម្រេចចិត្ត​នាំ​យក​វា​ទៅ​កប់​ក្នុង​ទីលាន​សម្រាប់​កប់ស​ពម​នុស្ស ហើយ​ធ្វើ​នូវ​អ្វីៗ​ដូច​រូបភាព​ខាងលើ ។​

​មកទល់ពេលនេះ ផ្នូរ​របស់​វា​នៅតែ​មាន​អ្នក​យក​ផ្កា​មក​ដាក់​ជា​ការ​នឹករលឹក​។​

×