ដូចដែលបានដឹងហើយថា កម្មវិធី Miss Grand Cambodia 2022 ឆ្នាំនេះ បានជួបព្យុះជួបភ្លៀង ក្លាយជាផ្ទាំងសុីបរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់លំដាប់ថ្នាក់ ពោលគឺចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គបញ្ចប់ ព្រោះឈុតខ្លះហាក់ដូចវង្វេងវង្វាន់ពីវប្បធម៌ និងអាសអាភាសដ៏ជ្រុលហួសហេតុ ដែលមិនសមតម្លៃសេចក្តីថ្លៃថ្នូរពាក្យថា «បវរកញ្ញា»។
តែយ៉ាងណាមិញ ថ្មីៗនេះ ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានឃើញស្រីស្អាតមានគណនីហ្វេសប៊ុកឈ្មោះថា Julie Hoeung ដែលត្រូវបានគេស្គាល់ជាម្ចាស់ប្រេនស៊ាបូមួយ ដែលទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន បានដាក់ពាក្យប្តឹងទៅកាន់អ្នកផលិតកម្មវិធីដ៏ល្បីឈ្មោះ លោក គួច ខេវិន បន្ទាប់ពីលោកបានប្រើពាក្យ «សោភិនី ឬនារីពេស្យា» ដែលធ្វើឱ្យអ្នកឡើងបំពាក់មកុដ និងជាម្ចាស់ឧបត្ថម្ភដ៏ធំ សម្រាប់កម្មវិធី Miss Grand រូបនេះទទួលយកមិនបាន។
ពិតណាស់ ក្រោយឃើញស្រីស្អាតរូបនេះ ស្លៀកលីអូគ្របរូបស្បៃដ៏ក្តៅភ្នែកឡើងបំពាក់ម្កុដ បានធ្វើឲ្យលោក គួច ខេន បានរិះគន់ចំអកចំៗថា៖ «ការប្រឡងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារ 2022 ត្រូវបានបញ្ចប់! 2022 លេចប៉ុណ្ណឹង ឆ្នាំក្រោយលេចជាងហ្នឹងទៅទៀត រឺ អាក្រាតផងបាទ»។
បន្ទាប់មក លោក គួច ខេវិន បានដាក់បន្ថែមយ៉ាងចាក់ដោតថា៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យ ពិតជាមានសេរីភាពយ៉ាងពេញបរិបូរណ៍ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការជ្រើសរើសស្រី សោភិនី ឬនារីពេស្យាចារទៅវិញ??? ព្រោះវាមើលទៅដូចជាអាសអាភាស និងអាណាចាហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៌៣ដង នៅតែមិនទាន់បាត់ខ្ពើម ឃ្លៀកគគ្រិច គ្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់សុីបាយម៉ាអាទិត្យ? តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់ មិនគួរយកកេរ្តិ៍យកខ្មាស មកឲ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ? ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេក ដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចពិតកណ្យាណី តែគេមិនមកចូលប្រជែងជាមួយពួកនាងទេ ព្រោះគេមិនឲ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរ ជាមួយនឹងពួកនាងៗ! យល់???»។
ឆ្លើយតបទៅការរិះគន់ធ្ងន់ៗរបស់លោក គួច ខេវិន ស្រីស្អាតអ្នកឡើងបំពាក់ម្កុដ ដែលក៏មានខ្លួនជាស្រីសោភិនី បានបញ្ចេញប្រតិកម្មថា៖ «នាងខ្ញុំជាប្រធានក្រុមហ៊ុនមួយរូបជា VIP sponsor សូមជូនសេចក្តីជូនដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំដាក់ពាក្យបណ្ដឹងទៅកាន់រូបលោក ខ្ញុំបានអោយមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ បើលោកមិនចេញមុខសុំទោសដល់អ្នកទាំងប៉ុន្មានដែលលោកផុសរូបនេះទេ គឺខ្ញុំមិនដកពាក្យបណ្ដឹងជាដាច់ខាត។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសំដីមើលងាយ ប្រើពាក្យ “ សោភនី រឺ ពេស្យាចារ” ទៅកាន់កូនក្រមុំគេបែបនេះទេ មានភស្តុតតាំងកន្លែងណាថាជា សោភនី រឺ ពេស្យាចារ? ទោះគាត់ស្លៀកពាក់សុីចមែនក៏មិនលក់ខ្លួនដែរ លោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថា “សុីចសុីតែសំបកក្រៅតែមានតម្លៃជាស្ត្រីថ្លៃថ្នូរដែរមិនលក់ខ្លួនទេ មើលបានតែមិនអាចប៉ះបាន កុំស្លៀកពាក់ជិតៗតែផើមអត់ប្តី” សូមបវកញ្ញាដែលមានក្នុងរូបសូមទាក់ទងមកខ្ញុំដើម្បីដាក់ពាក្យបណ្តឹងរួមគ្នា។ នាងខ្ញុំជាប្រធានក្រុមហ៊ុនមួយរូបទាំងមូល តើអ្នកណាទិញក្បាលខ្ញុំបាន?»។
តែទោះជាយ៉ាងណា លោក ខេវិន ហាក់មិនចុះញមទៅនឹងពាក្យគំរាមប្តឹងរបស់ស្រីស្អាតរូបនេះឡើយ បើទោះជាផុសនោះត្រូវលុបចេញវិញ ពីក្នុងហ្វេសប៊ុករបស់លោកក៏ដោយ ដោយលោកបានអះអាងថា៖ «ខ្ញុំមិនបានលុបអត្ថបទរបស់ខ្ញុំនោះឡេីយបាទ!!!! ជំរាបសួរមិត្តភក្តិក្នុងបណ្តាសង្គម facebook ទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់ជាមតិគាំទ្រ ប្រកបដោយសុភវិនិច្ឆ័យ មានន័យស្ថាបនា ខ្ញុំសូមជំរាបជូនថាគេហទំព័រ facebookរបស់ខ្ញុំ ត្រូវបាន restricted/block/post មិនបានក្នុងរយៈពេលខ្លី ព្រោះមានប្រិយមិត្ត ផ្តល់មតិនិងចែកចាយច្រើនពេក មិនមែនខ្ញុំលុបអត្ថបទនោះឡេីយ! ព្រោះអត្ថបទរបស់ខ្ញុំគឺដើម្បីញាំងឲ្យវប្បធ៌ម ប្រពៃណីនារីខ្មែរ ទទួលបាននូវភាពត្រចៈត្រចង់ ដែលធ្លាប់មាន និងមិនត្រូវបានជាន់ពន្លិចដោយជនអគតិមួយចំនួន ដែលសួនតួនិយម មិនគិតដល់ប្រយោជន៍ជាតិ និងវប្បធ៌ម អរិយធ៌មដូនតាអ្នកសាងអង្គរ។ សូមមិត្តៗចូលអានខមិន comments ទាំងនេះផង! អរគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











