Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ក្រមុំៗត្រៀមផ្អៀងត្រចៀក ចាំស្ដាប់ណា៎៖ «ចំណុចល្អ ៥យ៉ាងរបស់ការរៀបការ»

ខាងក្រោមនេះ ជាចំណុចល្អៗរបស់ការរៀបការ ដែលក្រមុំៗទាំងឡាយគួរតែដឹង ព្រោះការរៀបមង្គលការ បានផ្ដល់នូវអ្វីៗ ច្រើនជាងយើងនឹកគិតទៅទៀត។ មិនប្រាកដដែរ នៅពេលបានអានហើយ វាអាចនឹងធ្វើឱ្យអ្នកនាងហ៊ានបើកបេះដូង ទទួលយកកំលោះណាម្នាក់ មកសិក្សាចិត្តថ្លើមគ្នា ក៏អាចថាបានដែរណា៎(ហេសៗ)។
ការរៀបអាពាហ៍ពិពាហ៍ គឺជាក្ដីស្រមៃមួយរបស់មនុស្សជាច្រើន ជាពិសេសបំផុត ក្រមុំៗដែលចង់ស្លៀកឈុតរៀបការស្អាតៗ ហ៊ុមព័ទ្ធដោយអ្នកកំដរកូនក្រមុំដ៏គួរឱ្យស្រឡាញ់ ព្រមទាំងបានបោះបាច់ផ្កា ឱ្យក្រមុំៗដទៃទៀតបានផ្សងសំណាងទៀតផង។ ទាំងអស់នេះ គឺជាទិដ្ឋភាពនៃការរៀបអាពាហ៍ពិពាហ៍ក្នុងឧត្ដមគតិ ដែលមនុស្សជាច្រើនសុទ្ធតែនឹកស្រមៃ រហូតធ្វើឱ្យក្រមុំៗទាំងឡាយ លែងគិតចង់នៅម្នាក់ឯងតទៅទៀត។ ឥឡូវយើងនាំគ្នាមកមើលថា តើចំណុចល្អៗ ដែលបានមកពីការរៀបការនោះមានអ្វីខ្លះ? ព្រោះជីវិតរបស់អ្នក នឹងផ្លាស់ប្ដូរទៅជាស្រស់ថ្លាភ្លាមៗតែម្ដង បើអ្នកបានជួបស្នេហ៍ជាមួយកំលោះណាម្នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការសុំអ្នករៀបការនោះ(អ៊ឺហ៊ឺ…)។

១.ធ្វើអ្វី ចេះប្រយ័ត្នប្រយែងច្រើនជាងមុន

គេនាំគ្នានិយាយថា មនុស្សដែលរៀបការហើយ នៅពេលធ្វើអ្វីក៏ដោយ តែងនឹកដល់សុវត្ថិភាពខ្លួនឯងជាចម្បង ព្រោះគិតថា បើសិនជាខ្លួនឯងកើតអីទៅ ក្រុមគ្រួសារនឹងទៅជាយ៉ាងណា? ដូច្នេះហើយ ទើបធ្វើឱ្យយើងត្រូវតែបង្កើនភាពប្រយ័ត្នប្រយែងក្នុងជីវិតកាន់តែច្រើនឡើង។ ពីធ្លាប់តែចិត្តក្ដៅដូចភ្លើង មកជាចិត្តត្រជាក់ច្រើនជាងមុន ទើបមិនមែនជារឿងប្លែកឡើយដែលថា ហេតុអីបានជាអ្នកមានគូហើយ គេងាកមកយកចិត្តទុកដាក់រឿងសុខភាពខ្លួនឯងនោះ? គឺដោយសារតែគេចង់មានសេចក្ដីសុខក្នុងការរស់នៅ រួមជាមួយមនុស្សដែលគេស្រឡាញ់ឱ្យបានយូរអង្វែងហ្នឹងឯង។

២.ក្រុមគ្រួសារសប្បាយចិត្ត

នារីៗយើងជាច្រើន អាចមានកង្វល់ថា នៅពេលរៀបការហើយ ឪពុកម្ដាយនឹងរឹតតែរញ៉ាំរញូវជាមួយយើងច្រើនជាងមុន តែនៅក្នុងជីវិតពិតវិញ ក្រុមគ្រួសារនឹងមករវីរវល់ជាមួយយើងកាន់តែតិចទៅ ហ្នឹងគឺដោយសារតែគាត់មើលឃើញថា អ្នកមានគ្រួសារ មានប្ដីសីរួចហើយ និងជឿថា អ្នកមានចំណេះដឹងច្រើនគ្រប់គ្រាន់ក្នុងការចាត់ការ និងដោះស្រាយបញ្ហាផ្សេងៗបានហើយ និងជាពិសេស មានអ្នកមើលថែទាំរូបអ្នកហើយ។ ពីពេលនេះទៅ អ្នកក៏លែងចាំបាច់មកស្ដាប់លោកប៉ាអ្នកម៉ាក់របស់អ្នក រអ៊ូរឿងអ្នកត្រឡប់មកផ្ទះវិញយប់ជ្រៅ ឬដើរលេងយប់ទៀតដែរ (តែអាចជាគូជីវិតរបស់អ្នក ជាអ្នករអ៊ូវិញម្ដង)។

៣.ទស្សនគតិផ្លាស់ប្ដូរ
ព្រោះការរៀបការ នឹងចូលមកព្រមជាមួយតួនាទី ការទទួលខុសត្រូវ ទាំងក្នុងឋានៈស្វាមី-ភរិយា ឪពុក-ម្ដាយ ទើបធ្វើឱ្យជីវិតអ្នក បានដឹងពីគោលដៅកាន់តែច្បាស់លាស់ឡើង គិតអ្វីល្អិតល្អន់ឡើង ចង់ចាយវាយអី ក៏ប្រយ័ត្ន រៀនយល់ដឹងក្នុងការលះបង់ និងស្គាល់ពីការសម្រុះសម្រួល។ ទាំងអស់នេះ វានឹងហាត់ពត់លត់ដំទស្សនគតិរបស់អ្នកជាបណ្ដើរៗ ពីរយៈដំបូងៗដែលមើលទៅហាក់ដូចជាមិនសូវជាស៊ីចង្វាក់គ្នា រហូតដល់កើតភាពស៊ាំធ្លាប់ នៅពេលៗវេលាកន្លងទៅ។

៤.មានអ្នកចែករំលែកអារម្មណ៍

ពីមុនអ្នកអាចនឹងធ្លាប់គិតថា មានត្រឹមតែឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិ ក៏គ្រប់គ្រាន់ សម្រាប់ឱ្យអ្នកចែករំលែកអារម្មណ៍ល្អ និងមិនល្អជាមួយគ្នាបានហើយ…តែ វាមិនមែនបានទាំងអស់ទេចា៎ស!។ ប្រាកដណាស់ថា ការមានជីវិតគូដែលល្អ នឹងជួយឱ្យអ្នកឆ្លងផុតឧបសគ្គផ្សេងៗបាន មានអ្នកនៅចាំផ្ដល់កម្លាំងចិត្ត ពេលអ្នកអស់សង្ឃឹម និងនឿយហត់ ជាមិត្តជួយគិត ជួយសម្រាលបន្ទុកមុខងារផ្សេងៗ និងដែលសំខាន់គឺ ចែករំលែកទុក្ខ និងសុខ ជាមួយរូបអ្នក។

៥.សាងអត្ថន័យដល់ជីវិត

“ប្រញាប់ត្រឡប់ទៅផ្ទះធ្វើអី?” “ធ្វើការរកលុយដើម្បីអី?” “ពេលយប់ នៅសុខៗ ស្រាប់តែមានអារម្មណ៍អផ្សុក” ឬ “ទំនេរៗ មិនដឹងជាធ្វើអី?”។ ប្រយោគទាំងអស់នេះ ប្រហែលជាធ្លាប់កើតឡើងក្នុងអំឡុងជីវិតនៅលីវរបស់មនុស្សជាច្រើន តែបើអ្នកបានរៀបការរួចហើយ សូមប្រាប់ទៅចុះថា ប្រយោគទាំងអស់នោះ នឹងបាត់អស់បន្តិចម្ដងៗជាមិនខាន។ ការរៀបការនឹងក្លាយជាអ្វីមួយ ដែលចូលមកបំពេញបន្ថែមជីវិតរបស់អ្នក ឱ្យរឹតតែមានអត្ថន័យខ្លាំងឡើង វានឹងធ្វើឱ្យអ្នកបានដឹងថា អ្នកមានជីវិតដើម្បីអ្វី និងដើម្បីអ្នកណា។

ការពិតទៅ ការរៀបអាពាហ៍ពិពាហ៍ ក៏មិនមែនមានតែចំណុចល្អទាំងអស់ដែរ ព្រោះអ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ សុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់ទាំងអស់ តែយ៉ាងហោចណាស់ ក៏អ្នកមានមនុស្សម្នាក់នៅក្បែរ ដែលត្រៀមខ្លួនជាស្រេចក្នុងការកែសម្រួល និងកែខៃចំណុចមិនល្អជាមួយនឹងរូបអ្នកដែរ។ ងាកមកបើកបេះដូង ទទួលយកនរណាម្នាក់ឱ្យចូលមក សាក-លមើល៍…ជួនកាលអាចនឹងជួបអ្នកដែលគេស្រឡាញ់យើងពិត ហើយមនុស្សម្នាក់នោះ ក៏ព្រមក្នុងការជួយផ្លាស់ប្ដូរជីវិតយើងជាថ្មី ក៏អាចថាបានដែរណា៎…៕

Warm toned portrait of modern young couple talking to each other sincerely while sitting on floor in cozy home interior, copy space
×