Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតយុទ្ធជន​ចំនួន ២៩២ នាក់ នៅ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ត្រូវបានធ្វើ​ពិធី​បំពាក់​មេដាយ​ការពារជាតិ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​

​ស្វាយរៀង ៖ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា​បាន​មានប្រសាសន៍​យ៉ាងច្បាស់​ថា បងប្អូន​អតីតយុទ្ធជន ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់​នៅ​ទូទាំងប្រទេស បាន​ចូលរួម​លះបង់​អាយុជីវិត​ប្ដូរ​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​តស៊ូ​រំដោះជាតិ​មាតុភូមិ ឲ្យ​រួច​ផុតពី​របប​បន​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែង​បែបនេះ ខណៈ​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​បំពាក់​មេដាយ​ជូន​អតីតយុទ្ធជន​កម្ពុជា​ម​ក​ពី ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្តស្វាយរៀង​ចំនួន​២៩២ នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ចន្ទ្រា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ពាំនាំ​ការផ្ដើម​ផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​លោក បានលើកឡើង​អំពី​គម្រូ​វីរភាព​របស់​សម្តេច​ទាំង​ទ្វេរ ដែលជា​និច្ច​ជា​កាល តែងតែ​គិតគូរ​ដល់​សុខទុក្ខ​អតីតយុទ្ធជន​របស់​យើងទាំងអស់គ្នា ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការគិតគូរ​អំពី​របប​សន្ដិសុខ​សង្គម​ប្រចាំខែ ជូន​អតីតយុទ្ធជន គិតគូរ​ពី​ការបាត់បង់​សមត្ថភាព​ការងារ និង​ពិការភាព និង​ការគិតគូរ​អំពី​ប្រសិទ្ធភាព នៃ​នីតិវិធី​ផ្ដល់ប្រាក់​របប ឧបត្ថម្ភ​ផ្សេងៗ ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព សំដៅ​លើក​កំពស់​ជីវភាព​បងប្អូន អតីតយុទ្ធជន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក៏ដូចជា ការលើកទឹកចិត្ត​ដល់​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន​កម្ពុជា​។​

​ការបំពាក់​មេដាយ​ការពារជាតិ​ជូន​អ​តី​យុទ្ធជន​កម្ពុជា​ទាំងនេះ កាន់តែ​បង្ហាញ​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ដ្រី និង​ប្រធាន​សមាគម​អ​តី​យុទ្ធជន​កម្ពុជា មិនដែល​បំភ្លេច​គុណបំណាច់​របស់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា សេចក្ដីសុខ សុភមង្គល​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ឱ្យមាន​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​។ សន្ដិភាព​ដែលនាំឱ្យ​កម្ពុជា មានការ​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ដ៏​ធំធេង​របស់​យុទ្ធជន​យើង ដែល​គុណូបការៈ​នេះ​យើង​ម្នាក់ៗ មិនអាច​បំភ្លេច​បានទេ​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​អតីតយុទ្ធជន​ទាំងអស់​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​អោយបាន​គ្រប់គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ​បន្តបន្ទាប់​ទៀត​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍​និង​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

​សម្រាប់​អតីតយុទ្ធជន​ទាំងអស់ ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី​នោះ ក៏បាន​ទទួល​នូវ​ប្រាក់ឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល សា​រ៉ុង​១​និង​ក្រ​ម៉ា​១​ផងដែរ​៕ វ៉ៃ​កូ​

×