យុវវ័យប្រុសស្រីមួយក្រុម ដែលត្រូវបានដឹងថា សុទ្ធតែជាកូនមកពីគ្រួសារមានជីវភាពលំដាប់ និងគួរសម នៅក្នុងប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចឆ្មក់ចូលសណ្ឋាគារ រកឃើញពួកគេកំពុង «ហោះហើរ» ជាមួយគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងតែម្តង។
នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ នេះ ប៉ូលីសទីក្រុង Ninh Binh ខេត្ត Ninh Binh បានឲ្យដឹងថា នៅវេលាម៉ោង ៨៖០០ ព្រឹក ថ្ងៃទី៣០ ខែសីហា ភ្នាក់ងារបានទម្លុះចូលសណ្ឋាគារ Nam Khanh (ផ្លូវ Xuan Thanh សង្កាត់ Tan Thanh) ទីក្រុង Ninh Binh) ចាប់បានយុវជន និងក្មេងស្រីវ័យជំទង់ៗរាប់សិបនាក់ កំពុងផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន។
នៅពេលចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា ក្នុងបន្ទប់សណ្ឋាគារចំនួន ២៧ មានមនុស្សចំនួន ៦៦ នាក់ រួមទាំងភ្ញៀវ និងតារាចម្រៀង បានប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ប្រុស ២២ នាក់ ស្រី ៤៤ នាក់) ។ ជាមួយគ្នានោះ សមត្ថកិច្ចរឹបអូសបានភស្តុតាងស្ករគ្រាប់ ១៧ កញ្ចប់ បារីអេឡិចត្រូនិក សម្ភារប្រើប្រាស់គ្រឿងញៀនជាច្រើន និងកាំបិត៤ដើម។
តាមរយៈការធ្វើតេស្ដភ្លាមៗ ប៉ូលិសក្រុង Ninh Binh បានរកឃើញករណីវិជ្ជមាន សារធាតុញៀនចំនួន ៣៧ ករណី។
បច្ចុប្បន្ន នគរបាលក្រុង Ninh Binh កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

