ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ថា ៖ នាយទាហាននាយទាហានរងនិងពលទាហានវរៈសេនាតូចលេខ២០១ទាំងអស់ ត្រូវស្គាល់ពីផែនទីនិងតាំងភូមិសាស្ត្ររបស់ខេត្តស្វាយរៀងឱ្យបានច្បាស់ជៀសវាងមានការភ័ន្ទច្រឡំហើយត្រូវមានភារកិច្ចទទួលខុសត្រូវនៅតាមទីតាំងឈរជើងនីមួយៗឱ្យកាន់តែទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងបេសម្មជាក់ស្តែង។
លោកអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការពារព្រំដែននៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ២០១ថ្ងៃ ទី៦ ខែវិច្ឆិកាឆ្នាំ២០១៧នេះ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកមេបញ្ជាការ មេបញ្ជារងតំបន់សឹករងស្វាយរៀងលោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ២០១និងសិក្ខាកាមសរុប១០៥នាក់ដែលមានរយៈពេលហ្វឹកហ្វឺនចំនួន៤៥ថ្ងៃ។ លោកបានមានប្រសាសន៍បន្តទៀតថា នេះជាលើកទី២ហើយក្នុងនាមជាអភិបាលខេត្តស្វាយរៀងដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញដល់នាយទាហាន នាយទាហានរងនិងពលទាហានដែលកាលពីលើកទី១គឺបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបក្បាច់គុណ អប់រំចិត្តសាស្ត្រ ដែលបានប្រាព្ធធ្វើនៅទីបញ្ជាការសឹករងស្វាយរៀងនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៦កន្លងទៅ។
លោកអភិបាលខេត្តស្វាយរៀងក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺននេះឡើង ដែលវគ្គសិក្សានេះពិតជាមានសារៈសំខាន់ព្រមទាំងរួមចំណែកក្នុងការកសាងប្រភពធនធានមនុស្សក្នុងកងយោធពលខេមរៈភូមិន្ទ ដើម្បីពង្រឹងពង្រីកនូវសមត្ថភាពការពារបូរណភាពទឹកដី ការពារខ្សែរបន្ទាត់ព្រំដែននិងការពារជាតិមាតុភូមិផ្តល់ឱ្យសិក្ខាកាមគ្រប់រូបបានយល់ច្បាស់នូវយុទ្ធវិធីនិងជំនាញច្បាស់លាស់ពិតប្រាកដក្នុងកិច្ចការពារព្រំដែនធ្វើឱ្យយោធិនតាមបណ្តាកងអង្គភាព ដែលមានភារកិច្ចទទួលខុសត្រូវនៅតាមទីតាំងឈរជើងនីមួយៗកាន់តែទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងបេសកម្មជាក់ស្តែង។
លោក ម៉ែន វិបុល ក៏បានសំដែងនូវការកោតរសើរនិងវាយតំលៃខ្ពស់ចំពោះតំបន់ប្រតឹបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមនិងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗនិងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ និងការសហការទប់ស្កាត់បានមិនឱ្យមានបាតុកម្មអសកម្មណាមួយកើតឡើង នៅក្នុងអំឡុងពេលនៃចំណាត់ការរបស់រាជរដ្ឋាភិបាលទៅលើបុគ្គល កឹម សុខា និងគណបក្សសង្គ្រោះជាតិដែលកន្លងមកបានចេញញ្ញតិ្ត ចំនួន២ លើកគឺលើកទី១ ញ្ញត្តិគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលទៅលើបុគ្គល កឹម សុខា លើកទី២ ញ្ញត្តិថ្កោលទោសចំពោះការញុះញង់របស់ទណ្ឌិត សម ង្ស៊ី ដែលបានអំពាវនាវឱ្យកងកំលាំងបង្វែរចុងការណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលទាំងអស់នេះពិតជាបានបង្ហាញឱ្យឃើញពីឆន្ទះនិងភក្តីភាពដ៏មោះមុតរបស់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ក្នុងការការពារសន្តិភាពនិងសន្តិសុខរបស់ប្រទេសជាតិ ការពាររាជរដ្ឋាភិបាលនិងប្រឆាំងដាច់ខាតចំពោះបុគ្គលណា ឬ ក្រុមណាដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកម៉ែន វិបុល ក៏បានក្រើនរំលឹកឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រនិងស្តាប់គ្រូឧទ្ទេសនាមដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតយកទៅអនុវត្តជាក់ស្តែងឱ្យទទួលបានលទ្ធផលជោគជ័យនឹងទទួលបានចំណេះដឹងថ្មីៗជាប្រយោជន៍សំរាប់ការបំពេញតួនាទីប្រចាំថ្ងៃបម្រើជាតិ មាតុភូមិ និងប្រជាជន៕វ៉ៃកូ